Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆបោក​ប្រាក់​១​លាន​១​សែន​៣​ម៉ឺន​ដុល្លារ ខាតបង់ ក្រោម​ឯកសារ​ផ្លូវច្បាប់ ក្លែងបន្លំ​លក់-​ទិញ​ដី មនុស្ស​៤​នាក់​បញ្ជូនទៅ​តុលាការ​

spot_img

ភ្នំពេញ​៖ មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញមុខ អំពាវនាវ​ដល់​មហាជន សូមឲ្យ​មាន​ការប្រុងប្រយ័​ត្ន​ខ្ពស់ ចំពោះ​ល្បិចកល់​ជនខិលខូច ក្នុង​សម័យ​ទំនើប បន្ទាប់​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ករណី​ឆបោក ២​ករណី​ផ្ទួនៗ​គ្នា ដែល​ធ្វើឲ្យ​ជនរងគ្រោះ​បាន​ខាតបង់​ប្រាក់​ជាង​១​លាន​ដុល្លារ​(១.១៣០.០០០​ដុល្លារ​) និង​ប្រកាស​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​៦​នាក់​។

ក្នុងករណីនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៤​នាក់ កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ក្នុង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​។

​បើ​តាម​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​កងរា​ជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤​ខែ​មេសា​ឆ្នាំ​២០១៨​នេះ​ថា លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ចង់​ដឹង​ព័ត៌មាន​ច្បាស់ សូម​ពិនិត្យ​ករណី ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន ដូចខាងក្រោម​៖ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យបណ្តឹង​ពី ជនរងគ្រោះ​ម្នាក់ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ប្តឹង​ពី​ជនសង្ស័យ​៨​នាក់ ដែល​បាន​រៀប​គម្រោង​ឆបោក​ជា​ប្រព័ន្ធ មក​លើ​រូបគាត់ រហូត​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​អស់​ចំនួន ៨៣​ម៉ឺន​ដុល្លារ​។ ដោយ​ជនរងគ្រោះ​បាន​រៀបរាប់​ថា​៖ ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​បុរស​ម្នាក់​ឈ្មោះ ប្រុស ម៉ៅ បាន​ទំនាក់ទំនង​គាត់ ឲ្យជួយ​លក់​ដី​មួយ​កន្លែង​ទំហំ ៥៨០​ម៉ែត្រការ៉េ ដែល​មាន​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ 12040808-0033 ចុះ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ចេញ​ដោយ​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ភូមិ​៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ លក់​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​។ ក្រោយពេល​ទទួលបាន​ព័ត៌មាន ជនរងគ្រោះ បាន​ឲ្យ​ក្រុមការងារ​ចុះ​ទៅ ជួប​ជាមួយ​ម្ចាស់​ដី​ឈ្មោះ​ផាន ដើម្បី​ពិនិត្យ​ប្លង់ដី និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ម្ចាស់​កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅ​គ្រួសារ ឃើញថា​មាន​ភាពត្រឹមត្រូវ​ទាំងអស់ ទើប​ជនរងគ្រោះ បាន​សម្រេចចិត្ត​ទិញ​ដី​នោះ ដោយ ខ្លួនឯង និង​បាន​កក់​ប្រាក់​លើក​ទី​១ ចំនួន​១៥​ម៉ឺន​ដុល្លារ លើក​ទី​២ ចំនួន​១០​ម៉ឺន​ដុល្លារ និង​លើក​ទី​៣ ចំនួន​១៥​ម៉ឺន​ដុល្លារ សរុប​ចំនួន​៤០​ម៉ឺន​ដុល្លារ​។ ក្នុងអំឡុងពេល​ដំណើរការ​ផ្ទេរកម្មសិទ្ធិ ក្រុម​ជនសង្ស័យ​ខាងលើ បាន​ណែនាំ​ម្ចាស់​ដី​៣​ក្រុម ផ្សេងទៀត មក​ជួប​ជាមួយ​ជនរងគ្រោះ ដើម្បី​ឲ្យជួយ​ទិញដី ក្នុងនោះ​រួមមាន​៖ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ ជនរងគ្រោះ​បាន​កក់​ប្រាក់​ចំនួន​១៥​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​មួយ​ប្លង់ ទំហំ​២៨៤៩ ម៉ែត្រការ៉េ មាន​ឯកសារ​គ្រប់គ្រាន់ និង​មាន​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​លេខ 12051008-0071 ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១ ចេញ​ដោយ​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧ ជនរងគ្រោះ​បាន​កក់​ប្រាក់​ចំនួន​១៨​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​មួយ​ប្លង់ ទំហំ​៤០៩ ម៉ែត្រការ៉េ មាន​ឯកសារ​គ្រប់គ្រាន់ និង​មាន​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​លេខ 12080102-0474 ចុះ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១២ ចេញ​ដោយ​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​កក់​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​មួយ​ប្លង់ ទំហំ​៦១៥៥ ម៉ែត្រការ៉េ មាន​ឯកសារ​គ្រប់គ្រាន់ និង​មាន​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​លេខ 12050605-0285 ចុះ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១០ ចេញ​ដោយ​មន្ទីរ​សុរិយោដី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក​បាន​បន្តទៀតថា លុះ​ក្រោយមក ឯកសារ​ផ្ទេរ​កម្មសិទ្ធិ​ដី​ទី​១ ដែល​ជនរងគ្រោះ​កំពុងដំណើរការ ត្រូវបាន​ភូមិបាល​ខណ្ឌទួលគោក រកឃើញថា ជា​ប្លង់​ដី​ក្លែងក្លាយ ជនរងគ្រោះ​ក៏​ទំនាក់ទំនង​ទៅ​ម្ចាស់​ដី​នោះ​វិញ តែ​មិន​អាច​ទំនាក់ទំនង​បាន ទើប​ជនរងគ្រោះ​ដឹងថា រូបគាត់​ត្រូវបាន​ជនសង្ស័យ​ខាងលើ​បោកប្រាស់​។ ខណៈនោះ ជនរងគ្រោះ នឹកឃើញ​ថា គាត់​នៅ​មាន​ដី​៣​ប្លង់​ផ្សេងទៀត ដែល​គាត់​កំពុង​រត់​ឯកសា​រទិញ​ជា​បន្តបន្ទាប់ តាមរយៈ​ការចង្អុលបង្ហាញ ពី​ក្រុម​ជនសង្ស័យ​ខាងលើ គាត់​ក៏​សើរើ​យកមក​ពិនិត្យឡើងវិញ ទើប​ដឹងថា​សុទ្ធតែ​ជា​ឯកសារ ក្លែងក្លាយ​ទាំងអស់ ហើយ​ម្ចាស់​ដី​ទាំងនោះ ក៏​មិន​អាច​ទំនាក់ទំនង​បាន​ទៀត​ដែរ ។ នៅ​ទីបំផុត​ជនរងគ្រោះ ត្រូវ​ខាតបង់​ប្រាក់​អស់​ចំនួន​៨៣​ម៉ឺន​ដុល្លារ ក្នុង​ការទិញ​ដី ក្រោម​ឯកសារ​ផ្លូវច្បាប់​ក្លែងបន្លំ ដែល​ជនរងគ្រោះ​នឹកស្មាន​មិន​ដល់ ទើប​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

ក្នុងករណីនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ក្នុង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ និង បាន​រកឃើញ​ថា​ក្រុម​នេះ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ ជនសង្ស័យ​៣​នាក់ ដែល​បាន​ឆបោក​ដោយ​ប្រើ​រូបមន្ត​តែមួយ ធ្វើឲ្យ​ជនរងគ្រោះ​ផ្សេង​ទៀត​ខាតបង់​ប្រាក់​អស់​៣០​ម៉ឺន​ដុល្លារ ហើយ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើប​តែ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨ ។ ក្រៅពីនេះ​នៅ​មាន ជន​ជាប់​ពាក់ព័ន្ធ​ចំនួន ៦​នាក់​ផ្សេង​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្នើ​សុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ពី​តុលាការ​។ តាម​ព័ត៌មាន​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទទួលបាន ចំពោះ​ករណី​ឆបោក​ដូចគ្នានេះ គឺ​កំពុង​កើតមាន​ជាច្រើន​ផ្សេងទៀត ដូច្នេះ​សូម​មហាជន​ទាំងអស់ មុន​នឹង​ទទួល​ទិញ​អចលនៈទ្រព្យ ចូរ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត​។​

​ជនសង្ស័យ​៤​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើបតែ​ឃាត់ខ្លួន​បាន​និង​បញ្ជូនទៅ​តុលាការ ក្នុង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ រួមមាន​៖ ១- ឈ្មោះ ធូ សុភ័​ក្រ ហៅ ឡាយ ថា​វី ហៅ ស្រី​នាង ភេទ​ស្រី កើត​ឆ្នាំ​១៩៨៤ , ២- ឈ្មោះ រើ​ន សា​រាន់​នី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៦ , ៣- ឈ្មោះ ណ​ម ង៉ែត ភេទ​ស្រី ឆ្នាំ​កំណើត​១៩៦៩ ,៤- ឈ្មោះ ព្រំ ខន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៥០ ​ជនសង្ស័យ​៣​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨ រួមមាន​៖ ១- ឈ្មោះ ខេង វាសនា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨០ , ២- ឈ្មោះ ឈឹម សំអ៊​ន់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៥ ,៣- ឈ្មោះ កេ​ន ស្រី ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩២។ ​រីឯ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​រួមមាន​៖ ឈ្មោះ​ង៉ា ភេទ​ប្រុស​, ឈ្មោះ​ណា ភេទ​ស្រី​, ឈ្មោះ​ផាន ភេទ​ប្រុស​, ឈ្មោះ​ដា ភេទ​ស្រី​, ឈ្មោះ​លីម ភេទ​ប្រុស និង​ឈ្មោះ​ឡេង ភេទ​ស្រី ដោយ​មាន​រូបភាព​ភ្ជាប់​ជាមួយ​។​

លោក​មេបញ្ជាការ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា បើ​បងប្អូន​ណា បាន​ស្គាល់​និង​មាន​ដំណឹង​ពី​ជនសង្ស័យ​ដូច​បាន​បង្ហាញ​ក្នុង​រូបភាព​ខាងក្រោម សូម​រាយការណ៍​មក សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះ​ជនរងគ្រោះ ដែល​ជា​ម្ចាស់​ដី នឹង​មាន​សា​គុណ​ជូន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×