Saturday, January 22, 2022

ក្រសួងសុខាភិបាល និង WHO កំពុងធ្វើការយ៉ាងមមាញឹកធ្វើបច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron)

ភ្នំពេញ ៖ សេចក្តីជូនព័ត៌មានរួមគា្នរវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីដោះស្រាយបញ្ហាប្រឈម នៃវីរុសកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ធ្វើយ៉ាងណាឆ្លើយតបឲ្យទាន់ពេលវេលា ជាមួយវិធានការដែលមានស្រាប់របស់ប្រទេសកម្ពុជា ។

សេចក្ដីជូនព័ត៌មានរួមគ្នានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា ជាមួយនឹងការលេចចេញនូវវ៉ារ៉្យង់ថ្មីរបស់កូវីដ-១៩ ហៅថា «អូមីក្រុង (Omicron)» បណ្តាប្រទេសនៅលើពិភពលោក បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ម្តងទៀត ចំពោះរលកនៃការឆ្លងជំងឺកូវីដ-១៩ វ៉ារ៉្យង់ថ្មីមួយផ្សេងទៀតនេះ។

អូមីក្រុង (Omicron) កំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មាន លិខិតឆ្លងដែននៅលើសាកលលោក៖ ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតប ដើម្បីជៀសវាងការសោកស្ដាយ

រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍កម្ពុជា បានធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅទូទាំង ប្រទេសប្រកបដោយជោគជ័យ ដោយគិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អត្រាចាក់វាក់សាំងកូវីដ-១៩ មានចំនួន ១០១,១០% នៃប្រជាជនគោលដៅ ១០លាននាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ក៏មួយដូស ហើយមនុស្សពេញវ័យ បានចាក់វ៉ាក់សាំងដូស មូលដ្ឋានពេញលេញ សរុបបានចំនួន ៩៦,៤៤% រីឯបុគ្គលដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ទទួល បានការចាក់វាក់សាំងកូវីដ-១៩ សរុបបានចំនួន ៩៥,២២% និងបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស បានចាក់វាក់សាំងកូវីដ-១៩ដូសពេញលេញសរុបបានចំនួន ១០០% ហើយមនុស្សវ័យចាស់ដែល មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ក៏ត្រូវទទួលបានការចាក់វាក់សាំងកូវីដ-១៩ ដូសពេញលេញបាន ចំនួន ៩៩% នៃចំនួនសរុបក្រុមអាយុនេះផងដែរ។ លទ្ធផលនេះ គឺជាសមិទ្ធិផលដ៏ធំសម្បើមរបស់កម្ពុជា តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួននោះឡើយ។

ចាប់តាំងពីការរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅខេត្ត ព្រះសីហនុ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៣០០នាក់ និងមានអ្នកស្លាប់ចំនួន ២,៩៧១នាក់។ បើគិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះ អ្នកឈឺមានចំនួនលើសពី ៩៩% នៃករណ៏ជំងឺកូវីដ-១៩សរុបទូទាំងប្រទេស និងករណ៏ស្លាប់ទាំងអស់ខាងលើនេះ ត្រូវបានរាយការណ៍ដោយក្រសួងសុខាភិបាល។ ជំងឺរាតត្បាត កូវីដ-១៩នេះ នៅមិនទាន់ចប់នៅឡើយទេ ហើយយើងនៅតែអាចប្រឈមមុខទៅនឹងការឆ្លងជាបន្ត បន្ទាប់ ជាពិសេសចំពោះប្រភេទវីរុសបំប្លែងថ្មីនេះ។ ក្នុងកាលៈទេសៈនេះ វាមានសារៈសំខាន់ណាស់ ដែលសហគមន៍កម្ពុជា ចាំបាច់ត្រូវត្រៀមលក្ខណៈ និងរៀបចំឱ្យបានល្អសម្រាប់ការឆ្លើយតប និង អន្តរាគមន៍ទៅនឹងការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

ជាមួយនឹងការលេចចេញនូវវារឿង់ថ្មីរបស់កូវីដ-១៩ ហៅថា “អូមីក្រុង (Omicron)” បណ្តាប្រទេស នៅលើពិភពលោក បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ម្តងទៀត ចំពោះរលកនៃការឆ្លងជំងឺកូវីដ-១៩ វ៉ង់ ថ្មីមួយផ្សេងទៀតនេះ។ ក្រសួងសុខាភិបាលដែលមានការគាំទ្រ ពីអង្គការសុខភាពពិភពលោក កំពុងធ្វើការយ៉ាងមមាញឹកដើម្បីដោះស្រាយបញ្ហាប្រឈមនេះ និងដើម្បីមើលថាតើការប្រែប្រួលនេះ នឹង មានផលប៉ះពាល់អ្វីខ្លះទៅលើឧបករណ៍ និងវិធានការណ៍ដែលមានស្រាប់របស់ប្រទេសក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ជាពិសេសពពួកបប្លែងថ្មីអូមីក្រុងនេះ។ ក្នុងខណៈពេលដែល បច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់ណាមួយថា មានវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងប្រទេសកម្ពុជានៅឡើយក៏ដោយ ប៉ុន្តែបើតាមការសិក្សាពីចរាចរ និងបទពិសោធន៍នៃវីរុស ប្រភេទដែលតា (Delta) ដែលកំពុងតែមានវត្តមានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្ននេះ យើងអាច ប្រមើលមើលរំពឹងទុកថា ចរន្តចរាចរនៃវីរុសអូមីក្រុងនេះ អាចនឹងមកដល់ប្រទេសនានាដោយស្ងៀម ស្ងាត់ក្នុងថ្ងៃណាមួយ ដោយវាគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះ។ ជាក់ស្តែងអង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយនូវរបាយការណ៍របស់ខ្លួនដោយគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១ មានប្រទេសចំនួន ៥៧ នៅលើពិភពលោក ដែលបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសអូមីក្រុង ក្រោយពីមានការប្រកាសរកឃើញករជាវីរុសអូមីក្រុងជាលើកដំបូង លើវត្ថុសំណាកបុគ្គលម្នាក់ដែល បានយកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលវារឿងថ្មី (B.1.1.529) នេះ បានរាយការណ៍ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ដើម្បីកាត់បន្ថយពេលវេលានៃការមកដល់ក្នុងប្រទេសនៃវីរុសអូមីក្រុង (Omicron) “វិធានការ ការពារនៅតាមព្រំដែនអន្តរជាតិកំពុងតែត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ប៉ុន្តែក៏មានការគិតទុកជាមុន ថា វត្តមានមកដល់របស់អូមីក្រុង (Omicron) នឹងអាចកើតមានឡើងនៅពេលណាមួយជាមិនខាន។ ដូច្នេះ បុគ្គលម្នាក់ៗ ក្រុមគ្រួសារនិមួយៗ និងសហគមន៍ទាំងមូល ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ច ហើយត្រៀមខ្លួនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដោយមិនគិតពីការប្រែប្រួលនៃវីរុស កូវីដ-១៩ ខណៈពេលដែលយើងកំពុងរៀនសូត្ររស់នៅក្នុងប្រក្រតីភាពថ្មីរបស់យើង ដោយចាំបាច់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ ការពារ និង ៣ កុំ (3 dos and 3 don’ts) ហើយត្រូវចាក់វាក់សាំង កូវីដ-១៩ ឱ្យបានពេញលេញនៅពេលវេនរបស់អ្នកមកដល់ ដែលនេះជាប្រសាសន៍របស់ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ វាជាការលំបាកណាស់ក្នុងការលុបបំបាត់មេរោគកូវីដ-១៩(COVID-19) ហើយវារឹតតែពិបាកណាស់ទៅទៀតក្នុងការបញ្ឈប់ការចម្លងរបស់វា ប្រសិនបើមនុស្សមិនអនុវត្ត វិធានការបង្ការជំងឺចាំបាច់ទាំងអស់ដែលបានដាក់ចេញ។

អូមីក្រុង (Omicron) ត្រូវបានចាត់ទុកជាវីរុសកូវីដ-១៩ បំប្លែងថ្មីដែលគួរឲ្យព្រួយបារម្ភ ពីព្រោះវា មានភាពបំប្លែងខ្លួនជាច្រើនដែលអាចមានឥទ្ធិពលលើចរិកលក្ខណៈរបស់វា។ យើងត្រូវការការស្រាវ ជ្រាវឆាប់រហ័សដើម្បីយល់ដឹងពីរឿងនេះ។ ក្នុងពេលជាមួយគ្នានេះដែរ យើងមិនត្រូវភ្លេចថា យើងក៏ កំពុងធ្វើការដោះស្រាយបញ្ហាវីរុសកូវីដ-១៩ដែលងាយឆ្លងដ៏គ្រោះថ្នាក់មួយ គឺវីរុសបំប្លែងថ្មីប្រភេទ ដែលតា (Delta) ដែលនៅតែជាមេរោគដែលបង្កករណ៍ឆ្លងស្ទើរតែទាំងអស់នៅទូទាំងពិភពលោក។ វីរុសបំប្លែងថ្មីមួយចេញរូបរាងមកមិនមែនមានន័យថា អ្វីៗទាំងអស់នឹងកាន់តែអាក្រក់នោះទ ប៉ុន្តែវាមានន័យថា មានភាពមិនប្រាកដប្រជា ជាច្រើនដែលយើងត្រូវប្រឈម។ យើងត្រូវតែអត់ធ្មត់ខណៈ ដែលយើងរង់ចាំនូវទិន្នន័យថ្មីៗផ្សេងៗ។ នៅពេលនេះយើងអាចធ្វើសកម្មភាពឆ្លើយតបដោយផ្អែក លើអ្វីដែលយើងដឹង ដើម្បីកុំឱ្យហួសពេល និងមានការស្ដាយក្រោយ។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងត្រូវតែត្រៀមខ្លួន សម្រាប់ការកើនឡើងនៃករណីជំងឺកូវីដ-១៩ នាពេលអនាគត” វីរុសកូវីដ-១៩ នឹងបន្តបំប្លែងខ្លួន ហើយវីរុសបំប្លែងខ្លួនថ្មីខ្លះនឹងងាយឆ្លងជាងវីរុស បំប្លែងខ្លួនថ្មីដទៃទៀត ។ ខណៈពេលដែលយើងប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជានៃវីរុស បំប្លែងថ្មី អូមីក្រុងផ្តល់ឱកាសឱ្យយើងក្នុងការពង្រឹងសមត្ថភាព និងប្រព័ន្ធសុខាភិបាល ដោយយើង ត្រូវត្រៀមរៀបចំបម្រុងសម្រាប់ការកើនឡើងជាគំហុកណាមួយនៃជំងឺកូវីដ-១៩ ដែលអាចឲ្យយើង ជៀសវាងបានពីសភាពការរាតត្បាតទៅហួសខ្សែបន្ទាត់ក្រហម ដែលធ្វើឲ្យប្រព័ន្ធសុខាភិបាលទទួល បន្ទុកធ្ងន់ធ្ងរ ឬអាចហួសកម្រិតដែលអាចទ្រាំទ្របានហើយក៏អាចការពារប្រជាជនងាយរងគ្រោះបាន ផងដែរ។ វិធានការទាំងនេះ ជួយយើងក្នុងការបន្តបើកដំណើរការប្រទេសឡើងវិញដោយសុវត្ថិភាព និងនិរន្តរភាព”។

យើងក៏នៅមិនទាន់ដឹងថា តើការឆ្លងវីរុសប្រភេទអូមីក្រុង (Omicron) បង្កឱ្យមានសភាពជំងឺធ្ងន់ធ្ងរ ជាងស្ថានភាពជំងឺកូវីដ-១៩បច្ចុប្បន្ននេះឬទេ បើប្រៀបធៀបទៅនឹងវារឿង់នៃកូវីដ-១៩ផ្សេងទៀត។ យើង មិនទាន់ដឹងថា តើនឹងមានផលប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំបង្ការឬយ៉ាងណានោះទេ។ យើងដឹងបាន ថាអូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្ត យើងក៏ដឹងថាវិធានការសុខភាពសាធារណៈ និង ការការពាររបស់បុគ្គលបច្ចុប្បន្ននេះ មានប្រសិទ្ធិភាពធ្វើការប្រឆាំងនឹងរ៉ាញ៉ង់មុនៗបាន . រួមទាំងការ ប្រឆាំងនឹងប្រភេទដែលតា និងអូមីក្រុង (Delta and Omicron) ផងដែរ។ អង្គការសុខភាពពិភពលោក (WHO) នឹងបន្តគាំទ្រការស្រាវជ្រាវលើអូមីក្រុង ដើម្បីនាំយកព័ត៌មានបន្ថែមអំពីវ៉ារឿង់នៃកូដ-១៩ ថ្មី នេះ ជូនសាធារណជន បានជ្រាបបន្ថែមទៀត។

នៅក្នុងប្រទេសកម្ពុជា ការអនុវត្តន៍វិធានការ ៣ ការពារ និង ៣ កុំ បូកនឹងការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាចំណុចគន្លឹះដែលមានប្រសិទ្ធភាព ហើយនៅតែជាការការពារដ៏រឹងមាំបំផុតរបស់យើង ប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងដែលតា និងអូមីក្រុង (Delta and Omicron) ផងដែរ និងការពារជន ដែលងាយរងគ្រោះ ប្រសិនបើអនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការទាំងនេះ។ យើងត្រូវបន្ត ការប្រុងប្រយ័ត្នប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារជនងាយរងគ្រោះ និងត្រៀមខ្លួនសម្រាប់ការកើន ឡើងនៃជំងឺនេះ នាពេលអនាគត។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយ “រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩”។ សុខភាពរបស់លោកអ្នក គឺជាអាទិភាពចម្បងរបស់លោកអ្នក មានតែលោកអ្នកទេដែលអាចការពារការចម្លងជំងឺកូវីដ-១៩ បាន មានតែគ្រួសារលោកអ្នក និងសហគមន៍ របស់លោកអ្នកប៉ុណ្ណោះ ដែលអាចបញ្ឈប់ការរីករាលដាលនៃមេរោគនេះបាន នេះជាសាសន៍របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស
យើងក៏ដឹងដែរថា ការធ្វើតេស្តភីស៊ីអ័រ (PCR Test) ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជួយបន្តរកឃើញវីរុសបម្លែងថ្មីអូមីក្រុង (Omicron)។ ចំនុចនេះ មានសារៈសំខាន់សម្រាប់ការត្រួតពិនិត្យ ការរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍ និងសម្រាប់ការអនុវត្តន៍វិធានការផ្អែកលើការ វាយតម្លៃហានិភ័យនៅតាមព្រំដែនអន្តរជាតិ។ តាមអ្វីដែលយើងដឹងរហូតមកដល់ពេលនេះ វាហាក់ ដូចជាអ្នកដែលមានជំងឺកូវីដ-១៩រួចហើយ អាចឆ្លងឡើងវិញដោយវីរុសប្រភេទអូមីក្រុង (Omicron) និងប្រភេទវារឿង់ផ្សេងទៀត ដូច្នេះ វាជាការសំខាន់ណាស់ ដែលបុគ្គលគ្រប់រូប ត្រូវរក្សាការប្រុង ប្រយ័ត្ន ហើយអនុវត្តជាបន្តនូវវិធានការបង្ការជំងឺផ្ទាល់ខ្លួន និងការពារការចម្លងជំងឺចូលសហគមន៍ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគអត់ស្រមោលកូវីដ-១៩នេះ។

ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើងក៏ដោយ នៅទូទាំងពិភពលោក វីរុសកូវីដ-១៥ នឹងមិនងាយរលាយបាត់ខ្លួនក្នុងពេលឆាប់ៗនេះទេ។ យើងត្រូវរៀនរស់នៅជាមួយវីរុស កូវីដ-១៩។ ខណៈពេលដែលយើងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស ការចាក់ជូន ដល់អ្នកដែលមិនមានលទ្ធភាពអាចមករកសេវាចាក់វាក់សាំងបាន (hard to reach population) ដើម្បី ឈានទៅដល់កម្រិតអប្បបរិមា និងដើម្បីបំពេញកម្រិតវាក់សាំងឱ្យបានគ្រប់ដូសពេញលេញ យើង ក៏ត្រូវតែបន្តពង្រឹងប្រព័ន្ធស្រាវជ្រាវសម្រាប់ការរកឃើញវីរុសកូវីដ-១៩ឱ្យបានលឿន និងត្រូវបន្តតាម ដានឱ្យបានទាន់ពេលវេលារួមជាមួយនឹងការអនុវត្តន៍វិធានការសុខភាពសាធារណៈ និងសង្គមដែល បានក្រិតតាមក្បួនខ្នាត និងកំណត់គោលដៅជាក់លាក់ ហើយយើងនៅតែត្រូវរៀបចំសម្រាប់ដោះ ស្រាយនូវការកើនឡើងជាយថាហេតុ នូវករណីឆ្លងកូវីដ-១៩ មិនថាពពួកបំប្លែងចាស់ ឬបំប្លែងថ្មី នាពេលអនាគត។ ប្រាកដណាស់ថា ប្រព័ន្ធសុខាភិបាល ត្រូវបានរៀបចំត្រៀមលក្ខណៈឱ្យបានល្អដើម្បី ដោះស្រាយ និងកាត់បន្ថយការរំខានផ្នែកសុខភាព សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយការ ចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីនេះ។ យើងត្រូវតែបន្តអនុវត្តនៅវិធានការការពាររបស់យើង ដើម្បីធានា បាននូវនិរន្តភាពនៃការរស់នៅរបស់យើងទាំងអស់គ្នាតាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុខភាព ល្អប្រសើរ និងមានអាយុយឺនយូរ៕ រក្សាសិទ្ធិដោយ ៖​សុទ្ធ លី