Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃ នាថ្ងៃទី១៨ ខែធ្នូ

spot_img

CAMSOC-ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា នៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនតំណាងឲ្យរដ្ឋាភិបាលចិន ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្រោងនឹងរៀបចំកម្មវិធី៣បញ្ជូលគ្នា គឺទី១-ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាតិមរតកតេជោ, ពិធីអបអរសាទរពិធីរាប់ថយក្រោយ ៥០០ថ្ងៃ និងការប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។ ដូច្នេះចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ការផ្សព្វផ្សាយនឹងត្រូវចាប់ផ្តើម ដោយត្រូវរួមគ្នាគ្រប់សមាសភាពក្រសួងស្ថាប័ន បូកជាមួយការងារបរទេស ការងារកីឡា ការទូតក្រៅប្រទេសនឹងត្រូវផ្គុំគ្នាក្នុងសំឡេងតែមួយ ជួយគាំទ្រ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព»។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ទាំងអស់នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់ការកត់ត្រាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ផង និងជាកំណត់ត្រាមួយប្រចាំឲ្យប្រវត្តិក្នុងការសាងសាង់ពហុកីឡដ្ឋានជាតិមរតកតេជោផង។ នៅក្នុងកម្មវិធីដ៏ធំនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺមានកម្មវិធីច្រើន ដូចជាការកាត់ខ្សែបូរសម្ពោធ ការបង្ហាញកីឡា ការសម្តែងសិល្បៈវប្បធម៌ បង្ហាញអំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន និងមានបទចម្រៀងក្នុងកម្មវិធីអបអរនេះផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានឯកភាពនូវគម្រោងសម្រាប់ការចូលរួមក្នុងកម្មវិធីនេះ មានចំនួន ១៥,០០០នាក់ ដោយដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។ ក្នុងចំនួននេះ គឺមានជាង ១,០០០នាក់ ជាសិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលត្រូវសម្តែងបង្ហាញ នៅលើទីលានបាល់ទាត់នៃវិមានកីឡដ្ឋាន ដោយទិដ្ឋភាពនេះនឹងបង្ហាញចេញនូវភាពអស្ចារ្យ ជាពិសេស គឺការផ្សព្វផ្សាយដោយផ្ទាល់ពីបណ្តាញទូរទស្សន៍ទាំងអស់។

«ឯកឧត្តមបណ្ឌិត ថោង ខុន ដែលជាថ្នាក់ដឹកនាំមានបទពិសោធន៍ខ្ពស់ ក្នុងព្រឹត្តិការណ៍ធំៗ ទាំងទេសចរណ៍ ទាំងកីឡា គឺឯកឧត្តមបណ្ឌិតតែងតែចង្អុលបង្ហាញពីភាពល្អិតល្អន់បំផុតនូវតួនាទីភារកិច្ចចាប់ពីចំណុចសូន្យ ដល់ចំណុចបញ្ចប់។ ដូច្នេះអ្វីដែលឯកឧត្តមបណ្ឌិត ថោង ខុន បានដាក់ចេញគឺគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ប្តេជ្ញាចិត្តធ្វើឲ្យបាន ដើម្បីធ្វើឲ្យកម្មវិធីជាប្រវត្តិសាស្ត្រថ្មី ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានដំណើរការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យស័ក្តិសមនឹងវិមានកីឡដ្ឋានដ៏មហិមា និងឲ្យស័ក្តិសមនឹងការចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជូនកម្ពុជា»។ នេះជាការបញ្ជាក់ជូនបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×