Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង១៩៨,៧១គ.ម គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេច បាន៥៤,៨៩%

spot_img

កោះកុង ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង១៩៨,៧១គ.ម គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេច បាន៥៤,៨៩%ហើយ ក្រុមការងារបច្ចេកទេសដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើដំណើរយ៉ាងស្វិតស្វាញក្នុងការត្រួសត្រាយតម្រាយផ្លូវ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នង ភ្នំក្រវាញដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រសមស្របសម្រាប់ការសាងសង់ ។

ថ្ងៃសុក្រទី០៣ ខែធ្នូ ឆ្នាំ២០២១ ខេត្តកោះកុង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែនិង ថាមពល អភិបាលនៃគណៈអភិបាល ខេត្តកោះកុង តំណាងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៣កន្លែងប្រវែង១៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពការងារជារួមសម្រេចបាន៥៤,៨៩%។ គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មី ប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញ ជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើដំណើរយ៉ាងស្វិតស្វាញបំផុត ក្នុងការត្រួសត្រាយតម្រាយផ្លូវជាតិលេខ១០ ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នងភ្នំក្រវាញ ដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រ សមស្របសម្រាប់ការសាងសង់។

គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

គួរកត់សម្គាល់ថា៖ ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

គួររំឭកផងដែរថា នៅសម័យសង្គ្រាមតំបន់វាលវែងនេះ គឺជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក ប៉ុន្តែតាមរយៈ ការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តំបន់នេះត្រូវបានធ្វើសមាហរណកម្ម ទាំងស្រុង និងបានប្រែក្លាយទៅជាដែនដីរដ្ឋបាលតែមួយ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានអភិវឌ្ឍ គ្រប់វិស័យជាបន្តបន្ទាប់ក្រោមម្លប់សន្តិភាព និងសេរីភាពពេញលេញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

spot_img
×