Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-​ចិន សិក្សា​ប្លង់​មេ​ផែនការ​គម្រោង​ធនធានទឹក នៅ​កម្ពុជា​

spot_img

​​​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​អង្គារ ទី ២៤ ខែ​មេសា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអនុញ្ញាត​ឱ្យ​លោក លូ គុយ​ហ្វារ (HE. LU GUIHUA) អនុ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៃ​ការសិក្សា​ប្លង់​មេ ស្តីពី ផែនការ​គម្រោង​ធនធាន​ទឹក​នៅ​កម្ពុជា ។​

​លោក លឹម គានហោ បាន​លើកឡើង​នូវ​មតិ​ស្វាគមន៍ ចំពោះ​ដំណើរ​ទស្សនកិច្ច របស់លោក​អនុ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ចិន និង​គណៈប្រតិភូ នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការ​អរគុណ ចំពោះ​ភាគី​មិត្ត​ចិន ដែល​ជានិច្ចកាល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និយាយ​ជា​រួម និង​ដោយឡែក​លើ​ការអភិវឌ្ឍ​វិស័យ​ធនធាន​ទឹក​នៅ​កម្ពុជា ។ លោក លូ គុយ​ហ្វារ អនុ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ចិន បាន​លើកឡើង​ថា ក្នុងនាម​ជា​បងប្អូន ប្រទេស​ចិន តែងតែ​គិតគូ និង​ជួយ​ជំរុញ​ជា​និច្ច ឱ្យ​កម្ពុជា​មាន​ការរីកលូតលាស់ ។​

​ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏បាន​លើកឡើង​ព្រមៗ​គ្នា​ដែរ​ថា កម្ពុជា និង​ចិន មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​តាំងពី​យូរលង់​ណាស់​មកហើយ ពិសេស​ទំនាក់ទំនងរ​វាង​សម្តេចព្រះ​បរម​រតន​កោដ្ឋ ជាមួយ​លោក ម៉ៅ សេទុង ហើយ​បច្ចុប្បន្ន​ទំនាក់ទំនង រវាង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ទន្ទឹមនេះ ក្រសួង​ធនធានទឹក​នៃ​ប្រទេស​ទាំង​ពីរ ត្រូវតែ​បន្ត​ប្រពៃណី​ដ៏​ល្អ​នេះ ឱ្យ​កាន់តែ​ខ្លាំងក្លា និង​រឹងមាំ​បន្ថែមទៀត ។​

​ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ចុះហត្ថលេខា លើ​ឯកសារ​ប្រគល់ ទទួល​ឧបករណ៍​មន្ទីរពិសោធន៍ សម្រាប់​វិទ្យាស្ថាន​ធនធានទឹក នៅ​កម្ពុជា និង​ស្តាប់​បទ​បង្ហាញ​របស់​អ្នកបច្ចេកទេស​ស្តីពី លទ្ធផល​បឋម​នៃ​ការ​សិក្សា​ប្លង់​មេ ស្តីពី ផែនការ​គម្រោង​ធនធាន​ទឹក​នៅ​កម្ពុជា និង​លទ្ធផល​នៃ​ការផ្គត់ផ្គង់​ឧបករណ៍ មន្ទីរពិសោធន៍ សម្រាប់​វិទ្យាស្ថាន​ធនធានទឹក នៅ​កម្ពុជា ព្រមទាំង​បាន​ណែនាំ ដល់​អ្នកបច្ចេកទេស នៃ​ក្រសួង​ទាំងពីរ ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ខ្លាំងក្លា ជិតស្និទ្ធ​បន្ថែមទៀត សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​ប្លង់​មេ ស្តីពី​ការគ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា ក្លាយ​ជា​ផែនទី​ចង្អុរ​ផ្លូវ​មួយដ៏​ល្អ សម្រាប់​រៀបចំ​ផែនការ​គ្រប់គ្រង​ធនធាន​ទឹក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×