Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ប្ដេជ្ញាអនុវត្តសុខភាពជាតិជាអាទិភាព ក្នុងយុទ្ធសាស្ត្រដំណាក់កាលទី៤ និងកិច្ចសន្ទនាស្ថាបនា គ្រប់តួអង្គ

spot_img

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រសួងសុខាភិបាល បានអនុវត្តផែនការយុទ្ធសាស្រ្តសុខាភិបាល ៣ដំណាក់កាលកន្លងមក សម្រេចបាននូវលទ្ធផលសុខភាពគួរឱ្យកត់សំគាល់ ជាពិសេសបានធ្វើឱ្យប្រសើរឡើង នូវសូចនាករស្នូលរបស់សុខភាពមាតា ទារក និងកុមារ ជំងឺឆ្លង និងជំងឺមិនឆ្លង ឈានដល់ការសម្រេចបានវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍សហសវត្ស។

ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសុខាភិបាល ដំណាក់កាលទី៤ ឆ្នាំ២០២២-២០៣០ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងគោលបំណង ដើម្បីពិភាក្សា និងប្រមូលធាតុផ្សំសំខាន់ៗ អនុវត្តយុទ្ធសាស្រ្តសុខាភិបាល ដំណាក់កាលទី៤ ឱ្យកាន់តែល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងមានសុក្រឹតភាព។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ក្រៅពីលទ្ធផលផ្លែផ្កាក្នុងដំណាក់កាលទី ៣ ខាងលើ ក្រសួងបាននិងកំពុងពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ ប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព និងការរក្សាបាននូវនិរន្តរភាពនៃការផ្តល់សេវាថែទាំសុខភាពសារវ័ន្តជាប្រចាំជូនប្រជាពលរដ្ឋ នៅក្នុងបរិបទនៃការរាតត្បាតដោយជំងឺកូវីដ-១៩។

ដូច្នេះ ៨ឆ្នាំទៅមុខទៀត ក្នុងយុទ្ធសាស្ត្រដំណាក់កាលទី៤ របស់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដែលពាក់ព័ន្ធទាំងអស់ នឹងខិតខំកសាងស្នាដៃ ការអនុវត្ត ឈរលើមេរៀនជាបទពិសោធន៍ នៅក្នុងបរិបទនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យបានរួចរាល់តាមការគ្រោងទុក។

ក្រសួងសុខាភិបាល ត្រៀមខ្លួនជានិច្ច ធ្វើយ៉ាងណាអនុវត្តគោលនយោបាយសុខាភិបាលជាអាទិភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញរបៀបវារៈនៃការអភិវឌ្ឍសុខភាពជាតិ ជាមួយនឹងពេលវេលាកំណត់ ព្រមទាំងបន្តនូវឱកាសសម្រាប់កិច្ចសន្ទនាក្នុងន័យស្ថាបនា រវាងក្រសួងសុខាភិបាល និងតួអង្គសំខាន់ៗក្នុងវិស័យសុខាភិបាល និងលើសពីនេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យរួមគ្នាឡើងវិញ និងយល់ច្បាស់អំពីទិសដៅ និងយុទ្ធសាស្ត្រសម្រាប់បន្តពង្រឹងការអនុវត្តប្រព័ន្ធសុខាភិបាលនាពេលខាងមុខ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×