Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ប្តេជ្ញា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា ក្រោយពី​ទទួល បាន​មួកសុវត្ថិភាព និង​ឯកសារ​ពាក់ព័ន្ធ​និង​ច្បាប់​ចរាចរណ៍

spot_img

ព្រះវិហារ​៖ ក្នុងទិសដៅ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តព្រះវិហារ និង​ក្រុមការងារ លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​យុទ្ធនាការ​រឹតបន្តឹង​ការពាក់​មួកសុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ។​

​ក្នុងឱកាស​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​មានប្រសាសន៍ថា ថ្វីត្បិតតែ​ខេត្តព្រះវិហារ​ជា​ខេត្ត​មួយ​នៅ​ចុងកា​តមាត់​ញក​ជាប់​ព្រំដែន ក៏​ថ្នាក់ដឹកនាំ​ខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ​តែង​យកចិត្តទុកដាក់​ខ្ពស់​ពី​សុវត្ថិភាព​ចរាចរណ៍​ដោយ​ក្នុងនោះ​ក្រៅពី​សមត្ថកិច្ច​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ មន្ទីរ​របស់លោក​បាន​យកចិត្តទុកដាក់​ពី​បញ្ហា​ស្លាក​សញ្ញា​ចរាចរណ៍​នៅតាម​ដងផ្លូវ​នានា ដើម្បីអោយ​អ្នកបើកបរ​បានដឹង​និង​មានការ​ប្រុងប្រយ័ត្ន​។​

​លោក​សំលាង​ទ្រី ក៏បាន​ថ្លែងអំណរគុណ​សម្តេច​ក្រឡា​ហោម​សខេង​ប្រធាន​គណៈកម្មាការ​សុវត្ថិភាព​ចរាចរណ៍ លោក​ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​អ៊ុន ចាន់​ដា​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុ​គណៈកម្មាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ខេត្ត​ដែល​បាន​ឧបត្ថម្ភ​មួកសុវត្ថិភាព​និង​តែងតែ​យកចិត្តទុកដាក់​ដល់​ស​ម​ត្ថ​កិច្ច​អនុវត្ត​ច្បាប់​ក៏ដូចជា​មន្ត្រី​ជំនាញ​ដែល​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​នេះ​ក្នុង​ន​យ័​បញ្ជៀ​ស​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។​

​ជាមួយ​ព្រឹត្តិការណ៍​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​ការអប់រំ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ទទួលបាន​មួកសុវត្ថិភាព យកទៅ​ដើម្បី​ការប៉ះទង្គិច​ក្បាល បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​យកចិត្តទុកដាក់​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​។ ពួកគាត់​ប្តេជ្ញា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា ក្រោយពី​ទទួល បាន​មួកសុវត្ថិភាព និង​ឯកសារ​ពាក់ព័ន្ធ​និង​ច្បាប់​ចរាចរណ៍ ដើម្បីអោយ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប ។​

​ក្រុមការងារ​នេះ​ដឹកនាំ​ដោយ លោក​គោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​ខេត្ត តំណាង លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តព្រះវិហារ ដោយ​ធ្វើឡើង​ចំនួន ០២​ទីតាំង ក្នុងនោះ​រួមមាន​៖ ទីតាំង​សាលា​គរុកោសល្យ​ខេត្ត ក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ បាន​ចែកជូន​នូវ​សៀវភៅ អ្វីដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់ដឹង​ដល់​សិស្សានុសិស្ស​អស់​ចំនួន ១០០០​ក្បាល និង​ខិត​បណ្ណ​ការពារ​ជិវិត​អ្នកបើកបរ​ដោយ​សុវត្ថិភាព ពាក់មួក​សុវត្ថិភាព​អស់ ចំនួន ១៧០០​សន្លឹក​។ ទីតាំង​លើ​កំណាត់​ផ្លូវជាតិ​លេខ ៦២ នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ បាន​ចុះ​យុទ្ធនាការ​ស្ដីពី “​ការអនុវត្ត​រឹតបន្តឹង​ការ ពាក់មួក​សុវត្ថិភាព​” ក្នុងនោះ​ចរចា​រណ៍​ឆ្លងកាត់​មាន រថយន្ត​ចំនួន ១៥២​គ្រឿង ម៉ូតូ​ចំនួន ៤៥២ គ្រឿង ពាក់មួក​សុវត្ថិភាព​ចំនួន ២៧១​គ្រឿង អត់​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ១៨១​គ្រឿង អប់រំ​ណែនាំ និង​សំណួរចម្លើយ​ចំនួន ១៨១​គ្រឿង ប្រគល់​មួកសុវត្ថិភាព​សម្រាប់​អ្នកឆ្លើយ សំណួរ​ត្រូវបាន​ចំនួន ១៥០​មួក អ្នក​មិនបាន​ទទួល​មួក​មាន​ចំនួន ៣១​នាក់ ជាមួយគ្នា​នោះដែរ​ក៏បាន​ចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ​ចាំបាច់​មួយចំនួន​រួមមាន​៖ ១- ស្ទីក​ឃ័​រ​ចំណាំងផ្លាត​ស្ដីពី​ការពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​(​ឡាន​) ចំនួន ១៦២​សន្លឹក ២- ស្ទីក​ឃ័​រ​ចំណាំងផ្លាត​ស្ដីពី​ការពាក់​មួកសុវត្ថិភាព​(​ម៉ូតូ​) ចំនួន ១៦២​សន្លឹក ៣- ស្ទីក​ឃ័​រ​សីលធម៌ ១០​ចំណុច ដើម្បី​សុវត្ថិភាព​ចរាចរណ៍ ចំនួន ១៦២​សន្លឹក ៤- កាត​សុវត្ថិភាព​(​សំរាប់​អ្នកបើកបរ​) ចំនួន ១៦២​សន្លឹក ៥- ផ្ទាំង​រូបភាព​សញ្ញា​ចរាចរណ៍​សំខាន់ៗ ចំនួន ៣០​ផ្ទាំង ៦- សៀវភៅ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ចំនួន ១៦២​ក្បាល ៧- សៀវភៅ​អ្វីដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់ដឹង ចំនួន ១៦២​ក្បាល ៨- មួកសុវត្ថិភាព ចំនួន ១៥០​មួក​៕ ដោយ​៖​ជាលី​

spot_img
×