Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ទេសចរ​ព្រួយបារម្ភខ្លាច​ខេត្ត​ព្រះសីហនុ​ នឹងមិនមាន​​ឆ្នេរ​សមុទ្រ​​​សម្រាប់​លំហែ ​និង​ចុះ​ងូត​​​ទឹក​​កម្សាន្ត​ឲ្យ​បាន​​​​​​​ទូលំ​ទូលាយ​​​​ដូច​​ពេល​​មុន​ទៀត​​ទេ​​

spot_img

ខេត្ត​ព្រះសីហនុ៖ ​ភ្ញៀវ​ទេសចរ​ចម្រុះជាតិសាសន៍ ​ពិសេសភ្ញៀវជាតិ បង្ហាញការ​ព្រួយបារម្ភខ្លាចទៅថ្ងៃអនាគត ខេត្ត​ព្រះសីហនុ មិន​មាន​ឆ្នេរខ្សាច់

ឬឆ្នេរ​​​សមុទ្រ​សម្រាប់​សម្រាកលំហែ ឬចុះងូតទឹកកម្សាន្តឲ្យបាន​ទូលំ​ទូលាយ​ទៀតទេ ​​ព្រោះពេលនេះ​ឆ្នេរ​សមុទ្រ​ភាគ​ច្រើន​​ ត្រូវ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និងរាជ​​​រដ្ឋាភិបាល​កម្ពុជា ​បាន​វិនិយោគ​ទៅ​ឲ្យក្រុម​ហ៊ុន​អភិវឌ្ឍ​សង់​សណ្ឋាគារធំៗ ​និងហ៊ុម​ព័ទ្ធរបង​បិទឆ្នេរសកមុទ្រ​ ​មិន​ឲ្យមនុស្ស​ដើរ​ឆ្លង​​កាត់​ជា​ចំហ​ទៀតទេ។

ភ្ញៀវទេសចរជាតិ ដែលចូលទៅ​ទស្សនា​ខេត្តព្រះសីហនុ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ​បានឲ្យ​ដឹងថា ​​ឃើញ​​​ឆ្នេរ​សមុទ្រ​ភាគ​ច្រើន​នាខេត្ត​ទេសចរណ៍​មួយនេះ ត្រូវ​ក្រុមហ៊ុនឯកជន​សំណង់​សំណង់​ធំស្កឹម​ស្កៃ​ប្រណិតៗ​ជា​ច្រើន​ និង​សង់នៅ​ជាប់​ឆ្នេរសមុទ្រ ហើយបាន​ហ៊ុមព័ទ្ធ​របង​មិន​​ឲ្យ​ប្រ​ជា​ពលរដ្ឋ ឬភ្ញៀវ​ទេសចរដើរ​ឆ្លង​កាត់​នោះ​ទេ។

បញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រាល់សំណង់​សណ្ឋាគារ​ខ្នាតធំ ឬ​លំដាប់ផ្កាយ​ទំនើប​ៗ​ ដែលកំពុងសាង​សង់នៅ​តាម​ឆ្នេរសមុទ្រនាមូលដ្ឋាននេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​​មានការងារធ្វើ និងមានប្រាក់បៀវត្សន៍ខ្ពស់​ជួយ​បង្កើន​ប្រាក់​ចំណូល​​​គ្រួសារ​​របស់ពួកគេ ឲ្យ​មាន​ភាពរីក​ចំរើន​នាថ្ងៃអនាគត។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលសង្គម ​ព្រួយ​បារម្ភ​ថា ខ្លាចទៅថ្ងៃអនាគត ខេត្តព្រះសីហនុ នឹង​មិន​មានឆ្នេរ​សមុទ្រ​ ​សម្រាប់​ផ្តល់​ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែលចូលទៅទស្សនា ឬ​សម្រាក​លំហែ ​និងងូត​ទឹក​សមុទ្រ​​ឲ្យ​បានធំ​ទូលំ​ទូលាយ​​​ទៀតទេ។

ចំណុចនេះ ក្រុមអ្នកឃ្លាំមើលសង្គម ​បានកត់សម្គាល់ថា បច្ចុប្បន្នភាព នៃឆ្នេរសមុទ្រ ឬឆ្នេរខ្សាច់ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ ដែល​​ត្រូវ​បាន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុអាណត្តិនេះ បានបើករបងហ៊ុំព័ទ្ធ​ឆ្នេរ​សមុទ្រ​ប្រមាណ ២ឆ្នាំ​​មុន​នេះ ប៉ុន្តែបច្ចុប្បន្ន​ត្រូវ​បានបិទ​របង និង​ត្រូវ​រាជ​រដ្ឋាភិបាល ក៏ដូច​ជារដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បានវិនិយោគ ទៅឲ្យ​ក្រុម​​ហ៊ុន​ឯក​ជន ដើម្បី​អភិវឌ្ឍសង់​សណ្ឋា​គារ​​ធំៗ​ មាន​រយៈ​ពេលវែង ដែល​នាំឲ្យ​ឆ្នេរ​សមុទ្រ​នា​ខេត្តទេស​ចរណ៍​មួយនេះ​រួមតូច​ចង្អៀត​។

​​អ្នក​ឃ្លាំ​មើល​សង្គម​មួយ​ចំនួន បាន​​កត់​សម្គាល់​ថា នៅ​ក្នុង​អាណត្តិ ​ដែល ​លោក យន្ត​ មីន ​បាន​មក​ដឹកនាំ​ជា​អភិ​បាល​ខេត្តព្រះសីហនុ គឺ​ឆ្នេរ​សមុទ្រ​​ភាគ​ច្រើន​​នាមូលដ្ឋានេះ ត្រូវ​បាន​វិនិយោគទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ ហើយ​ត្រូវ​ក្រុមហ៊ុន​​វិនិយោគ​ទាំងនោះ បានហ៊ុមព័ទ្ធរបងថ្ម និងដែករឹងមាំ មិនឲ្យ​ភ្ញៀវ​ទេសចរ ឬមិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ឆ្លងកាត់​​ទៀតទេ។

ផ្តើមពីបញ្ហានេះ ទាំងប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ បាន​បង្ហាញការព្រួយបារម្ភថា ខ្លាចទៅថ្ងៃអនាគត ខេត្ត​ព្រះសីហនុ នឹងមិន​មាន​ឆ្នេរខ្សាច់ ឬឆ្នេរ​សមុទ្រ​​​ សម្រាប់​ផ្តល់ជូនភ្ញៀវទេសចរ ដែលចូលមក​ទស្សនា​ខេត្តនេះ ​សម្រាក​លំហែ​លើ​ឆ្នេរខ្សាច់ និង​ចុះ​ងូតទឹកសមុទ្រ ឲ្យ​បានទូលំ​ទូលាយ​ទៀត​ទេ ព្រោះត្រូវ​បាន​រដ្ឋ​បាល​ខេត្ត​ព្រះសី​ហនុ​ ពិសេស​រាជរដ្ឋាភិបាល ​បាន វិនិយោគ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជនស្ទើរទាំងស្រុងអស់ទៅ។

ភ្ញៀវទេសចរជាតិ ឲ្យដឹងថា បច្ចុប្បន្ននេះ​​ឃើញឆ្នេរសមុទ្រ ឬឆ្នេរខ្សាច់មួយចំនួននាខេត្តព្រះសីហនុ រួមមាន៖ ឆ្នេរ​សមុទ្រ​នៅ​ទល់មុខ​​បរិវេណ​សាលា​ខេត្ត​ព្រះសីហនុ ចាប់ពីឆ្នេរថ្មី ឆ្នេរប៉ោកី ឆ្នេរមាស ឆ្នេរជ័យជំនះ​ឆ្នេរ​ហាវៃ ឆ្នេរ​លំហែ​កាយ ឆ្នេរ​ឯក​រាជ្យ និងឆ្នេរសុខាជាដើម ត្រូវក្រុម​ហ៊ុន​សង់​សំណង់​​សណ្ឋាគារធំស្កឹមស្កៃ នៅ​ជាប់​ឆ្នេរ​សមុទ្រ និង​ធ្វើ​របង​ហ៊ុម​ព័ទ្ធឆ្នេរ​មិនឲ្យមនុស្សដើរឆ្លងកាត់នោះ​ទេ។

ចំណុចនេះ ក្រុមមន្ត្រី​ឃ្លាំមមើល​សង្គម​ និងភ្ញៀវទេសចរ​ជាតិ បានបង្ហាញ​ទស្សនៈដ្រដៀងគ្នា​ថា មិនជំទាស់​ផែន​ការ​អភិវឌ្ឍ ​​របស់​រាជរដ្ឋា​ភិបាល ​និងរដ្ឋបាលខេត្តព្រះសីហនុទេ ដែល​បានខិតខំស្វែងរកអ្នក​វិនិយោគ​ទុនធំៗ ពិសេស​អ្នក​វិនិយោគទុនចិន ​ឲ្យ​ចូល​មក​អភិវឌ្ឍ​មូល​ដ្ឋាន​នេះ​ទេ ​ប៉ុន្តែ​គួរ​​ឲ្យ​​​ការផ្តល់​សិទ្ធិវិនិ​យោគ​ទាំង​នោះ កុំឲ្យ​​ប៉ះពាល់ ឬបំផ្លាញ​ដល់ឆ្នេរសមុទ្រ​ខេត្តព្រះសីហនុ ​ដែល​ជាប់​ចំណាត់​ថ្នាក់​ ជាឆ្នេរ​ស្រស់​ស្អាតលំដាប់​ពិភព​​លោក ប៉ុន្តែ​បែរ​ជាឆ្នេរសមុទ្រ​ត្រូវ​រួម​តូចចង្អៀត ឬមិន​មានឆ្នេរសមុទ្រ ឲ្យបាន​ទូលំ​ទូលាយ សម្រាប់ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ ជាតិ​​អន្តរ​ជាតិ ​ដែល​ចូល​​មក​ទស្សនាមូល​ដ្ឋាននេះ​នា​ថ្ងៃអនាគត។

ឆ្លើយ​តបញ្ហានេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន នាពេល​កន្លងមកធ្លាប់​ផ្តល់សម្ភាសឲ្យ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ថា ​រដ្ឋបាលខេត្ត ​ក៏ដូចជា​សម្តេច​​ប្រមុខដឹក​នាំរាជរដ្ឋាភិបាល បានខិតខំស្វែងរកអ្នកវិនិយោគធំៗ ឲ្យចូល​មក​បណ្តាក់​ទុន ឬបង្កើតមុខ​របររកទទួលទាន សម្រាប់ប្រ​ជាពលរដ្ឋ និងយុវជន ឲ្យមានការងារធ្វើបង្កើន​ប្រាក់​ចំណូល​គ្រួសារឲ្យរីកចំរើន​នាថ្ងៃខាងមុខ។

លោក យន្ត មីន ​បញ្ជាក់ថា អ្នក​វិនិយោគធំៗ​ភាគច្រើន​បានវិនិយោគ​ទៅលើសំណង់សណ្ឋា​គារ​ប្រណិតៗ លើ​គម្រោង​វិនិយោគ​រាប់​រយលានដុល្លារ​សហរដ្ឋអាមេរិក ដើម្បីជម្រុញឲ្យខេត្តព្រះសីហនុ មានការរីកចំរើន​បាន​ឆាប់ ឲ្យ​ស្រប​តាម​គោល​នយោបាយ របស់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​បានដាក់ចេញ។

ត្រង់​ចំណុចនេះ លោក​ យន្ត មីន មានជំនឿមុតមាំថា តាមរយៈសំណង់អាគារធំស្កឹមស្កៃ ឬប្រណិតៗ រីកដូច​ផ្សិត​ជា​ច្រើន​អាគារ​ ដែល​កំពុងសាង​សង់​​រាល់ថ្ងៃនេះ នឹងអាច​ជួយ​​ឲ្យ​ប្រជាពលរដ្ឋ ពិសេសយុវ​ជន​​រស់​នៅ​ខេត្ត​ព្រះសីហនុ និង​មកពីបណ្តាខេត្តផ្សេងៗ ​មានការងារធ្វើមានប្រាក់​បៀ​វត្សន៍​ ​​ដើម្បី​រួមចំណែក​បង្កើន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​មាន​ការរីក​ចម្រើន​​នៅតាមគ្រួសារនិមួយៗជាក់ជា​មិនខាន​។

​​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ រួម​មាន៖ ​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវបាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរសមុទ្រ​ ដែល​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក កាល​​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕​ ដែន សីមា

     

spot_img
×