Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋី​អាមេរិក កប់​កំណប់​នៅលើ​ភ្នំ ជាហេតុ​នាំ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់ តាម​ប្រមាញ់​រក​

spot_img

Forrest Fenn បាន​កប់​កេស​មួយ​ដែល​មាន​ផ្ទុក​នូវ​កំណប់ទ្រព្យ នៅលើ​ភ្នំ ប៉ុន្តែ​ពុំ​មាន​អ្នកណា​ដឹង​ទីតាំង​ពិតប្រាកដ​របស់​វា លើកលែង​តែ​លោក​ចេញ​។​

​លោក Forrest Fenn នៅ​គេហដ្ឋាន​របស់​ខ្លួន​នៅ​រដ្ឋ New Mexico នា​ឆ្នាំ ២០១៤​។​

​តាម CNBC លោក Fenn អាយុ ៨៦​ឆ្នាំ គឺ​ជា​អតីត​អ្នកបើកបរ​យន្តហោះ​ម្នាក់ ក្រោយមក​លោក​ជា​អ្នកជំនួញ​គំនូរ ។ លោក​បាន​ប្រកាសថា លោក​បាន​កប់​កេស​មួយ​ដែល​មាន​ផ្ទុក​វត្ថុ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១០ នៅលើ​កំពូលភ្នំ​មួយ​ស្ថិតក្នុង​ជួរ​ភ្នំ Rocky ដែល​មាន​ចម្ងាយ​ប្រមាណ ១៦០០Km ស្ថិតនៅ​ចន្លោះ​ទីក្រុង Santa Fe, New Mexico និង​ព្រំដែន​កាណាដា ។ លោក Fenn ពោល ៖ ប្រសិនបើ​ថ្ងៃស្អែក​ខ្ញុំ​ស្លាប់​ទីតាំង​ឃ្លាំង​ទ្រព្យ​ក៏​នឹង​ទៅ​ជាមួយ​ខ្ញុំ ។​

​លោក​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស​ប្រមាណ ៣៥០.០០០​នាក់ បាន​តាម​ប្រមាញ់​រក​ឃ្លាំង​ទ្រព្យ​នេះ ហើយ​លោក​ក៏​ពុំ​ដឹងថា មាន​អ្នក​ណា​រកឃើញ​វា​ហើយ​ឬ​នៅទេ ។ លោក​ពោល​បន្ថែម វា​អាច​ត្រូវបាន​រក​ឃើញ​ក្នុង​ពេល​ឆាប់ៗ ឬក៏​អាច​ដល់​ទៅ ១០០០​ឆ្នាំ​ទៀត​ក៏​ថា​បាន​។​

​តម្រុយ​នៃ​កន្លែង​កប់​កំណប់​នេះ ស្ថិតនៅ​ក្នុង​កំណាព្យ ២៤​បន្ទាត់ ដែល​លោក Fenn បាន​សរសេរ​ក្នុង​កំណត់​ហេតុ​ដែល​បោះពុម្ពផ្សាយ​ដោយ​ខ្លួនឯង ។ ក្នុងនោះ​មាន​ពាក្យពេចន៍​ជាអាទិ៍ ៖ ចាប់ផ្តើម​ពី​កន្លែង​មាន​ចរន្តទឹក​ក្តៅ​ឈប់​ហូរ រួច​ឆ្ពោះ​ចុះ​ទៅ​ច្រក​ភ្នំ ។ មិន​ឆ្ងាយ ប៉ុន្តែ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​បាន ។ ដាក់​នៅ​ក្រោមផ្ទះ​របស់ Brown….. លោក​បញ្ជាក់​ប្រាប់ថា ៖ “​គប្បី​អាន​ឲ្យបាន​ច្រើនដង​នូវ​តម្រុយ​ក្នុង​កំណាព្យ​របស់ខ្ញុំ ហើយ​សិក្សា​ផែនទី​របស់​ភ្នំ Rocky ចូរ​អ្នក​គួបផ្សំ​កត្តា​ទាំងពីរ​នេះ ។​

​នៅក្នុង​កេស​កំណប់ទ្រព្យ​នេះ មាន​ទំហំ​ជិត​១​ម៉ែត្រការ៉េ និង​មាន​ទម្ងន់ ១៨​គីឡូក្រាម ។ នៅក្នុង​នោះ​មាន​ផ្ទុក​ត្បូងថ្ម​មានតម្លៃ កាក់​មាស ត្បូង​ទទឹម និង​ពេជ្រ​។ របស់​ទាំងនោះ​ត្រូវបាន​លោក Fenn ជា​អ្នក​ច្នៃ ហើយ​សន្សំ​បានមក​ក្នុង​ដំណើរ​រកស៊ី​ផ្សងគ្រោះថ្នាក់​នៅ​តំបន់​និរតី ប្រទេស​អាមេរិក ។​

​លោក Fenn ចាប់ផ្តើម​ប្រមែប្រមូល​វត្ថុ​មានតម្លៃ​ដូច​ពោល​ខាងលើ​ដាក់ចូល​ក្នុង​កេស​នោះ ក្រោយ​ពេល​លោក​ដឹងថា ខ្លួន​មាន​ជំងឺមហារីក​នៅ​ឆ្នាំ ១៩៨៨ ។ លោក​មាន​បំណង​នឹង​បញ្ចុះ​វា​នៅលើ​ភ្នំ​ជាមួយ​ខ្លួន​លោក ។ ប៉ុន្តែ​ក្រោយមក​ជំងឺ​លោក​ត្រូវបាន​ព្យាបាល​ជា ហើយ​លោក​ក៏​ទុក​កេស​នោះ នៅក្នុង​បន្ទប់ក្រោមដី​នា​គេហដ្ឋាន​របស់​ខ្លួន ។ មាន​ប្តី​ប្រពន្ធ​មួយគូ បានបញ្ជាក់​ថា ពួក​ធ្លាប់​ឃើញ​វត្ថុ​មានតម្លៃ​យ៉ាងច្រើន ក្នុង​កេស​នោះ ។​

​ទិដ្ឋភាព​ឧទ្យាន​ជាតិ​ភ្នំ Rocky

​ក្រោយមក​លោក Fenn សម្រេច​យក​វា​ទៅ​លាក់ទុក រួច​ប្រកាស​ជា​សាធារណៈឲ្យ​គេ​តាម​រក​នៅ​អំឡុង​ពេល​ផ្ទុះ​ឡើង​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០៩ ។ លោក​បកស្រាយ​ថា ៖ មនុស្ស​ជាច្រើន​ពុំ​មាន​ការងារ​ធ្វើ​ភាព​អស់សង្ឃឹម​បាន​គ្របដណ្តប់​ពេញ​ផ្ទៃ​សារព័ត៌មាន ហើយ​ខ្ញុំ​គ្រាន់តែ​ប៉ងប្រាថ្នា ផ្តល់​ឲ្យ​មនុស្ស​គ្រប់រូប​នូវ​ក្តីសង្ឃឹម​មួយ​ទោះបី​តិចតួច​ក៏ដោយចុះ ។

​ជា​ការពិត​ណាស់​ចរន្ត​មនុស្ស​តាម​ប្រមាញ់​រក​ឃ្លាំង​ទ្រព្យ​របស់ Fenn បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ ក្នុង​អំឡុងពេល​នោះ លោក Fenn ប្រាប់ថា ៖ មាន​មនុស្ស​ជាច្រើន​បាន​ទូរស័ព្ទ​មក​ជួប​ខ្ញុំ ហើយ​គំរាម​ឲ្យ​ខ្ញុំ​ប្រាប់​ពី​កន្លែង​លាក់​កំណប់ ពុំនោះសោត​គេ​នឹង​សម្លាប់​ខ្ញុំ ។ មកទល់ពេលនេះ មាន​មនុស្ស​យ៉ាងតិច ៤​នាក់ បាន​ស្លាប់​ក្នុង​ដំណើរ​ស្វែងរក​កំណប់​របស់ Fenn ។ ប្រការនេះ បាន​ធ្វើឲ្យ​មាន​ចរន្ត​អំពាវនាវ​ឲ្យ​លោក​បញ្ចប់​បញ្ហា​កំណប់​នេះ​ទៅ ។ ប៉ុន្តែ Fenn បាន​បដិសេធ ដោយ​គ្រាន់តែ​បង្ហើប​ប្រាប់​បន្ថែម​ពី​តម្រុយ​ខ្លះៗ​ទៀត ក្នុង​ប្លុក​របស់ខ្លួន ដើម្បី​ជួយ​ឲ្យ​អ្នក​តាមរុ​ករកមាន​សុវត្ថិភាព ។​

​លោក​ពោល​ប្រាប់​បន្ថែមថា ៖ កេស​កំណប់​នេះ​មិន​ស្ថិត​នៅក្រោម​ទឹក ហើយក៏​មិន​នៅ​កៀក​ទន្លេ Rio Grande ។ អ្នក​ពុំ​ចាំបាច់​គាស់កកាយ​ដុំថ្ម​ធំៗ ឬ​តោង​ឡើង​ទួល​ចំណោត​ធ្វើ​អ្វី ចូរ​គិតថា​ខ្ញុំ​មាន​អាយុ​ជាង ៨០​ឆ្នាំ​ហើយ ។ នៅពេលដែល​ខ្ញុំ​បើកឡាន​នាំយក​កេស​គ្រាប់​នោះ​ទៅ​លាក់ទុក​។ ខ្ញុំ​ជឿថា ការតាមប្រមាញ់​រក​នេះ​ពិតជា​នាំមក​នូវ​ភាព​រីករាយ​សម្រាប់​អ្នក​ទាំងអស់​គ្នា ៕

spot_img
×