តាម Dialy Star មេដឹកនាំកូរ៉េខាងជើង Kim Jong-Un បានចុះហត្ថលេខាតម្រូវឲ្យកម្មករ ៣០.០០០នាក់ វិលមកប្រទេសវិញ។
ព័ត៌មាននេះ ត្រូវបានលើកឡើងបន្ទាប់ពីក្រុងប៉េកាំងមានកាយវិការតឹងរឹងចំពោះព្យុងយ៉ាង ក្រោយការបង្កើនសម្ពាធពីសំណាក់អាមេរិក។
កាលពីខែមុន ក្រសួងពាណិជ្ជកម្មចិន បានចេញបញ្ជាឲ្យបិទទ្វារបណ្តាក្រុមហ៊ុនសម្ព័ន្ធភាពរវាងចិន-កូរ៉េខាងជើង នាប្រទេសចិនក្នុងអំឡុង១២០ថ្ងៃ ស្របតាមបទបញ្ជាដាក់ទណ្ឌកម្មលើក្រុងប្យុងយ៉ាងរបស់អង្គការសហប្រជាជាតិ។
មេដឹកនាំកូរ៉េខាងជើង Kim Jong-Un
ប្រភពពីគេហទំព័រ NK News ឲ្យដឹងបន្ថែមថា បញ្ជារបស់លោក Kim Jong-Un គឺសំដៅប្រឆាំងនឹងកាយវិការខាងលើរបស់ចិន។ ក្រុមហ៊ុន ភោជនីយដ្ឋានរបស់កូរ៉េខាងជើងនៅចិននឹងត្រូវបិទទ្វារ មុនថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។
មានន័យថា នៅឆ្នាំក្រោយពុំមានពលរដ្ឋកូរ៉េខាងជើងណាម្នាក់ធ្វើការនៅប្រទេសចិនទៀតឡើយ។
បច្ចុប្បន្នមានភោជនីយដ្ឋានរបស់កុរ៉េខាងជើងប្រមាណ១០០ កំពុងរកស៊ីនៅចិន ហើយស្ទើតែទាំងអស់ តែធ្វើក្រោមរូបភាពសប្រតិបត្តិការ។ ចំនួនពលករកូរ៉េខាងជើងនៅចិន ប៉ាន់ស្មានមានប្រមាណពី ២០.០០០ទៅ៣០.០០០នាក់ ក្នុងនោះមានបុគ្គលិកប្រមាណ ២.០០០នាក់ ធ្វើការនៅតាមហាង។
សកម្មភាពពាណិជ្ជកម្មកូរ៉េខាងជើង-ចិន ភាគច្រើនឆ្លងកាត់ស្ពានមិត្តភាពនេះ
ព័ត៌មានខាងលើលេចឡើងបន្ទាប់ពីកូរ៉េខាងជើងធ្វើសមយុទ្ធ “ផ្តាច់ចរន្តអគ្គិសនី” នៅតាមទីក្រុង និងទីប្រជុំជន តំបន់ភូមិភាគ ២និង៣ ពិសេសនៅតំបន់ខាងកើតលើកលែងក្រុងព្យុងយ៉ាង។
បច្ចុប្បន្ននៅពុំទាន់ច្បាស់ថា សមយុទ្ធខាងលើរបស់កូរ៉េខាងជើង មានទាន់ទិនដល់ការដែលអាមេរិកចាត់នាវាផ្ទុកយន្តហោះ៣គ្រឿង ចូលកៀកប្រទេសនេះ នាឱកាសដែលប្រធានាធិបតី Trump ធ្វើទស្សនកិច្ចនៅតំបន់អាស៊ីចាប់ពីថ្ងទី ៣ ខែវិច្ឆិកា ខាងមុខដែរឬទេ៕ ដោយ ៖ សូយន