Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពល​រដ្ឋ​ចោទ​​អភិបាល​ខណ្ឌ​ទួល​គោកថា កំពុង​ផ្គើន​បទបញ្ជា​ ​សម្តេច ​ហ៊ុន សែន ​ព្រោះ​ទុក​ឲ្យ​ទីតាំង​​ល្បែង​​ស៊ីសង​​​កើត​​មាន​​អនា​ធិប​តេយ្យ​មិន​បង្ក្រាប

spot_img

ភ្នំពេញ៖ ​ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាប រស់​នៅមូលដ្ឋាន​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ​បានអះអាងថា ​មូលដ្ឋាននេះមានទីតាំង​បទ​ល្មើស​ល្បែង​ស៊ីសង​ជាច្រើន ​និង​ចាក់ភ្នាល់​យកឈ្នះចាញ់មានចំនួន​រាប់ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក ក្នុងមួយដៃ​ ឬមួយ​ទូរៗ​។

ផ្តល់សម្ភាសដល់អ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH នៅថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ​២០១៨នវ ប្រជាពលរដ្ឋមួយចំនួន​រស់នៅ​ខណ្ឌទួល​គោគ ​បាន​ចោទ​ថា បទ​ល្មើស​ល្បែង​ស៊ីសងទាំងនោះ ​គឺមិន​ឃើញ​មាន​សមត្ថកិច្ចពី​ស្ថាប័ន​ពាក់​ព័ន្ធ​ណាមួយ ចុះបង្ក្រាប ឬទប់ស្កាត់ ​ឲ្យស្របតាមគោល​នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង ៩​ចំណុច ​ដែល សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​ដាក់​ឲ្យ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នោះទេ។

ត្រង់ចំណុចនេះ ប្រជាពល​រដ្ឋ និងមន្ត្រីរាជការថ្នាក់ទាប បានរិះគន់​ លោក ឯក ឃុនឌឿន អភិបាល​ខណ្ឌ​ទួលគោក ថាកំពុងផ្គើន​បទ​បញ្ជា របស់ សម្តេច​​តេជោ ហ៊ុន សែន ដោយ​សារតែបាន​បណ្តោយ​ឲ្យមូល​ដ្ឋាន​ខ្លួន កើត​មាន​ទីតាំង​ល្បែង​ស៊ីសង ឬល្បែង​ភ្នាល់​​គ្រប់ប្រភេទ​មាន​ដូចជា៖ បៀ អាប៉ោង និង​ភ្នាល់​បាល់​ជាដើម ហើយ​ការ​ចាក់​ភ្នាល់​ឈ្នះ​ចាញ់​មាន​ចំនួន​រាប់ម៉ឺនដុល្លារ​។

ប្រជាពលរដ្ឋ អះអាងថា រាល់ថ្ងៃនេះ មានទីតាំងល្បែង បៀ អាប៉ោង និងភ្នាល់បាល់ ចាក់ភ្នាល់​ស៊ីសងចាញ់ឈ្នះ​រាប់​ម៉ឺន​ដុល្លារ ដោយ​ជ្រក​ក្រោម​ «តារាងបាល់ ឬកន្លែងហាត់កីឡា» មានទីតាំង​នៅទល់មុខអតីតភោជនីដ្ឋាន ស៊ីធីខេត នៅ​តាមបណ្តោយ​ផ្លូវ​ចូល​វត្តនាគវ័ន្ត ស្ថិត​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌទួលគោក ​គឺនៅជាប់​ព្រំប្រទល់​ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ កំពុង​បើកលេងល្បែងស៊ីសង​ខុស​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ និង​គ្មាន​សមត្ថ​​កិច្ច​​ចុះ​បង្ក្រាបទេហើយថា ​ទីតាំងល្បែងភ្នាល់ខាងលើនេះ គឺក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ បាន​ចាក់​ភ្នាល់ស៊ីសងចាញ់​ឈ្នះ​ក្នុង​មួយ​ដៃ ឬមួយទូៗ រាប់ម៉ឺនដុល្លារ​។

ផ្តើមពីបញ្ហានេះ មន្ត្រីរាជការ និង​ប្រជាពល​រដ្ឋរស់នៅខណ្ឌ​ទួល​គោក បានសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ជួយអន្តរាគមន៍​ទៅ លោក ឯក ឃុនឌឿន អភិបាល​ខណ្ឌ​ទួលគោក ត្រូវចុះបិទទីតាំងលេងល្បែងស៊ីសង​ជ្រក​ក្រោម​ស្លាក «តារាងបាល់ ឬកន្លែងហាត់កីឡា» មាន​ទីតាំង ស្ថិតក្នុង​សង្កាត់​ផ្សារដេប៉ូ៣ ​ខណ្ឌ​ទួលគោក​ ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធ​ភាព​។

ចំណុចនេះ ប្រជាពលរដ្ឋ​ បាន​រិះគន់​ថា ថ្នាក់ដឹកនាំខណ្ឌទួលគោក នៅមិនទាន់​ចូលរួមអនុវត្ត​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិ​ភាព​ ដែល សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ឲ្យ​អនុវត្ត គឺ​មិន​ទាន់មាន​ប្រសិទ្ធ​ភាព​ទេ ​ព្រោះរាល់​ថ្ងៃនេះ មូល​ដ្ឋាន​ខណ្ឌទួល​គោក ឃើញ​មាន​ទីតាំង​ល្បែង​ស៊ីសង និង​ល្បែង​ហ្គេម​អនាធិបតេយ្យ​ជាច្រើន​កន្លែង ប៉ុន្តែ​សមត្ថ​កិច្ចគ្មាន​វិធាន​ការ​ចុះបង្ក្រាប​នោះទេ។

ជាបន្តប​ន្ទាប់មកនេះ មូលដ្ឋានខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបានអាណាព្យាបាល ឬប្រជាពលរដ្ឋរស់នៅ​ក្នុងមូល​ដ្ឋាន​នេះ បានរិះគន់​ថ្នាក់ដឹក​នាំ​រដ្ឋ​បាល​ខណ្ឌនេះ​ជារឿយៗ ដោយចោទថា បានទុកបណ្តោយឲ្យមាន​ទីតាំង​លែង​ល្បែង​ស៊ីសង​គ្រប់ប្រភេទ ជ្រក​ក្រោម​ស្លាក​បើកបំរើ Internet ២៤​ម៉ោង និងតារាងបាល់ ឬទី​កន្លែង​សម្រាប់​ហាត់​​កីឡាជាដើម។

ចំណុច​នេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាប បានបញ្ជាក់ថា ទីតាំងបើកបំរើ អ៊ីនធើណេត ២៤ម៉ោង​ភាគ​ច្រើន គឺមាន​លួចបង្កប់​ល្បែង​ស៊ីសង​ចាក់​ភ្នាល់​បាល់  Live បន្តផ្ទាល់ពីកាស៊ីណូ និងមានបង្កប់ល្បែង​​កន្ទុយ​លេខ​ខុស​ច្បាប់​ថែម​ទៀត ប៉ុន្តែមិនមាន​សមត្ថកិច្ចចុះបង្ក្រាប​ឲ្យ​មានប្រសិទ្ធភាព​ទេ។

ផ្តើមពីបញ្ហានេះ អាណាព្យាបាល និង​មន្ត្រីរាជការមួយចំនួន បានរិះគន់អាជ្ញាធរខណ្ឌទួលគោកថា អសមត្ថភាព ក្នុងការ​ទប់ស្កាត់​បទល្មស​ល្បែង​ស៊ី​សង​ដែល​ជាដើម​ហេតុបង្កើត​ឲ្យ​មាន អំពើចោរកម្ម លួច ឆក់ ប្លន់ ​កើតឡើង​​ជា​បន្តបន្ទាប់និង​បង្ក​​អសន្តិសុខ ដល់​ប្រជាពលរដ្ឋ​ ​​គួរឲ្យព្រួយ​បារម្ភ​បំផុត​។

ប្រជាពលរដ្ឋ​​ចោទ​ថា ​ចំពោះទីតាំងបើកលេងល្បែងភ្នាល់ខុសច្បាប់ ដែល​អាចបើកធ្វើសកម្មភាព​បានដោយរលូន នៅ​មូលដ្ឋាន​ខណ្ឌ​ទួល​គោក ទំនង​ជា​អាច​​មានជាប់​ពាក់ព័ន្ធ ​បុគ្គល​មានតួនាទី​​ជាមន្ត្រីសមត្ថកិច្ច ក្នុងស្ថាប័ន​ជំនាញ​ខ្លះ នៃ​រដ្ឋ​បាល​ខណ្ឌទួល​គោក​ ជាអ្នកកាង​ការពារ ឬនៅពី​ក្រោយ​ខ្នងទីតាំង​​បើក​លេងល្បែងភ្នាល់ទាំង​នោះ ជាថ្នូរ​ទទួល​បាន​​សំណូក​ពុក​រលួយជា​លុយ​កាក់​​ប្រចាំថ្ងៃឬប្រចាំ​ខែ ហើយ​មើលទៅ ទើប​សមត្ថកិច្ចមិន​ចុះ​បង្ក្រាប​​​បែបនេះ​

​​បញ្ហាល្បែង​ស៊ីសងនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​​បាន​ចេញ​លិខិតណែនាំ និងបាន​ព្រមាន​ថា បើនៅតាម​គោលដៅ​ណាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​ ទុកឲ្យ​មាន​បទល្មើស​គ្រឿងញៀន និង​ល្បែង​ស៊ីសង​កើត​ឡើង ប៉ុន្តែមិន​មាន​វិធាន​ការចុះ​បង្ក្រាប​ទេ លោក​នឹងចាត់​ឲ្យ​កម្លាំង​ជំនាញ​របស់ ​ក្រសួងមហាផ្ទៃចុះ​ទៅ​បង្ក្រាប​ជំនួស។ ប៉ុន្តែសមត្ថកិច្ចជាអ្នកទទួលខុសត្រូវ​នៅតាម​ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និង​​ស្រុក​ខណ្ឌទាំង​នោះ ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះមុខច្បាប់ ឬវិន័យ​រដ្ឋ​បាល របស់កងកម្លាំងមានសមត្ថកិច្ច។

​​យ៉ាងនេះក្តី គេហទំព័រ CEN.COM.KH មិនទាន់អាចទាក់ទង លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួគោក និង ​លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌ​ទួល​គោក ទទួលបន្ទុក​រៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដើម្បី​បំភ្លឺជុំ​វិញការ​ចោទ​ប្រកាន់ របស់​ប្រជា​ពលរដ្ឋ ដែល​ចោទថា ក្នុង​មូលដ្ឋាននេះ ​មាន​ទីតាំង​ល្បែង​​ស៊ីសង​​អនាធិប​តេយ្យ រីកដូច​ផ្សិត ប៉ុន្តែមិន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធផ្នែកណាមួយ ចុះបង្ក្រាប ឬទប់ស្កាត់ឲ្យ​មាន​ប្រសិទ្ធភាពនោះទេ។

ប្រការនេះ ទាំងមន្ត្រី​រាជការ និងប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌទួលគោក បានរិះគន់ថា បទបញ្ជា ឬការ​ណែ​នាំ របស់ សម្តេចក្រឡាហោម ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ពិសេសបទបញ្ជា របស់ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ដាក់​ឲ្យមន្ត្រី​ក្រោមឱវាទ​ចូល​រួម​អនុវត្ត​វិធាន​ការ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺ​អនុវត្ត​មិន​ទាន់មាន​ប្រសិទ្ធ​ភាព​ទេ

ជាបន្តបន្ទាប់មកនេះ សម្តេចក្រឡាហោម ស ខេង តែងបានរំលឹកដល់មន្ត្រីក្រោមឱ្យវាទ ឬកងកម្លាំងមាន សមត្ថ​កិច្ចពាក់ព័ន្ធទាំងអស់ នៅទូទាំង​ប្រទេស​​​កម្ពុជា ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពីការអនុវត្ត វិធាន​​ការ​បង្រ្កាបល្បែង​ស៊ីសង​ខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់​បើក​ល្បែង​ខុស​ច្បាប់ ពិសេស​អ្នកឈរ​កាង​ការ​ពារ​ឬអ្នកធ្វើ​ជាខ្នងបង្អែក និងអ្នកឃុបឃិត ឬនៅពីក្រោយបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវកសាង​សំណុំ​រឿង​​បញ្ជូនទៅតុលាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ព្រមជាមួយគ្នានេះ សម្តេចក្រឡាហោម បានបញ្ជាក់ថា ល្បែងស៊ីសងនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ គឺ​ត្រូវបានគេបែងចែកជា ២​សណ្ឋាន គឺល្បែង​ស៊ី​សងស្របច្បាប់ និង ល្បែងស៊ីសងមិនស្របច្បាប់

ត្រង់ចំណុចនេះ សម្តេចក្រឡាហោម បានពន្យល់ថា នៅ​ក្នុងសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ​ គឺតម្រូវឲ្យ​មន្ត្រីមាន​សមត្ថកិច្ច ឬកងកម្លាំងនគរ​បាល​​ទាំងអស់ ​ចុះបង្រ្កាបល្បែងស៊ីសង ដែល​ខុសច្បាប់ ហើយ​បង្កផល​ប៉ះពាល់ ដល់​សណ្តាប់​ធ្នាប់សាធារណៈ ​ប៉ះពាល់​ដល់សីលធម៌សង្គម និង​ជីវ​ភាព​រស់​នៅ របស់ ប្រជាពលរដ្ឋ ជាពិសេស​ ​ជម្រុញ​​ការ​អនុវត្ត​គោល​នយោ​បាយ ភូមិ ឃុំ មាន​​សុវត្ថិភាព​ របស់​​រាជដ្ឋាភិបាល​កម្ពុជា ​ឲ្យមាន​ប្រសិទ្ធ​ភាព​

បន្ថែមលើនេះ សម្តេចក្រឡាហោម ស ខេង ​បានព្រមាន​ថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបាន​លប​លួច បើក និងបានបើកជាចំហរ នៅតាម​បណ្តា​​មូលដ្ឋាន​មួយ​ចំនួន​មានដូចជា៖ ល្បែងភ្នាល់ជ្រក​ក្រោម ស្លាក​​ល្បែង​​ស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់​បាល់​តាមអន​ឡាញ ល្បែងស៊ីសង​លេងតាម​អ៊ិន​ធឺណេត ២៤ម៉ោង ឆ្នោត​កន្ទុយ លេខ ល្បែងជល់មាន់ ល្បែង​​ភា្នល់​ទឹកភ្លៀង ល្បែងបាញ់ត្រី និង​ល្បែង​​ជាច្រើន​ប្រភេទ​ទៀត ដែល​ជ្រក ក្រោម​ល្បែង​​​ក្មេងលេង ​ដែល​បើក​ធ្វើអាជីវកម្មខុសច្បាប់ គឺត្រូវ​​បិទទាំងស្រុង។

យ៉ាងណាក៏ដោយចុះ ចំពោះ​បទល្មើសល្បែងស៊ី ដែល​កំពុងកើតមាន​អនាធិបតេយ្យ ​ក្នុងទឹកដីខណ្ឌទួលគោករាល់ថ្ងៃនេះ ប្រជាពលរដ្ឋ និងមន្ត្រី​រាជ​ការ​​​ថ្នាក់​ទាប ​នឹង​រង់ចាំមើល លោក ឯក ឃុនឌឿន អភិបាល​​ខណ្ឌទួល​គោក និងជា​ ប្រធានគណៈ​​បញ្ជា​​ការ​ឯក​ភាពខណ្ឌ ​នឹងមានវិធាន​ការបែប​ណា?​។ ជាពិសេស ​ចំពោះ​ទីតាំង​ល្បែង​ស៊ីសង ជ្រកក្រោមស្លាក «តារាងបាល់ ឬកន្លែង​ហាត់កីឡា» ​​មានទីតាំង​នៅ​ទល់មុខអតីត​ភោជនី​ដ្ឋាន ស៊ីធី​ខេត ​នៅ​តាម​​​​បណ្តោយ​​​ផ្លូវ​​ចូល​​វត្តនាគវ័ន្ត ស្ថិត​​នៅក្នុង​​​​សង្កាត់​​ផ្សារ​ដេប៉ូ៣ ខណ្ឌ​ទួលគោក ដែល​កំពុង​​បើក​លេង​ជា​រៀង​រាល់ថ្ងៃ​មក​នេះ។

ជាងនេះ​ទៀត​ ទាំងមន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រស់នៅខណ្ឌទួលគោក ក៏នឹង​ចាំមើលថា តើអភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង នឹងមាន ចំណាត់​​​​ការបែបណា ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ ដែល​ពលរដ្ឋ​ចោទ​ថា កំពុងកើត​មានអនាធិបតេយ្យនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែល​មាន លោក ឯក ឃុនឌឿន ដឹកនាំ​ជា​អភិបាល​ខណ្ឌនោះ​​​​ ដែន សីមា

  

spot_img
×