Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU បង្ហាញ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ករណី​យឺតយ៉ាវ​ខ្លះ​ការងារ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​

spot_img

​​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បង្ហាញ​អំពី​មូលហេតុ​សំខាន់ៗ​ចំនួន​២​ចំណុច ដែល​ជា​ដើមហេតុ​ចម្បង នាំ​ឲ្យ​សេវា​កែតម្រូវ​អត្រានុកូលដ្ឋាន មាន​ការយឺតយ៉ាវ និង​មិន​អាច​សម្រេច​បាន​តាម​កា​រ​កំណត់ មិនទាន់​ចិត្ត​នៃ​អ្នកស្នើសុំ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា អស់​រយៈពេល​៤​ខែ​មកនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្រាវជ្រាវ​តាម​ពាក្យបណ្តឹង​មួយចំនួន​ដែល​បាន​ដាក់​ចូល​ក្នុង​ប្រអប់​សំបុត្រ​ស របស់ អ​.​ប​.​ព ដែល​បាន​រៀបរាប់ថា ការកែរ​តម្រូវ​អត្រានុកូលដ្ឋាន របស់​នាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម មាន​ការយឺតយ៉ាវ និង​មិន​ទាន់​ចិត្ត​នៃ​អ្នកស្នើសុំ ។​

​ការស្រាវជ្រាវ​បាន​បង្ហាញថា ឫសគល់​ដែល​នាំ​ឲ្យ​សេវា​កែតម្រូវ​អត្រានុកូលដ្ឋាន​មាន​ការយឺតយ៉ាវ និង​មិន​អាច​សម្រេចបាន តាម​ការកំណត់ គឺ​មាន​កត្តា​ពីរ កត្តា​ទី​១៖ ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ទើប​បាន​បញ្ចប់​ការពិភាក្សា​គ្នា​ហើយ ទើប​ដាក់ចេញ​ការព្រមព្រៀង អនុញ្ញាត​ឲ្យ​នាយកដ្ឋាន​អត្រានុកូលដ្ឋា​ន មាន​សិទ្ធិ​កែតម្រូវ​ទិន្នន័យ និង​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន ដែល​មុននេះ​ការធ្វើ​បែប​នេះ មាន​តែ​កន្លែង​មួយគត់ គឺ​តុលាការ​។ បន្ទាប់ពី​ទទួលបាន​សិទ្ធិ និង​ភារកិច្ច​នេះ​មក នាយកដ្ឋាន​អត្រានុកូលដ្ឋាន​ប្រឹងប្រែង​ជំនះ​ការលំបាក​អំពី​មូលដ្ឋាន​សម្ភារៈ និង​ការងារ​ដ៏​ស្មុគស្មាញ តែ​ជា​សត្យានុម័ត នាយកដ្ឋាន​មិន​អាច​រែកពន់​បានទេ ព្រោះថា​ការ​កំណត់​មិនឲ្យ​លើស​ពី​១០​ថ្ងៃ ហើយ​នាយកដ្ឋាន​ចាប់ដំណើរការ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧​មក ក៏​មាន​នូវ​សំណើរ​ជាច្រើន​រួចជាស្រេច ដែល​នាយកដ្ឋាន​បាន​ទទួល​តាំងតែ​ពី​មុន​ថ្ងៃ​នោះ​មក​។ ចំនួន​ការងារ​ដ៏​ច្រើន​លើសលប់ ពេលវេលា​ត្រៀមខ្លួន​រៀបចំ មូលដ្ឋាន​សម្ភារៈ​មិន​គ្រប់គ្រាន់ ធនធានមនុស្ស ថវិកា មិនទាន់​បាន​បំពេញ​បន្ថែម ធ្វើឲ្យ​សំណូមពរ​មួយចំនួន​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយបាន​ឆាប់​ក្នុង​រង្វង់​១០​ថ្ងៃ ។ កត្តា​ទី​២៖ ការកែតម្រូវ​ទិន្នន័យ នាយកដ្ឋាន​អត្រានុកូលដ្ឋាន ត្រូវតែ​គោរព​១០០​ភាគរយ នូវ​ភាព​ហ្មត់ចត់ ក្នុង​ការកែ​ទិន្នន័យ អ្វី​កែ​បាន អ្វី​កែ​មិនបាន បើ​មិន​ដូច្នោះ​ទេ​អាច​មាន​ផលវិបាក​គតិយុត្ត ហើយ​ជះ​ឥទ្ធិពល​ដល់​ការអនុវត្ត​ច្បាប់​ថែម​ទៀត​។​

​អ​.​ប​.​ព បាន​ពិនិត្យ​ដោយផ្ទាល់​ថា “​ឯកឧត្តម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​លោក​នាយកដ្ឋាន​អត្រានុកូលដ្ឋាន ព្រមទាំង​មន្ត្រី​ទាំងអស់ ពិតជា​មាន​ការខិតខំ​បំពេញ​សេវា​ដ៏​ស្មុគស្មាញ​នេះ យ៉ាងសកម្ម ហើយ អ​.​ប​.​ព សំណូមពរ​ដល់​ម្ចាស់​បណ្តឹង និង​សាធារណជន​ទាំងអស់ យោគយល់​ដល់​ការលំបាក​នេះ ដែល​យើង​យល់​ថា​បន្តិចទៀត យើង​នឹង​ជំនះបាន​ទាំងស្រុង​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×