Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ ការវិនិយោគ​របស់​ប្រទេស​ចិន ជា​ប្រភព​ទុន​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា សរុប​ជាង​៥,៣​ពាន់​លាន​ដុល្លារ​

spot_img

​​ភ្នំពេញ​ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បង្ហាញ​តួលេខ​នៃ​ទំហំ​វិនិយោគ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​ចិន គឺជា​ប្រភព​ទុន​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល ជំរុញ​កិច្ចសហប្រតិបត្តិការ សមត្ថភាព​ផលិត​អន្តរជាតិ​ផ្លូវ​សូត្រ នៃ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ចិន បាន​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​ឆ្នាំ​២០១៨ ស្តីពី​កិច្ចសហប្រតិបត្តិការ សមត្ថភាព​ផលិត​អន្តរជាតិ ដែល​បាន​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​
​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែងថា វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​ឆ្នាំ​២០១៨ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង ការជំរុញ​កិច្ចសហប្រតិបត្តិការ សមត្ថភាព​ផលិត​កម្ពុជា​-​ចិន និង ផ្តល់ឱកាស​ជូន​ក្រុមហ៊ុន​វិនិយោគ​ចិន ស្វែងយល់​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ នៅ​កម្ពុជា ព្រមទាំង​ផ្គូផ្គង​ធុរកិច្ច និង​ស្វែងរក​ដៃគូ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​វិនិយោគ​កម្ពុជា​។​

​លោក​បាន​បន្តថា វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន ឆ្នាំ​២០១៨​នេះ គឺជា​ព្រឹត្តិការណ៍​មួយ រៀបចំ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ កំពុង​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត ដែល​កាន់តែ​មាន​ភាពរឹងមាំ និង​ពង្រីក​វិសាលភាព នាពេល​បច្ចុប្បន្ន​។​
​វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​ឆ្នាំ​២០១៨​នេះ មាន​ការចូលរួម​ពី​តំណាង មកពី​រដ្ឋាភិបាល និង​ផ្នែក​ឯកជន នៃ​ប្រទេស​ទាំង​ពីរ ប្រមាណ ១៥០​នាក់ ហើយ​វេទិកា​បាន​ប្រព្រឹត្ត ទៅ​តាម​កម្មវិធី​ដូច​បាន​គ្រោងទុក រួមមាន​៖ កម្មវិធី​សប្បុរសធម៌ កម្មវិធី​ផ្គូ​ផ្គូ​ង គម្រោង​វិនិយោគ និង​កិច្ចសន្ទនា​កម្រិត​ខ្ពស់ ដែលមាន តំណាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពន្ធដា​រ សភាពាណិជ្ជកម្ម​កម្ពុជា សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា ចូលរួម​ថ្លែង​សុន្ទរកថា​ខ្លី និង​ពិភាក្សា​លើ​គោលនយោបាយ និង​កិច្ច​សម្រួល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​តាម​វិស័យ​ដែល​ជា​សមត្ថកិច្ច​របស់​ក្រសួង​ស្ថាប័ន​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​ថា ជា​ការកត់សម្គាល់ ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ ការវិនិយោគ​របស់​ប្រទេស​ចិន គឺជា​ប្រភព​ទុន​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ក្នុង​ទុន​វិនិយោគ​សរុប​៥,៣​ពាន់​លាន​ដុល្លារ​អាមេរិក ជា​មធ្យម​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ និង​មាន​ការកើនឡើង​ជា​លំដាប់​លើ​វិស័យ​មួយចំនួន រួម​មាន​ធនាគារ ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ សម្រាប់​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​ទទួល​ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​សរុប​ចំនួន​១៨៣​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ៦,៣​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​មាន​កំណើន​៧៥​ភាគរយ បើ​ធៀប​នឹង​ទុន​វិនិយោគ​សរុប​ប្រមាណ ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។ តួលេខ​វិនិយោគ​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅនេះ គឺជា​តួលេខ​ដ៏​ខ្ពស់​មួយ​ដែល​កម្ពុជា​ទទួលបាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។​

នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន ធ្វើ​ការវិនិយោគ​លើ​គម្រោង​ថ្មី​ចំនួន ៣៦​គម្រោង និង​ពង្រីក​ផលិតកម្ម​លើ​គម្រោង​ដែល​មាន​ស្រាប់​ចំនួន ៣​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជាង ៤០០​លាន​ដុល្លារ​អាមេរិក​។ កំណើន​នៃ​ទុន​វិនិយោគ​នេះ បាន​បង្ហាញ​អំពី​ភាពជឿជាក់ របស់​អ្នកវិនិយោគ​ចិន ទៅ​លើ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​

​លោក សុខ ចិន្តា​សោភា បាន​គូសបញ្ជាក់​ពី​មិត្តភាព​ជា​ប្រពៃណី ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ខិតខំ​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រហូត ដល់​កម្រិត​កំពូល​មួយ គឺ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ឈរ​លើ​មូលដ្ឋាន​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​បន្ត​៖ ១៖​ពង្រឹង​បន្ថែម​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ២៖ ការជំរុញ​កិច្ចសហប្រតិបត្តិការ វិនិយោគ​ឧស្សាហកម្ម​រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​ការអនុវត្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ វិនិយោគ​ឧស្សាហកម្ម និង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ការជំរុញ គម្រោង​កិច្ចសហប្រតិបត្តិការ វិនិយោគ​ឧស្សាហកម្ម​គន្លឹះ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ និង​កំណែទម្រង់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ៣៖ ការធ្វើឱ្យ​មាន​ភាពស៊ីសង្វាក់​គ្នា រវាង​គំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ និង​កិច្ចសហប្រតិបត្តិកា​រស​ម​ត្ថភាព​ផលិត​អន្តរជាតិ នៃ​ផែនការ​៥​ឆ្នាំ លើក​ទី​១៣ របស់​រដ្ឋាភិបាល​ចិន ជាមួយនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហ​-​កម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP) របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×