Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​បេឡេ​ឆ្លងកាត់​ទន្លេសាប​នឹង​ដាក់​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​

spot_img

​ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​ស្ពាន​បេឡេ​ឫស្សីកែវ​ចំណុចឃ្លាំ​ងសាំង​ក្រុមហ៊ុន​សូ​គី​មិច​បាន​ឈាន​ដល់​តំណាក់​ការតភ្ជាប់​តួ​ស្ពាន​ហើយ គម្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មេសា​នេះ​ហើយ​គ្រោង​នឹង​ដាក់​អោយ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ពាក់កណ្តាល​ខែ​ឧសភា​២០១៨ ពោល​គឺ​ក្រោយពី​មន្ត្រី​ជំនាញ​ធ្វើ​តេស​ទម្ងន់​រួច​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៥​មេសា​នេះ​។​

លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៥​ខែ​មេសា​ឆ្នាំ​២០១៨ ការដ្ឋាន​សាងសង់​ស្ពាន​បេឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប បាន​ឈាន​ដល់​ដំណាក់កាល​ត​ភ្ជាប់​តួ​ស្ពាន​ចុងក្រោយ​ហើយ ហើយ​បើ​​តាម​ផែនការ គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​មេសា​នេះ ជាមួយនឹង​ការប្រើ​រយៈពេល​ធ្វើ​តេស្ត​ភាព​ទ្រ​ទម្ងន់​ស្ពាន តម្លើង​ស្លាក​សញ្ញា​ចរាចរ នៅ​ដើម​ខែ​ឧសភា​ឆ្នាំ​២០១៨​។​

លោក​បន្តថា ការដ្ឋាន​សាងសង់​ស្ពាន​បេឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​នេះ គម្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មេសា​២០១៨ តែ​មិន​ទាន់​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​នៅឡើយ​ទេ ពោល​គឺ​ទុក​អោយ​មន្ត្រី​ជំនាញ​ធ្វើ​តេស​ទម្ងន់​រយៈពេល​១​សប្តាហ៍​សិន ទើប​ដាក់អោយ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ពាក់កណ្តាល​ខែ​ឧសភា​២០១៨​។​

គួរបញ្ជាក់​ថា ស្ពាន​បេឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​នេះ មាន​ប្រវែង ៥០៦​ម៉ែត្រ ទទឹង ១២​ម៉ែត្រ ត​ភ្ជាប់​ពី​ខណ្ឌ​ឫស្សីកែវ មក​ខណ្ឌ​ជ្រោយចង្វារ សម្រាប់​ជួយ​បម្រើការ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​អារ​មេ និង​ជួយ​សម្រួល​ចរាចរ​ដែល​កំពុង​កក​ស្ទះ​នៅ​ស្ពាន​ជ្រោយចង្វារ ដែល​កំពុង​ដំណើរការ​ជួសជុល​។​

គួរ​រំលឹក​ផងដែរ​ថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​កន្លងមកនេះ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ ស្ពានបេតុង​មួយ​ខ្សែ ស្រប​ជាមួយ​ស្ពាន​បាឡេ​នេះ​ផង​ដែរ​។ ចំពោះ ស្ពាន​បេតុង​ដែល​គ្រោង​ស្ថាបនា នៅ​អម​ជាមួយ​ស្ពាន​បាឡេ​នេះ មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង​, កំពស់​សរសរ​ស្ពាន​សំរាប​ព្យួរ​ខ្សែកាប ធៀប​នឹង​កំរាល​ស្ពាន​៣៤​ម៉ែត្រ សរសរ​សំរាប់​ព្យួរ​ខ្សែកាប មាន​សរសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត​ទទឹង​៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ​២​ខ្សែ​ទៅ​២​ខ្សែ​មក​, កំពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា នៅ​រដូវវស្សា​១០.៥​ម៉ែត្រ​, កំពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា នៅ​រដូវប្រាំង​២០.៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​ផងដែរ​។​

ស្ពាន​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការរួមចំណែក​រំដោះ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏​ដូចជា​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ពាន ក៏​ដូច​បង្កើន​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​ផងដែរ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×