Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អតីត​តារាភាពយន្ត​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​ចាប់ពង្រត់​ដោយ គឹម ជុងអ៊ីល បាន​ស្លាប់​ហើយ​នៅ​អាយុ ៩២ ឆ្នាំ​ (មានវីដេអូ)

spot_img

​តារា​សម្តែង​កូរ៉េខាងត្បូង Choi Eun-hee ដែលជា​តារា​១​ដួង ក្នុងចំណោម​ល្បីល្បាញ​បំផុត​នៅក្នុង​ប្រទេស​នេះ ក្នុង​កំឡុង​ឆ្នាំ ១៩៦០ និង ១៩៧០ បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ នៅ​អាយុ ៩២ ឆ្នាំ ។​

​លោក Shin Jeong-gyun ដែលជា​កូនប្រុស​ច្បង​របស់​លោកយាយ Choi បានបញ្ជាក់​ពី​ព័ត៌មាន​នេះ​ទៅកាន់​ភ្នាក់ងារ​ព័ត៌មាន Yonhap ថា​៖ «​ម្តាយ​របស់ខ្ញុំ​បាន​ស្លាប់​នៅពេល​គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជំងឺ​តម្រងនោម​នៅ​រសៀល​» ។​

Choi ដែល​កើត​នៅ Gwangju ខេត្ត Gyeonggi នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​១៩២៦ បានចាប់ផ្តើម​អាជីព​ជា​តារា​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​ឆ្នាំ ១៩៤៧ “A New Oath” ។ លោកយាយ​បាន​ដើរតួ​ក្នុង​រឿង “The Sun Of Night” នៅ​ឆ្នាំ 1948 ។ បន្ទាប់មក​នៅ​ឆ្នាំ ១៩៤៧ សម្តែង​រឿង “A Hometown in Heart” ដែល​ជួយ​ឱ្យ​គាត់​ក្លាយជា​តារា​ល្បី​មួយរូប ។​

​បន្ទាប់មក លោកយាយ​បាន​ក្លាយជា​តារា​សម្តែង​១​ដួង ក្នុងចំណោម​តារា​សម្តែង​ដែលមាន​ប្រជាប្រិយភាព​បំផុត​៣​ដួង ក្នុង​ជំនាន់​របស់​លោកយាយ ដែល​រួមមាន Um Aing-ran និង Kim Ji-mi ។​

​លោកយាយ Choi បានទទួល​ការចាប់អារម្មណ៍​ពី​អន្តរជាតិ នៅពេលដែល​ព័ត៌មាន​ត្រូវបាន​គេ​បញ្ចេញ​ថា លោកយាយ​ត្រូវបាន​ចាប់ពង្រត់​ដោយ​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-il នៅ​ឆ្នាំ ១៩៧៨ ។​

​អតីត​ប្តី​របស់​លោកយាយ​ដែលជា​អ្នកដឹកនាំ និង​ជា​អ្នក​ផលិត​រឿង លោក Shin Sang-ok ត្រូវបាន​ចាប់ពង្រត់ ៦ ខែក្រោយ​មក ។ ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា “Brangelina កូរ៉េខាងត្បូង​ក្នុង​ទសវត្សរ៍​៧០” រហូតដល់​ពួកគេ​លែងលះគ្នា​នៅក្នុង​ឆ្នាំ ១៩៧៦ ។​

​ពួកគេ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ផលិត​ខ្សែភាពយន្ត​ជាច្រើន​រឿង នៅ​កូរ៉េខាងជើង​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍ ។ ប៉ុន្តែ​លោកយាយ Choi និង​ស្វាមី Shin បានគេច​ផុតពី​ការចាប់ខ្លួន​របស់​មេដឹកនាំ​កូរ៉េខាងជើង​នេះ បន្ទាប់ពី​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ខណៈពេល​ស្ថិតនៅក្នុង​ទីក្រុង Vienna, ប្រទេស​អូទ្រីស នៅ​ឆ្នាំ​១៩៨៦ និង​បាន​ស្នើសុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ។​

​បន្ទាប់ពី​បានគេច​ចេញពី​កូរ៉េខាងជើង​ដោយ​ជោគជ័យ ប្តី​ប្រពន្ធ​នេះ​បានរស់នៅ​ទីក្រុង Reston រដ្ឋ Virginia មុនពេល​ផ្លាស់​ទៅ Beverly Hills រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​ទីបំផុត​ត្រឡប់​ទៅ​កូរ៉េខាងត្បូង​វិញ​នៅ​ឆ្នាំ ១៩៩៩ ។​

​លោក Shin បាន​ស្លាប់​ក្នុង​ឆ្នាំ ២០០៦ ហើយ​សុខភាព​របស់​លោកយាយ Choi ត្រូវបាន​គេ​រាយការណ៍​ថា បានចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ពេល​នោះមក ៕ ចន្ទី​

spot_img
×