Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ្ញៀវ​​​ទេសចរ​​សំណូមពរឲ្យ​​​អភិបាល​​​ខេត្តព្រះ​សី​ហនុ​​​ ​​ជួយ​​នាំ​​យក​​ស្តង់​-តុ​ និង​ឆត្រ​ចេញ​ពីលើឆ្នេរ​ខ្សាច់​​​​​ឆ្នេរ​​អូរ​​ឈើ​​ទាល​​ព្រោះ​​នាំ​ឲ្យ​​បាត់​​បង់​​សោ​ភ័ណ​​ភាព​​ឆ្នេរ​​សមុទ្រ(មានវីឌីអូ)

spot_img

ខេត្ត​ព្រះសីហនុ៖ ភ្ញៀវ​ទេសចរ​​ជាតិ​អន្តរ​ជាតិ ដែល​ចូល​មក​ទស្សនា​​​ខេត្ត​ព្រះ​សីហនុ បង្ហាញ​ការ​មិន​សូវ​ពេញ​ចិត្ត​​ ចំពោះ​សកម្ម​ភាពរបស់​​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​និងអាជីវករឆ្នេរអូរឈើទាល ដែល​បាន​នាំ​យក​តូប​លក់​ភេសជ្ជ តុ ឆត្រ និងសម្ភារៈផ្សេងៗទៀត យក​ទៅ​ដាក់​​ពង្រាយ​នៅ​តាម​ឆ្នេរ​ខ្សាច់ ​នៃឆ្នេរ​សមុទ្រ​អូរ​ឈើទាល ថា​បាន​ប៉ះពាល់​ដល់​សោភ័ណ​ភាព​បរិស្ថាន​ឆ្នេរ និង​​ប៉ះពាល់​​ដល់​ការ​ដើរ​កម្សាន្ត ​និង​ចុះ​ងូតទឹក​តាម​ឆ្នេរ​សមុទ្រ​មួយ​នេះ​

ភ្ញៀវ​ទេសចរ​ជាតិ បង្ហាញអារម្មណ៍​ហួសចិត្ត កាលបើដឹងថា រដ្ឋបាល​ខេត្តព្រះសីហនុ បាននាំ​យក​ ស្តង់ ឬតូប​លក់​ភេសជ្ជ តុ និង​ឆត្រ ​ទៅ​ដាក់​​ពង្រាយ​នៅ​លើឆ្នេរ​​សមុទ្រ​មួយចំនួន ​មានឆ្នេរអូរឈើ​ទាល​​ជាដើម ​​នាំ​ឲ្យ​​បាត់​បង់​សណ្តាប់​ធ្នាប់ និង​​សោ​ភ័ណ​ភាព​ឆ្នេរ​​មាន​​ដូចជា៖ ឆ្នេរ​​អូ​រ​ឈើ​ទាល ឆ្នេរ​អតីត​មុខ​ក្រុមហ៊ុន​អារីស្តុន និង​​​ឆ្នេរ​ឯក​រាជ្យ​ជា​ដើម​ ក្នុង​​គម្រោ​ង​ដាក់​​ជួល​ឲ្យ​អាជីវករ​លក់ដូរ​

បន្ថែមលើនេះ ភ្ញៀវ​ទេសចរ​​​ជាតិ​​​ភាគ​​ច្រើន ​ក៏​បាន​រិះ​គន់​អាជ្ញាធរ​​ក្រុង​ខេត្តព្រះសីហនុ​ ​ដែល​បាន​អនុញ្ញាត​ឲ្យ​​អាជីវករ​​លក់ដូរ ​នៅ​ឆ្នេរ​​អូរ​​​ឈើ​ទាល​នាំ​យក​សម្ភារ​ផ្សេងៗ​មាន​​តុ​ និង​កៅ​អី​ជា​ដើម​ ​យក​ទៅដាក់​ធ្វើ​អាជីវ​កម្ម​​នៅ​​លើ​​ឆ្នេរ​ខ្សាច់​ ថា​​នាំឲ្យប៉ះ​ពាល់​ដល់ដល់​សណ្តា​ប់​ធ្នាប់ និង​​សោភ័ណ​​ភាពឆ្នេរ​សមុទ្រ ជាពិសេសប៉ះពាល់ដល់​ការ​ធ្វើ​​ដំណើរ​​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​ ​និង​​ការ​ចុះងូត​​ទឹក​កម្សាន្ត របស់​​ភ្ញៀវ​​ទេស​ចរ​​ចម្រុះ​​ជាតិ​សាសន៍​។

ផ្តើម​ពីបញ្ហានេះ ​ភ្ញៀវ​ទេសចរ ​ដែល​ចូល​​ទៅ​ដល់​ឆ្នេរ​អូរឈើ​ទាល​​នាពិធីបុណ្យ​ចូលឆ្នាំខ្មែរ ​ទើប​​​បញ្ចប់ថ្មីៗនេះ​ បាន​សំណូមពរ​​ដល់​ លោក ​យន្ត ​មីន អភិ​បាល​ខេត្ត​​ព្រះសីហនុ ជួយណែនាំដល់​ក្រុមអាជីវករឆ្នេរអូរឈើទាល​កុំ​ឲ្យនាំ​យក​តុកៅអី ​និង​សម្ភារៈ​ផ្សេងៗ​ ​ដើម្បី​​បំរើសេវា​ទេសចរណ៍ នៅលើ​ឆ្នេរ​ខ្សាច់​ឆ្នេរអូរឈើទាល​គ្មាន​សណ្តា​ប់​​ធ្នាប់​ដូច​​រាល់​ថ្ងៃ​​ទៀត​​នាថ្ងៃ​អនាគត​។

ពិសេស​​ជាងនេះ ​ភ្ញៀវទេសចរ ក៏បានស្នើឲ្យ ​លោក​​​អភិបាល​ខេត្ត​​​ ឲ្យ​ជួយ​អន្ត​រាគមន៍​ទៅ​មន្ត្រី​ក្រោម​ឱវាទ ​របស់​ខ្លួន ​​ត្រូវនាំ​យក​​ស្តង់ ឬ​តូប​​លក់​ភេសជ្ជ តុ និង​ឆត្រ​ ដែល​ពួកគេ​បាន​ដាក់​ពង្រាយ​នៅលើ​ឆ្នេរ​សមុទ្រ​មួយ​​ចំនួន​នា​ពេល​កន្លងមក​ ចេញ​ពីលើ​ឆ្នេរខ្សាច់​ឆ្នេរ​អូរ​​​​ឈើ​ទាល និង​ឆ្នេរអារីស្តុនជាដើម​ឲ្យ​បាន​ឆាប់​ផង​។ បន្ថែម​លើ​នេះ​ ​ក៏​ស្នើ​ឲ្យ​នាំ​យក​សម្ភារៈ​​ទាំង​នោះ ​យកទៅ​ដាក់ពង្រាយ​​នៅ​តាម​​​តំបន់​​ឆ្នេរ​ផ្សេងៗ​ ដែល​​មិន​​​ទាន់​មាន​​ការ​អភិវឌ្ឍ​ជំនួស​វិញ​។ ​

បញ្ហានេះ ​កន្លងមក លោក ឈិន សេងងួន អភិបាល​រង​ខេត្ត​ព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង​ថា តូប​លក់​ភេសជ្ជ តុ និង​ឆត្រ​ ​ដែល​សាលា​ខេត្ត​ ​​នាំ​យក​ទៅពង្រាយ​នៅ​តាម​​ឆ្នេរ​មួយ​ចំនួន​ ​ត្រូវបានឧបត្ថម​ពី​ក្រុមហ៊ុន​ខែម​បូអែដ ផ្តល់​​​ជូន​មក​ឲ្យ​សាលា​ខេត្​ត។ ​លោក​ថា សម្ភារ​ទាំងនោះ រដ្ឋបាល​ខេត្ត​ត្រៀម​​សម្រាប់​​ជួល​ឲ្យ​អាជីវករឬ​ប្រជា​ពលរដ្ឋ​ ក្នុង​តម្លៃ​សម​រម្យ ដើម្បី​ឲ្យរដ្ឋបាល​ខេត្ត​មាន​​​​​ខ្ទង់​ថវិកា​ចំណាយ​​លើការងារ​ថែរក្សា​​សំអាត​​​អនាម័យ ​បរិស្ថាន​​ឆ្នេរ​សមុទ្រ​ខេត្តនេះ ​ឲ្យ​មាន​​សោភ័ណ​ភាព​​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ​

ករណីនេះ លោក ឈិន សេងងួន បញ្ជាក់​ថា ​ រដ្ឋបាលខេត្តព្រះសីហនុ នឹង​​ស្វែងរក​ទីតាំង​សម្រាប់​ដាក់​សម្ភារ​ទាំង​នោះ ​ឲ្យ​បាន​ត្រឹម​ត្រូវ​​​​ជាងនេះ ព្រោះ​មិន​អាចយក​ទៅដាក់​នៅលើឆ្នេរខ្សាច់​ ឬឆ្នេរសមុទ្រនាំឲ្យបាត់បង់​សោភ័ណ​ភាព​ឆ្នេរ​បានទេ។ លោក​​ថា ​ក្រុម​ការ​ងារ​​​សាលាខេត្ត កន្លង​មកបាន​ចុះ​សិក្សាស្វែង​​​រក​ទីតាំង ​​នៅ​តាម​​តំបន់​ឆ្នេរ​មួយ​​ចំនួន ដែល​មិន​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ​របស់​​​​ប្រជាពលរដ្ឋ ជាពិសេស​កុំ​ឲ្យ​​ប៉ះពាល់​​ដល់​សោ​ភ័ណ​ភាព​ឆ្នេរសមុទ្រ ​បរិស្ថាន​ឆ្នេរ​​ខ្សាច់ និងកុំឲ្យ​​ប៉ះពាល់​​ដល់​ភ្ញៀវ​​ទេសចរ​ ដែល​​​​ចូល​មកសំរាក​កម្សាន្ត​នៅ​​តាម​ឆ្នេរ​​អូរ​ឈើ​ទាល​ ​​និង​អតីត​ឆ្នេរ​អារីស្តុនជាដើម

យ៉ាង​នេះក្តីភ្ញៀវ​​ទេសចរ​ជាតិ​ភាគ​ច្រើន ​បានបន្តរិះ​គន់ថា មិន​គួរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ នាំយក​តូប​​លក់​ភេសជ្ជ តុ និងឆត្រ ​មក​ដាក់​​ពង្រាយ​នៅ​​លើ​ឆ្នេរ​ខ្សាច់​ ​នៃឆ្នេរ​អូរឈើទាល​ និងឆ្នេរអតី​ត​មុខក្រុម​​ហ៊ុនអារីស្តុន​​ដូច​រាល់​​ថ្ងៃ​នេះ​​ទៀត​​ទេ។​

បញ្ហា​នេះ​ ​ភ្ញៀវ​ទេសចរ​ជាតិ ​​បាន​សំណូមពរ​ដល់ ​លោក ​យន្ត ​មីន ​អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​នាំ​យក​តូប​លក់​ភេសជ្ជ​ តុ ​និង​ឆត្រ​​ទាំង​អស់ ​ចេញ​ពី​ឆ្នេរអូរ​ឈើ​ទាល និង​ឆ្នេរ​អារី​ស្តុន​ជាដើម ដែលរដ្ឋបាលខេត្តនេះ​បាននាំ​យកទៅពង្រាយលើ​ឆ្នេរ​សមុទ្រនា​ពេល​កន្លង​ទៅ ត្រូវនាំយក​ចេញ​ពីលើឆ្នេរខ្សាច់​ឲ្យបានឆាប់ ដើម្បីរក្សាសោភ័ណ​ភាព​ឆ្នេរ​សមុទ្រ ពិសេសឆ្នេរអូរឈើទាល ​មានទីតាំង​នៅ​ទល់​មុខ​វិមាន​លំហែកាយ របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី ​នៃព្រះ​រាជា​ណាច​ក្រកម្ពុជា។ បន្ថែម​លើ​នេះ​ ភ្ញៀវទេសចរ​ជាតិ ក៏បាន​​ស្នើ​ដល់​​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ត្រូវ​​នាំ​យកសម្ភារ​ទាំង​នោះ​ ​​ប្តូរ​ទៅ​​ដាក់​​ពង្រាយនៅ​តាម​ឆ្នេរ​​សមុទ្រ​​ ដែល​​មិន​​ទាន់​មាន​ការ​អភិវឌ្ឍ ​ឬ​មិន​ទាន់​មាន​អាជីវករ​លក់​ដូរ ប្រសើរ​ជា​ជាង​ ​នាំ​យក​ទៅ​ដាក់​​ពង្រាយ​នៅ​​តាមឆ្នេរ ដែលមាន​ការ​​​អភិវឌ្ឍ​រួច​​​ហើយនោះ​​៕ ​ ដែន សីមា

   

spot_img
×