ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានបើកសវនាការ ជំនុំជម្រះ លើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទម្នាក់ ជាប់ពាក់ ព័ន្ធនឹងការជួញដូរគ្រឿងញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០២០ នៅភុមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោក គង់ ស្រុីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ ធី ណារាជ្យ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងសំណង់ ។
ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ចាមផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់៥ឆ្នាំ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
តែគាត់ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកដដែល។ គាត់ ក៏បន្តប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ នៅភូមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀន ២ កព្ចាប់ មានទម្ងន់សរុប ២៤, ៤០ ក្រាម ។
នាពេលសវនាការ ជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទមែន ។
ជនជាប់ចោទ ធី ណារាជ្យ បានសំណូមពរដល់តុលាការ ជួយបន្ធូរបន្ថយទោសគាត់ផង។
តុលាការកំពូលនឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា