Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ចេញសារាចរណនាំ ស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែធ្នូ នេះ បានចេញសារាចរណនាំ ស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា ដែល ព្រះអង្គ មានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទី រសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅៈ

១- ប្រកាសថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ។
២- គ្រប់ក្រសួង ស្ថាប័ន៍ សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវ បង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។
៣- គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយ៍តគ្រឹកគគ្រេង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។

ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ខ្ពស់ ដើម្បីជាកិច្ចចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ។

សូមជម្រាបថា ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ៥២ នឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ នៅថ្ងៃទី ៦ និងទី ៧ ខែធ្នូ ឆ្នាំ ២០២១។

ព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ ស្ថិតនៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។
គួររំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។

ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×