Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកវិទ្យាចម្រោះទឹកស្អាត និងជំនួយបច្ចេកទេស របស់អូស្ត្រាលី ដើម្បីផ្តល់ទឹកស្អាតដល់គ្រប់គ្នា

spot_img

បាត់ដំបង៖ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និង ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការបច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយ ដែលត្រូវបានតម្លើងនៅរោងចក្រផលិតទឹកស្អាតនៅខេត្តបាត់ដំបង ដែលគាំទ្រដោយអូស្ត្រាលី នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

ឯកអគ្គរាជទូត Kang បានទៅទស្សនារោងចក្រនៅខេត្តបាត់ដំបង កាលពីខែកញ្ញា ហើយមានសេចក្តីរីករាយដែលមើលឃើញបច្ចេកវិទ្យាសម្អាតទឹករបស់អូស្ត្រាលី ត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋប្រមាណជាង ៥ ០០០ នាក់ ក្នុងឃុំព្រែកជីក។ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) របស់ប្រទេសអូស្រ្តាលី ដែលមានទឹកប្រាក់វិនិយោគសរុប ៤៩,៤ លានដុល្លារអូស្ត្រាលី បានសហការជាមួយសមាគមទឹកអូស្ត្រាលី (AWA) ដើម្បីនាំយកបច្ចេកវិទ្យាចម្រោះទឹកស្អាតនេះមកប្រទេសកម្ពុជា ក្រុមហ៊ុន DuPont Australia និង ក្រុមហ៊ុន Tiger Water Solutions ចាប់ដៃគូជាមួយប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដែលមានឈ្មោះថា “WE Venture” ក្នុងការរៀបចំប្រព័ន្ធបណ្តាញចម្រោះនេះឡើង។

ឯកអគ្គរាជទូត Kang និង ឯកឧត្តម ចម ប្រសិទ្ធ ក៏បានដាក់ឲ្យប្រើប្រាស់ ផែនការវិនិយោគថ្នាក់ខេត្ត ដែលគាំទ្រដោយអូស្ត្រាលី “PIP” ដែលចង្អុលបង្ហាញការគ្របដណ្តប់នៃទឹកស្អាតតាមបំពង់នៅលើផែនទី នៅទូទាំង ២២ ខេត្ត និងរកមធ្យោបាយ ឬឧបករណ៍គោលនយោបាយនានា ដើម្បីប្រមូលហិរញ្ញប្បទានប្រមាណជា ១៥០ លានដុល្លា ដើម្បីការវិនិយោគដែលចាំបាច់ ដើម្បីផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជា។ អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រ MISTI អភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។

ឯកឧត្តម Pablo Kang បានឱ្យដឹងដែរថា លោកមានមោទកភាពដែលឃើញក្រុមហ៊ុនអូស្ត្រាលី នាំយកបច្ចេកវិទ្យាផលិតទឹកស្អាតប្រកបដោយសុវត្ថិភាព និងល្អសម្រាប់ បរិស្ថានមកកាន់ប្រទេសកម្ពុជា។ លោកសង្ឃឹមថា ការសិក្សាស្រាវជ្រាវ PIP នេះ ក៏នឹងផ្តល់នូវផែនទីបង្ហាញផ្លូវ និងឧបករណ៍គោលនយោបាយ ដ៏មានប្រយោជន៍ សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់គ្នានៅត្រឹមឆ្នាំ ២០៣០។

ឯកឧត្តម ចម ប្រសិទ្ធ បានឱ្យដឹងថា ពិធីដាក់ឱ្យដំណើរការនេះថា បានបង្ហាញអំពីបច្ចេកវិទ្យា កំពុងត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់ សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកម្មវិធី 3i ដែលបានគាំទ្រដល់ការសិក្សាផែនការវិនិយោគតាមបណ្តាខេត្ត (PIP) គឺជាត្រីវិស័យដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យ ទឹកស្អាត។

ឯកឧត្តម ចម ប្រសិទ្ធ បានបន្ថែមថា កម្មវិធី 3i ក៏កំពុងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួង និងមន្ទីរទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ស្តីពីការគ្រប់គ្រង ទិន្នន័យ និងការធ្វើផែនការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដើម្បីអាចអនុវត្ត ផែនការវិនិយោគថ្នាក់ខេត្តសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ តាមរយៈគម្រោង 3i អូស្ត្រាលី បាននិងកំពុងតែធ្វើការជាមួយប្រតិបត្តិករទឹកស្អាតឯកជន ចំនួន៨០ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់ទឹកស្អាតតាមបំពង់ដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងជួយឱ្យប្រជាជនកម្ពុជាជាងមួយលាននាក់ ទទួលបានទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់។

កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) របស់ប្រទេសអូស្រ្តាលី ដែលមានទឹកប្រាក់វិនិយោគសរុប ៤៩,៤ លានដុល្លារអូស្ត្រាលី បានសហការជាមួយ សមាគមទឹក អូស្ត្រាលី (AWA) និងសមាគមផ្គត់ផ្គង់ទឹកកម្ពុជា (CWA) ដើម្បីនាំយកបច្ចេកវិទ្យាចម្រោះទឹកស្អាតនេះមកប្រទេសកម្ពុជា។ ក្រុមហ៊ុន DuPont Australia ផ្គត់ផ្គង់ឧបករណ៍ បច្ចេកវិទ្យាភ្នាស យូអេហ្វ ហើយ ក្រុមហ៊ុន Tiger Water Solutions ផ្គត់ផ្គង់អាងស្តុកទឹកដែកគ្មានច្រេះ ដែលមានចំណុះ ១០០ ០០០លីត្រ។ ក្រុមហ៊ុនអូស្រ្តាលីទាំងពីរ ចាប់ដៃគូជាមួយប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដែលមានឈ្មោះថា WE Venture ក្នុងការរៀបចំប្រព័ន្ធបណ្តាញចម្រោះនេះឡើង។

តាមរយៈ 3i អូស្ត្រាលីបានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការសិក្សាការផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹក ស្អាតនៅកម្ពុជា «PIP» ដែលចង្អុលបង្ហាញការគ្របដណ្តប់នៃទឹកស្អាតតាមបំពង់នៅលើផែនទីនៅទូទាំង ២២ខេត្ត។ ការសិក្សានេះបានរកឃើញថា ប្រមាណជា ៥០ ភាគរយនៃភូមិសរុបនៅកម្ពុជា ត្រូវបានតភ្ជាប់ទៅបណ្តាញទឹកស្អាតតាមបំពង់ ហើយកម្ពុជាត្រូវការយ៉ាងតិចថវិកាប្រមាណជា ១៥០លានដុល្លារ ដើម្បីវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចែកចាយទឹកស្អាតដល់ភូមិផ្សេងទៀត ដែលសមស្របសម្រាប់ការផ្គត់ផ្គង់ទឹកតាមបំពង់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×