Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​​ភូមិ​​សុខសាន្ដ​​សង្កាត់​កោះរ៉ុង​​ត្រៀម​ជួប សម្តេច ហ៊ុន ​សែន ជួយ​​អន្តរាគមន៍​​​ចេញ​ប្លង់​​កម្ម​សិទ្ធិ​​ដីធ្លី​ ​ដើម្បី​​មាន​​សិទ្ធិ​បង្កើត​​មុខ​របរ​ស្រប​ច្បាប់​​

spot_img

ខេត្តព្រះសីហនុ​៖ ប្រជាពលរដ្ឋមួយចំនួនរស់​នៅភូមិសុខសាន្ដ ​សង្កាត់កោះរ៉ុង ក្រុង​ខេត្តព្រះសីហនុ ​បាន​ត្រៀម​ប្រមូលផ្តុំគ្នា​ស្នើ​ជួប សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដើម្បី​ស្នើឲ្យ​សម្តេច ​ជួយអន្តរាគមន៍​ទៅ​រដ្ឋ បាល​​ខេត្តព្រះសីហនុ និង​ក្រសួងរៀបចំដែន ​ដីនគររូបនីយកម្ម និងសំណង់ ឲ្យ​ចេញ​ប្លង់កម្មសិទ្ធិដីធ្លី​ជូនពួក​គាត់ប្រើប្រាស់ឲ្យបាន​ស្របច្បាប់។
គម្រោងស្នើជួបសម្តេច ហ៊ុន សែន របស់ប្រជាពលរដ្ឋភូមិសុខសាន្តនៅពេលនេះ គឺបានកើតមាន​ក្រោយពេល​ប្រជា​ពលរដ្ឋមួយចំនួន មិន​មានឈ្មោះឬមិន​ត្រូវបានអាជ្ញាធរពាក់ព័ន្ធ មិនព្រមចេញប្លង់កម្ម​សិទ្ធិដីធ្លី​ជូន​ពួកគាត់​ទេ​។ ជាពិសេសនៅគ្រាពួកគាត់​បានទទួល​ព័ត៌​​មាន​មកថា សម្តេច ហ៊ុន សែន ​មាន​គម្រោង​អញ្ចើញ​មកបើក​សម្ភោធ​សណ្ឋាគារផ្កាយប្រាំ ឬបឹងហ្គាឡូ ​ក្រុម​ហ៊ុន​​​រ៉ូយ៉ាល់សេន របស់​​លោកឧញ៉ា គិត ម៉េង​ នៅថ្ងៃទី​២៣-២៤ ខែ​មេសា ឆ្នាំ​២០១៨ខាងមុខនេះ។

​បញ្ហាដីធ្លីនេះដែរ កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨​ ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិសុខសាន្ត សង្កាត់​កោះ​រ៉ុង បាននាំយកបញ្ហា​​របស់​ពួកគាត់​ ជម្រាបជូន ​លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យ​បណ្ឌិត​សភា​កម្ពុជា​ ម្តងរួច​ហើយ​ ដើម្បីស្នើឲ្យ លោក សុខ ទូច ជួយនាំ​យក​កង្វល់​ ដែលត្រូវ​​អាជ្ញាធរ​ស្ថាប័នពាក់​ព័ន្ធ​មិន​ព្រម​ចេញ​ប្លង់​កម្ម​សិទ្ធិ​ជូនពួកគាត់ នៅលើដីធ្លាប់អាស្រ័យផល ឬរស់នៅរាប់សិប​ឆ្នាំ​​​នោះ ឲ្យជួយនាំ​យកកង្វល់​នេះ​​ដាក់​ជូន ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​​ ឲ្យជួយអន្ត​រាគមន៍ដល់ពួកគាត់​។
​កាលណោះ​ ពលរដ្ឋភូមិ​សុខសាន្ត បានជួប លោក​ សុខ ទូច ដោយចៃដន្យ ​នៅគ្រា​ លោក សុខ ទូច​ បាននាំ​ក្រុម​គ្រួសារ​​​ធ្វើដំណើរ​កម្សាន្ត​នៅតាមឆ្នេរ​សុខសាន្តនៃ សង្កាត់​កោះ​រ៉ុង ក្រុង​​ព្រះសីហនុ កាលពីថ្ងៃទី១៣ ខែ​មេសា ឆ្នាំ​២០១៨។ ដំណើរកម្សាន្តនោះ របស់ លោក​ សុខ ទូច ក៏ត្រូវពលរដ្ឋភូមិសុខសាន្ត​ស្គាល់មុខ ហើយក៏ត្រូវ​ប្រ​ជា​​ពល​រដ្ឋ​​សំណូម​ពរ​​ឲ្យ​ជួយ​នាំ​យក​ឯកសារ​ទាក់​ទង​សុវត្ថិ​ភាព​ដីធ្លី​ ​ជម្រាប​ជូនសម្តេច ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ចេញ​ប្លង់​កម្ម​សិទ្ធិជូនពួក​គាត់​បានប្រើប្រាស់ស្របច្បាប់ឲ្យបានឆាប់។ ​

ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​ភូមិសុខសាន្ត​មួយចំនួន បានផ្តល់ឯកសារ នៃការកាន់កាប់ដី របស់ខ្លួន ដែលទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​សង្កាត់​ យកទៅ​ប្រគល់ជូន លោកបណ្ឌិត សុខ ទូច ដោយនៅគ្រានោះ គេសង្កេត​ឃើញ លោក សុខ ទូច ​ហាក់​មិនចង់​ទទួលឯកសារ របស់ប្រជាពលរដ្ឋទេ ប៉ុន្តែបន្តិចក្រោយមក ដោយមាន​ប្រជា​ពល​រដ្ឋ​ទាំងក្មេងចាស់បាន​លើកដៃ​សំពះសុំអង្វរ​មិនដាច់ពីមាត់ និងបាន​ចោម​រោម​រូប​លោក និងក្រុមគ្រួសារ មិន​អាច​បន្ត​ដំណើរ​ទៅមុខទៀតបាន​ លោក​បណ្ឌិត សុខ ទូច ក៏​ព្រម​ទទួល​យក​ឯក​សារ របស់​ប្រជាពល​រដ្ឋភូមិសុខសាន្ត ហើយ​សន្យាថា នឹង​រាយ​ការណ៍​ជូនសម្តេច​​ប្រមុខដឹកនាំរាជរដ្ឋា​ភិបាល​ពិនិត្យ​សម្រេច​​នៅ​ពេលក្រោយ។
សំណើរ​ជាថ្មីទៀត របស់ពលរដ្ឋភូមិសុខសាន្តខាងលើនេះ បានកើតឡើងបន្ទាប់ពី ​ប្រជាពលរដ្ឋក្មេងចាស់ជាច្រើន​គ្រួសារ បាន​អស់​សង្ឃឹម ចំពោះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសមន្ត្រីជំនាញសុរិយោដី ដែល​មិនព្រម​ចេញ​ប្លង់​កម្ម​សិទ្ធិ​ជូនពួកគាត់ ឬមិន​បាន​​បំរើប្រជាពលរដ្ឋ​ឲ្យបានល្អ ឲ្យស្រប​តាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ​និងសម្តេចកិត្តិ​ព្រឹទ្ធិបណ្ឌិត ​ដែលជាថ្នាក់​ដឹក​នាំ​​ស្ថិតក្នុងបេះដូងគោរពស្រាញ់ របស់ពួកគាត់​ ជារហូត​មក​នោះទេ។​

ករណីនេះ ​ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិសុខសាន្ត នៃសង្កាត់កោះរ៉ុង ក៏បានចោទអាជ្ញាធរ និងមន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​មួយចំនួនថា បានឃុបឃិតគ្នាភូតកុហក សម្តេចតេជោ ហ៊ុន សែន ដោយចេញប្លង់កម្មសិទ្ធិដីធ្លី ជូន​តែ​បក្ខ​ពួក របស់ខ្លួន​តែប៉ុណ្ណោះ​។
​ផ្តើមពី​បញ្ហានេះ ក្រុមប្រជាពលរដ្ឋ​ភូមិសុខសាន្ត ដែលមិនទាន់មានឈ្មោះ ទទួលបានប្លង់កម្មសិទ្ធិស្រប​ច្បាប់ពី​អាជ្ញាធរ​ ជាថ្មីម្តងទៀត បាន​សំណូមពរជាមួយកាយវិកាលុតជង្គង់ និង​លើកដៃសំពះ ទទូចស្នើសុំ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី លាយឡំជាមួយ​​ដំណត់​ទឹកភ្នែករលីងរលោង ផងនោះ បាន​ស្នើឲ្យ​សម្តេច​ទាំងពីរ មេត្តាជួយ​អន្តរាគមន៍​ទៅ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​​ និងមន្ត្រីជំនាញសុរិយោដី ពាក់ព័ន្ធ ឲ្យចេញ​ប្លង់កម្មសិទ្ធិដី​ជូនពួកគាត់​ឲ្យបាន​ឆាប់​ដោយអនុគ្រោះ។ ត្បិត​អី​​ពេល​នេះ ពួក​គាត់​ត្រូវ​ការ​ប្លង់ដីកម្ម​សិទ្ធិ​ដីធ្លីចាំបាច់ ដើម្បីយកទៅសុំច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សម្រាប់​បង្កើតមុខ​របរ​ផ្សេងៗ ចិញ្ចឹម​ជីវិត​ឲ្យ​បាន​ស្រប​ច្បាប់ ប៉ុន្តែបើពួកគាត់មិនមានប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ទេ គឺ​អាជ្ញាធរមិនអនុញ្ញាត​ឲ្យ​ធ្វើ​ការ​សាង​សង់​​សំណង់​ផ្សេងៗ ដើម្បី​ប្រកប​រ​បរចិញ្ចឹមជីវិតបានទេ។

ចំពោះការសេសេរលិខិតសុំអន្តរាគមន៍គោរពជូន សម្តេចតេជោ ហ៊ុន សែន របស់ប្រជាពលរដ្ឋមួយចំនួន រស់​នៅ​ភូមិសុខ​សាន្ត សង្កាត់​កោះ​រ៉ុង ក្រុង-ខេត្ត​ព្រះសីហនុខាងលើនេះ គឺ​កើតមានបន្ទាប់ពី កាលពីថ្ងៃទី៤ ខែ​មេសា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បានចេញ​អនុក្រឹត្យ​​​កាត់ដីទំហំ ៥២៨,៣៧ហិកតា នៅសង្កាត់កោះរ៉ុង និង​សង្កាត់​កោះ​រ៉ុង​សន្លឹម ចេញ​​ពី​ដី​ឯក​ជន ​របស់រដ្ឋ ​ប្រគល់ជូន​ពលរដ្ឋ​កាន់​​កាប់ស្របច្បាប់ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មាន​ប្រជា​ពល​រដ្ឋ​មួយចំនួននៅភូមិសុខសាន្ត មិន​មាន​ឈ្មោះ ឬ​ត្រូវអាជ្ញាធរ​ក្រសួង​ស្ថាប័​ន​ពាក់ព័ន្ធ​​​ បង្កកមិនឲ្យ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​​ពួក​គាត់ទេ។

អនុក្រឹត្យ​ចុះថ្ងៃពុធ រោច ខែចែត្រ ឆ្នាំ​រកា នព្វស័ក ព.ស២៥៦១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១៨ មានចុះហត្ថលេខា និងបោះត្រា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។ អនុក្រឹត្យនោះបាន​សម្រេច​៖
មាត្រា១: កាត់ដីទំហំ ៥២៨៣៧ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចេញពីដីឯក​ជន​ របស់រដ្ឋ កំណត់​ដោយអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ​២០០៨ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់​ក្នុង​ផែន​ទីឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។

មាត្រា២: ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍ លើកោះរ៉ុង និងទំហំ ១២,១៣ហិកតា ស្មើនឹង ១២ក្បាលដី សម្រាប់សាលារៀន ៦ក្បាលដី, ប៉ុស្តិ៍រដ្ឋបាល ២ក្បាលដី, សាលាឃុំ ១ក្បាលដី, ទីស្នាក់ការភូមិ ១ក្បាលដី, អង្គ​ភាព​កងរាជអាវុធហត្ថ ១ក្បាលដី, និងវត្ត ១ក្បាលដី ស្ថិតនៅ​សង្កាត់​កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងខេត្តព្រះសីហនុ ដែល​មាន​ទីតាំង​ស្ថិតនៅភូមិ​ដូចខាងក្រោម៖

ភូមិដើមថ្កូវ សរុបទំហំ ១២៥,៣១ហិកតា ស្មើ ១៧០ក្បាលដី ក្នុងនោះ ១៦៩ក្បាលដី ជូនប្រជាពលរដ្ឋ ៦៣គ្រួសារ និងសាលាឃុំ ១ក្បាលដី
ភូមិព្រែកស្វាយ សរុបទំហ ១៦៧,៤៥ហិកតា ស្មើ២០០ក្បាលដី ក្នុងនោះចំនួន ១៩៨ក្បាលដី ជូន​ប្រជាពលរដ្ឋ ៩៦គ្រួសារ វត្ត ១ក្បាលដី និងសាលារៀន ១ក្បាលដី
ភូមិសុខសាន្ត សរុបទំហំ ២០០,៤១ហិកតា ស្មើ ១២៨ក្បាលដី ក្នុងនោះ ១២៤ក្បាលដី ជូនប្រជាពល​រដ្ឋ ៦៤គ្រួសារ និងសាលារៀន ៤ក្បាលដី
ភូមិកោះតូច សរុបទំហំ ៣៥២០ហិកតា ស្មើ ១៣៩ក្បាលដី ក្នុងនោះ ១៣៤ក្បាលដី ជូនប្រជាពលរដ្ឋ ៧៥​គ្រួសារ និង ៥ក្បាលដី សម្រាប់ សាលារៀន ១ក្បាលដី ប៉ុន្តិ៍រដ្ឋបាល ២ក្បាលដី ទីស្នាក់ការភូមិ ១ក្បាលដី និងអង្គភាពកងរាជអាវុធហត្ថ ១ក្បាលដី។

មាត្រា ៣ : បទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខា​ធិការ​​គ្រប់ក្រសួង​ស្ថាប័នពាក់ព័ន្ធ និងអភិបាល នៃគណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់​ពីថ្ងៃចុះ​ហត្ថ​លេ​ខា​ត​ទៅ៕ ដែន សីមា

class=”alignnone size-full wp-image-42303″ />

spot_img
×