Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ក្រុង​សៀម កោះហៅ​ជនបង្ក​ទាត់​ធាក់ និង​ជនរងគ្រោះ មក​បំភ្លឺ ក្នុង​ឃ្លី​ប​វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គម​

spot_img

​ភ្នំពេញ ​៖​ ឃ្លី​ប​វីដេអូ​មួយ​មាន​រយៈពេល​ជិត​មួយ​នាទី ដែល​ថត​ពីស​កម្ម​ភាពបុរស​ម្នាក់​ប្រើ​ហិង្សា​វាយ​ទាត់​ធាក់​តាម​អំពើ​ចិត្ត​ទៅលើ​បុរស​ម្នាក់ ត្រូវបាន​គេ​បាញ់​បង្ហោះ​តាម​បណ្តាញ​សង្គម​អន​ឡាញ​នានា​ធ្វើការ​រិះគន់​នូវ​សកម្មភាព​ហិង្សា​នេះ ។​

​យោងតាម​ប្រភពព័ត៌មាន​ដែល​គេ​ផ្សព្វផ្សាយ​បានអោយដឹងថា​ករណី​ហិង្សា​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅនេះ ដែលជា​ថ្ងៃ​ចូលឆ្នាំ​បង្ហើយ ស្ថិតនៅ​ចំណុច​ផ្សារ​កុងតឺន័រ តាម​បណ្តោយ​ផ្លូវ​ហ្សា​ដឺ​ហ្គូ​ល ខាងកើត​អតីត​ស្តា​ត​ចាស់ ជាប់​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​អង្គរ ទល់មុខ​សណ្ឋាគារ​តារា​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្នុង​នោះគេ​អះអាងថា​ជនបង្ក​ហិង្សា​ខាងលើ​មានឈ្មោះ​ភ័​ណ្ឌ ហើយ​តាម​ការ​ស្ដាប់​សំលេង​ជនបង្ក​នៅក្នុង​ឃ្លី​ប​វីដេអូ ជនបង្ក ទំនងជា​ម្ចាស់​ឬ​អ្នកមើលការខុសត្រូវ​ផ្សារ​កុងតឺន័រ​នេះ​ទៀតផង​។​

​យោងតាម​ការ​ស្ដាប់​សំឡេង​នៅក្នុង​ឃ្លិប​វីដេអូ ករណី​ហឹ​ង្សា​នេះ ទំនង​ផ្ដើមចេញពី​ជនបង្ក​បាន​ចោទថា​ជនរងគ្រោះ​ដែល​គេ​សង្ស័យថា​ជា​ជន​វិកលចរិត​នេះ ទៅ​បន្ទោបង់​លាមក​នៅក្បែរ​របងផ្សារ និង​មុខ​បន្ទប់ដេក​របស់ខ្លួន ពេល​ជនបង្ក​ចេញមក​ឃើញ​ក៏​ធ្វើ​សកម្មភាព​វាយតប់​ទាត់​ធាក់​ទាំង​កម្រោល​តែម្ដងទៅ​។​

​ជាមួយ​ករណីនេះ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ករណី​ចែកចាយ វីដេអូ​ឃ្លី​ប នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook) ករណី​ហិង្សា​មួយ ដែល​សង្ស័យ កើតមានឡើង កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣​យប់ នៅ​ចំណុច ផ្សារ​កុង​ទី​ន័​រ តាម​បណ្តោយ​ផ្លូវ​ហ្សា​ដឺ​ហ្គូ​ល ខាងកើត​ស្តា​ត​ចាស់ ជាប់​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​អង្គរ ទល់មុខ​សណ្ឋាគារ​តារា​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប នោះ ។​

​ដោយមាន​ការយកចិត្ត​ទុកដាក់ ដ៏​ខ្ពង់ខ្ពស់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើ​ការណែនាំ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង ចិន្តា​រ៉េត ស្នងការ​រ​ទទួល​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បើក​ការស៊ើបអង្កេត រក​ហេតុផល​ជាក់ស្តែង នៃ​ករណីនេះ​។​

​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា “​ជា​លទ្ធផល យើង​បានធ្វើការ​ស្រាវជ្រាវ​រក​ឃើញ កន្លែងកើតហេតុ​និង​កោះហៅ ជន​ដែលមាន​ការសង្ស័យ​ពាក់ព័ន្ធ មក​បំភ្លឺ​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ម្សិលមិញ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដែល​ដំណើររឿង​មាន​ដូចតទៅ​៖ មុនពេល​កើតហេតុ នៅ​ចំណុច​ផ្សារ​កុង​ទី​ន័​រ តាម​បណ្តោយ​ផ្លូវ​ហ្សា​ដឺ​ហ្គូ​ល ខាងកើត​ស្តា​ត​ចាស់ ជាប់​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​អង្គរ ទល់មុខ​សណ្ឋាគារ​តារា​អង្គរ ស្ថិត​ក្នុងភូមិ​សាលាកន្សែង ក្រុង​សៀមរាប បុរស​ម្នាក់​ឈ្មោះ ណាំ ហោ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ មាន​ទីលំនៅ នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ជិះ​កង់​ទាំង​ស្រវឹងស្រា ហើយ​ចូលទៅ​អង្គុយ​បន្ទ​បង់ (​បត់ជើងធំ​) នៅខាងមុខ​ការិយាល័យ ធ្វើការ​បុគ្គលិក​ផ្សារ​សៀមរាប ខន​ធែ​ន​ន័​រ ណាយ​ម៉ាក​ឃី​ត ពេលនោះ​ឈ្មោះ សយ សោ​ភ័​ណ្ឌ ហៅ​ប៊ី អាយុ​៣៨​ឆ្នាំ មុខរបរ ជា​ប្រធាន​គ្រប់​គ្រោង​ផ្សារ បានឃើញ​ហើយ​ស្រែកជេរ ឈ្មោះ ណាំ ហោ ដោយ​ខឹង​ឈ្មោះ សយ សោ​ភ័​ណ្ឌ ក៏បាន​រើសយក​កំណាត់ឈើ ដែល​នៅក្បែរ​កន្លែងកើតហេតុ វ៉ៃ​ទៅលើ​ឈ្មោះ​សយ សោ​ភ័​ណ្ឌ ត្រូវ​ផ្នែក​ខ្នង​មួយ​ដំបង ឈ្មោះ​សយ សោ​ភ័​ណ្ឌ ក៏បាន​វ៉ៃ​តបត និង​ស្រែកជេរ ទៅលើ​ឈ្មោះ ណាំ ហោ ដោយ​ឲ្យ​បុរស​ម្នាក់ទៀត​ឈ្មោះ ស៊ី សាវឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​សន្តិសុខ ឈរ​កាន់​ទូរស័ព្ទ​របស់ខ្លួន ថត​ជា​វិ​ដេ​អូ​ឃ្លី​ប ទុក​ផងដែរ ។ ដោយ​ឈឺ​បត់ជើងធំ ហើយ​ស្រវឹងស្រា​ផង នឹងត្រូវ​គេ​វាយ​ទាត់​ធាក់​ទៀតផង​នោះ ឈ្មោះ ណាំ ហោ បាន​ដួល​ដេក​ទៅលើ​ដី ដោយ​ឃើញ​ដូច​ច្នោះ ឈ្មោះ សយ សោ​ភ័​ណ្ឌ ក៏បាន​ឲ្យ​លុយ​ចំនួន​៥​ម៉ឺន​រៀល​ទៅ​ឈ្មោះ ស៊ី សាវឿន និង​សន្តិសុខ​ម្នាក់ទៀត ដើម្បី​ហៅ រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង ដឹក​ឈ្មោះ ណាំ ហោ នឹង​កង់​មួយគ្រឿង ទៅ​មន្ទីរពេទ្យ ក៏ប៉ុន្តែ​ពេលទៅដល់​ចំណុច​រង្វង់​មូល​ព្រះរាជដំណាក់ ឈ្មោះ​ណាំ ហោ ក៏បាន​ស្រែកប្រាប់​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ ឲ្យ​ឈប់ ហើយ​គាត់​ក៏បាន​លើក​កង់​ដែល​នៅលើ​រ៉ឺម៉ក​ចុះ​ហើយ​ឡើង​ជិះ​កង់ ចេញទៅ​បាត់ទៅ​”​។​

​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា នៅ​ចំពោះមុខ​មន្ត្រីនគរបាល ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប អ្នក​ដែលមាន​វត្តមាន នៅក្នុង​ហេតុការណ៍​នេះ បាន​ឆ្លើយបំភ្លឺ​ដំណើររឿង មាន​ភាពស្រប​ប្រហាក់ប្រហែលគ្នា ដូច​បាន​រៀបរាប់​ខាងលើ ដោយឡែក ឈ្មោះ ណាំ ហោ និង​ឈ្មោះ សយ សោ​ភ័​ណ្ឌ ក៏​មិន​ព្រម​ដាក់​ពាក្យបណ្តឹង ប្តឹង​គ្នា​ទៅវិញទៅមក​នោះទេ​។ ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សារ​នេះដែរ លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប ក៏បាន​ណែនាំ និង អនុញាត​ឲ្យ​មានការ​ធានា ភាគី​ទាំងសងខាង ត្រឡប់​ទៅ​លំនៅស្ថាន​វិញ ជា​បណ្តោះអាសន្ន ។ ចំណែកឯ​សំណុំរឿង ត្រូវបាន​នគរបាល ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​និង​បញ្ជូន ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ជាមួយគ្នានេះ នគរបាល​ក្រុង​សៀមរាប ក៏​សូម​ការ​អធ្យាស្រ័យ ផងដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អង្គភាព​សារព័ត៌មាន ចំពោះ​ការយឺតយ៉ាវ បកស្រាយ​ជូន​មហាជន ពីព្រោះ​ករណីនេះ គ្មាន​ពាក្យបណ្តឹង ហើយ​ឈ្មោះ ណាំ ហោ នេះ​មិនមាន​អ្នកណា​ស្គាល់ ទីលំនៅ​របស់គាត់​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×