Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សា និងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រឡាយមេ និងប្រព័ន្ធលូនានាឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោត បានស្រកចុះ

spot_img

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោត បានគំ.រាមកំ.ហែង និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់ កុំឲ្យមានការគំរាមកំហែង ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះ នៅបណ្តាឆ្នាំក្រោយៗទៀត។

ការជំរុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែលលោក បានដឹកនាំមន្ត្រីជំនាញសាលារាជធានី និងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាប្រឡាយមេ ផ្លូវមួយចំនួននិងនៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ធ្នូ២០២១នេះ។

នៅព្រឹកថ្ងៃទី០២ធ្នូនេះ ឯកឧត្តមឃួង ស្រេង បានចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោ។ ជុំវិញការចុះពិនិត្យទីតាំងនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យស្ថាបនាលូជាមុនសិន ស្ថាបនាផ្លូវតាមក្រោយដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ ។ គិតត្រឹមថ្ងៃទី០២ ធ្នូនេះ បើតាមមន្ត្រីជំនាញថា ការដាក់បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការងារ ដាក់លូ ទំហំ១ម៉ែត្រ៥០គុណ២ម៉ែត្រ បានប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០%ហើយ។ ចំពោះកាងារដាក់លូ ទំហំ១ម៉ែត្រ ក្រមការងារដាក់លូបានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥%។

បន្ទាប់មកទៀត ឯកឧត្តមឃួង ស្រេង ក៏បានចុះពិនិត្យ ស្ថានភាព ប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិគំរៀង ក្នុងសង្កាត់ព្រៃវែង។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការដោះទឹក ចេញពីផ្លូវជាតិលេខ៣ ចូលមកបឹងជើងឯក ដែលមានប្រវែង ១២គីឡូម៉ែត្រ ។ ពាក់ព័ន្ធនឹងប្រឡាយមេនេះ ឯកឧត្តមឃួង ស្រេងបានស្នើឲ្យ មន្ត្រីជំនាញនៃមន្ទីរជំនាញលើកជាគម្រោងដើម្បីស្ថាបនាស្ពាន នៅក្នុងភូមិកំរៀងសង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វាទឹកផងដែរ។ ប្រឡាយនេះជាគម្រោងនិងធ្វើការស្ដារ ឲ្យបានទទឹងពី១៥ទៅ១៦ម៉ែត្រ។ បន្ទាប់ពីនេះទៀតលោកឃួង ស្រេងក៏បាន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀត នៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញនិងស្ថាបនាឲ្យបានធំ និងខ្ពស់ជាងមុន។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ថានភាពទឹកព្រែកត្នោតពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើង ដោយសារមានការអភិវឌ្ឍច្រើន នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឲ្យទឹកហូរចូលមកទឹកស្ទឹងព្រែកត្នោតតែមួយ ។ ដូច្នេះហើយទើបកំពស់ទឹកកើនឡើងជាលំដាប់។ ដោយហេតុនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ និងលើកជាទំនប់តាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតនេះ ឲ្យបានខ្ពស់ជាងមុនធ្វើយ៉ាងណាទប់ស្កាត់ ការលិចលង់ឲ្យបាននៅឆ្នាំក្រោយៗទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×