Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ នៃបឹងទន្លេសាប មានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណ ៥ ៣៥០ហិកតា ស្ថិតនៅក្នុងឃុំចំនួន ២ ក្នុងស្រុកព្រះនេត្រព្រះ

spot_img

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃចន្ទ ទី៦ ខែ ធ្នូ ឆ្នាំ ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

យោងតាមការស្រាវជ្រាវបឋមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរកឃើញការទន្ទ្រានដីរដ្ឋក្នុង តំបន់៣ មានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណ ៥ ៣៥០ហិកតា ស្ថិតនៅក្នុងឃុំចំនួន ២ ក្នុងស្រុក ព្រះនេត្រព្រះ ក្នុងនោះមាន៖

ឃុំប្រាសាទ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន ៣ទីតាំង ស្មើ ៦៥០ហិកតា ក្នុងនោះ មានត្រង់ចំណុចបឹងអាល្បង ប្រហែល១០០ហិកតា ចំណុចបឹងសំបុកសត្វប្រហែល ៥០០ហិកតា និងចំណុចបឹងជ្រោងប្រហែល ៥០ហិកតា ឃុំភ្នំលៀប បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន ៨ទីតាំង ស្មើ ៤៧០០ហិកតា ក្នុងនោះមានចំណុចបឹងក្ងានប្រហែល៥០០ហិកតា ចំណុចបឹងក្ងានកើតប្រហែល៥០០ហិកតា ចំណុចក្នុង-ក្រៅអាងតាម៉ាកប្រហែល ១.០៧០ហិកតា ចំណុចក្នុង-ក្រៅអាងលី សំអាន ប្រហែល ១.២៥០ហិកតា ចំណុចក្នុង-ក្រៅអាងតាស៊ុន ប្រហែល ៧០០ហិកតា ចំណុច កៀនស្បូវដល់ក្រពើស្គមប្រហែល៤៧០ហិកតា និងចំណុចក្របៅប្រហែល ៣០០ហិកតា។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីឯកឧត្តម អ៊ុំ រាត្រី នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានសម្រេចដាក់ចេញវិធានការចំនួន ១១ ចំណុចដូចខាងក្រោម៖

១. ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដកហូតដីដែលមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣ មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២.ត្រូវរក្សាទុកមួយអន្លើរសិននូវរាល់ក្បាលដីណាដែលបានចេញបណ្ណកាន់កាប់ដីមុនឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩ កន្លងមក។
៣. ជូនអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលព្រំមេ និងរងក្នុងតំបន់៣ នៅលើទីតាំងណាមិនទាន់បានបោះ ឬបង្គោលដែលបានបាត់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក តាមអនុក្រឹត្យ ១៩៧ ដែលមានចំនួន ៤៨ បង្គោល។

៤. ជូនអាជ្ញាធរទន្លេសាប ធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ ។
៥. ជូនរដ្ឋបាលខេត្ត ទប់ស្កាត់ប្រជាជនមិនការចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ ។
៦. ជូនរដ្ឋបាលខេត្ត បន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាបដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។
៧. ផ្តល់ឱកាសជូនប្រជាពលរដ្ឋឲ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល ។
៨. ជូនព្រះរាជអាជ្ញាយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹង ដែលមន្រ្តីនគរបាលបានកសាងនិងដាក់សំណុំរឿងរួចរាល់។

៩. ប្រគល់ជូនអាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧតុនិយម លើសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់ ។
១០. ជូនអាជ្ញាធរមូលដ្ឋានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេសដើមប្ញស្សី។
១១. រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារ និងទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឺកក្នុងតំបន់៣ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×