Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកសន្តិសុខជាតិថៃ សន្យាទប់ស្កាត់ ការប្រើប្រាស់បណ្តាញសង្គមថៃ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

spot_img

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សសុវណ្ណ ទទួលបន្ទុកសន្តិសុខជាតិថៃ និងជាប្រធានគណបក្សផ្លាំងប្រាឆារ៉ាត (អំណាចប្រជាជន) ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលថៃបន្ចុប្បន្នបានបង្ហាញឆន្ទៈគាំទ្រ និងសន្យាទប់ស្កាត់ឱ្យបានចំពោះរាល់ការប្រើប្រាស់ បណ្តាញសង្គមថៃដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។

ការសន្យារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សសុវណ្ណ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្កតម សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សសុវណ្ណ បានសម្តែងការកោតសរសើរចំពោះការដឹកនាំប្រទេសឆ្ពោះទៅទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័យលើគ្រប់វិស័យរបស់កម្ពុជា។

នៅក្នុងជំនួបពិភាក្សាឯកឧត្តម សុខ សុក្រឹត្យា បានស្នើភាគីថៃបន្តជំរុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការទប់ស្កាត់ក្រុមប្រឆាំងដែលប្រើប្រាស់បណ្តាញសង្គម ពីប្រទេសថៃដើម្បីធ្វើការវា.យប្រ.ហារ មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនតាមព្រំដែនកម្ពុជា-ថៃផងដែរ។

ឯកឧត្តម សុខ សុក្រឹត្យា បានជម្រាបជូនអំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងភាពឈ្លាសវៃ នៃប្រមុខថ្នាក់ដឹកនាំជាតិ ដែលបានធ្វើការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា បម្រើឱ្យវិស័យទេសចរណ៍ និងគមនាគមន៍ជាដើម។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធផ្លូវថ្នល់ និងសមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីដឹកនាំកិច្ចពិភាក្សាសំខាន់ៗមួយចំនួន ជាមួយថ្នាក់ដឹកនាំអាស៊ានក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងតំបន់ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម សុខ សុក្រឹត្យា ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមក ព្រមទាំងបានសម្រេចដាក់ប្រទេសកម្ពុជា ចូលក្នុងបញ្ជីប្រទេសធ្វើដំណើរមកប្រទេសថៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ជាពិសេស ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលថៃបានយកចិត្តទុកដាក់ និងសហការជួយសម្រួលបញ្ហាប្រឈមដល់ពលករខ្មែរចំណាកស្រុក និងនិស្សិតកម្ពុជាដែលស្នាក់នៅ ក្នុងប្រទេសថៃបានយ៉ាងល្អ ដូចប្រជាជនថៃផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×