Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ភ្នំពេញ កោះហៅ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មក​ប្រជុំ ​ដើម្បី​រិះរក​ដំណោះស្រាយ​លើ​បញ្ហា​លិចលង់​ដោយ​ទឹក​ជំនន់​នៅ​រដូវវស្សា​នេះ​

spot_img

​​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ បាន​កោះហៅ​អាជ្ញាធរ​ខណ្ឌ​និង​មន្ត្រី​ជំនាញ​មក​ប្រជុំ​ពិភាក្សា​ពី​ស្ថានភាព​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​យន្តការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេល មុន​រដូវវស្សា​ឈាន​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​​

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​​ថា បញ្ហា​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​មួយចំនួន​ដូចជា នៅ​តំបន់​សឡា ត្រង់​ចំណុច​កដប ផ្លូវ​៣៧១ ប្រសប​គ្នា ដើម​ស្លែង​និង​ស្ទឹងមានជ័យ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ជាដើម ដើម្បី​លើក​មក​ពិភាក្សា​គ្នា​ឱ្យ​ច្បាស់ ជុំវិញ​បញ្ហា​នេះ ធ្វើយ៉ាងណា​ស្ថានភាព​ទឹក​ក្នុង​តំបន់​នេះ​ហូរ​បាន​ល្អ​ធានា​ថា​មិន​លិចលង់​នៅ​រដូវវស្សា​។​

លោក​អភិបាល​បញ្ជាក់ថា កាលពី​ឆ្នាំ​កន្លងទៅ នៅ​តំបន់​នេះ​មាន​ការលិចលង់ ដោយសារ​ប្រព័ន្ធ​បង្ហូរ​ទឹកតូច និង​ផ្នែក​ខាងក្រោម​មាន​សំរាម​កកស្ទះ បើទោះជា​អាជ្ញាធរ​បាន​កាយ​ប្រឡាយ​ស្ទឹង​មានជ័យ​ហើយ​ក៏​ដោយ ប៉ុន្តែ​បើសិនជា​មាន​ភ្ញៀង​ធ្លាក់​មក​នៅ​ពេល​នេះ ពិត​ជា​ជួប​បញ្ហា​មិន​ខាន ដោយសារ​សំរាម​មួយចំនួនទៀត មិនទាន់​បាន​រើស​ចេញ​អស់​នៅឡើយ អាច​នឹង​ហូរ​ធ្លាក់ចុះ​មក​តាម​ប្រឡាយ​បង្ករ​បញ្ហា​ស្ទះ​ទឹក​ដដែល​។​

លោក​អភិបាល​បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​មាន​មន្ទីរ​ជំនាញ​ជា​អ្នក​អនុវត្តន៍​នា​ពេលកន្លងមក បាន​កាយ​សំរាម​ចេញ​អស់​រាប់​ម៉ឺន​ម៉ែត្រ​គីប​រួចមកហើយ ដើម្បី​ឱ្យ​តំបន់​នេះ មាន​ស្ថានភាព​ទឹក​ហូរ​បាន​ប្រសើរឡើង​។ ចំណុច​សំខាន់​មួយទៀត នៅលើ​ដី​ឧកញ៉ា ឃុន សៀ​រ កន្លងមក​អាជ្ញាធរ និង​ម្ចាស់​ដី​បាន​ឯកភាពគ្នា រក​វិធានការណ៍​ធ្វើយ៉ាងណា​ឱ្យ​ទឹក​ក្នុង​តំបន់​នោះ ហូរ​ធ្លាក់ចុះ​ទៅ​ក្រោម​បាន​លឿន មិន​បង្ករ​ការ​ជន់​លិច​ទៅ​កន្លែង​ដទៃទៀត​។ ក្រៅពីនោះ ក៏​មាន​តំបន់​មួយចំនួនទៀត ដែល​តែងតែ​ជួប​បញ្ហា​ប្រឈម​ទឹក​លិច​ក្នុង​រដូវរស្សា ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ មន្ត្រី​ជំនាញ​របស់​មន្ទី​រពាក់​ព័ន្ធ និង​មន្ត្រី​ជំនាញ​ដទៃទៀត លើក​យក​នូវ​បញ្ហា​មក​ពិភាក្សា​គ្នា ដើម្បី​រក​យន្តការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា ចៀសវាង​ការ​ជន​លិច​ក្នុង​រាជធានី​ភ្នំពេញ​។​

លោក ឃួ​ង ស្រេង បន្ថែមទៀតថា មួយ​ផ្នែក​ទៀត ស្ថានភាព​ប្រព័ន្ធ​ទឹក​នៅ​ផ្លូវ​២០០៤ ដែល​កន្លងមក​មាន​ប្រព័ន្ធ​បង្ហូរទឹក​ហូរ​ធ្លាក់​មក​២​ផ្នែក តើ​បច្ចុប្បន្ន​នេះ​អាច​ទ្រ​ង​ទ្រង់​បានទេ ព្រោះ​ឆ្នាំ​កន្លងទៅ​មាន​ការលិចលង់​ខ្លាំង ដោយសារ​ការសាងសង់​ផ្លូវ​របស់​ក្រុមហ៊ុន​សៀង​ហៃ​គ្រុប ធ្វើឱ្យ​បាក់​លូ ស្ទះ​ទឹក នៅត្រង់​ចំណុច​ផ្លូវ​កែង និង​ធ្វើឱ្យ​ខូច​ផ្លូវ​ទាំងស្រុង ដោយសារ​ទឹក​លិច និង មាន​រថយន្ត​ធំ​ធ្វើចរាចរ​ជា​ប្រចាំ​។​

​ទាក់ទិន​បញ្ហា​ប្រព័ន្ធ​បង្ហូរទឹក​ក្រ​ខ្វក់ ក្នុង​រាជធានី​ភ្នំពេញ លោក​អភិបាល​ស្នើឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ រួមសហការ​ជាមួយ​មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ និង ធ្វើ​ឱ្យបាន​ល្អ បើ​ខ្វះ​លទ្ធភាព​ស្នើ​មក​ថ្នាក់លើ​ជា បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាងណា​រក​វិធានការណ៍​ដោះស្រាយ​ឱ្យបាន បញ្ជៀ​ស​នូវ​ការ​ជន់​លិច​លំនៅដ្ឋាន ប្រជាពលរដ្ឋ ឬ ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ពោល​គឺ​ត្រូវ​ទទួលខុសត្រូវ​និង​គ្រប់​គ្រង់​ឱ្យបាន ក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×