Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​បង់​ក្លា​ដែស នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទេ្វ​ភាគី ឲ្យបាន​ដល់​ទឹកប្រាក់ ១០០​លាន​ដុល្លារ​

spot_img

​​ភ្នំពេញ​៖ កម្ពុជា និង​បង់​ក្លា​ដែស បាន​សន្យា​ពិនិត្យ​លទ្ធភាព​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ថែម​ទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យបាន​ដល់​ទឹកប្រាក់ ១០០​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០​។ ការសន្យា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក តូ​ហ្វែល អា​មេ​ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បង់​ក្លា​ដែស ដែល​រៀបចំឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​ពី​ស្ថានទូត​បង់​ក្លា​ដែស បានឲ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​បង់​ក្លា​ដែស នៅក្នុង​ឆ្នាំ ២០១៥ មាន​ត្រឹមតែ ៦​លាន​ដុល្លារ​ប៉ុណ្ណោះ ខណ​:​ដែល​ប្រទេស​ទាំង​ពីរ​មាន​ធនធាន​ច្រើន និង​លទ្ធភាព​ខ្ពស់​សម្រាប់​កិច្ចសហការ​លើ​វិស័យ​ពាណិជ្ជកម្ម​។ នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​រំលឹក​ឡើងវិញ នូវ​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់ និង​កិច្ចព្រមព្រៀង​សំខាន់ៗ ដែល​កម្ពុជា និង​បង់​ក្លា​ដែស បាន​ចុះហត្ថលេខា​ជាមួយគ្នា កាលពី​ចុងឆ្នាំ ២០១៧ និង​បាន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ បន្ត​អនុវត្តន៍​លក្ខខណ្ឌ​ដែល​បាន​ចែង ប្រកបដោយ​ស្មារតី​យោគយល់​ខ្ពស់​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ជំរុញ​ឲ្យ​ភាគី​បង់​ក្លា​ដែស គោរព​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា ចំនួន ១​លាន​តោន សម្រាប់​រយៈពេល ៥​ឆ្នាំ (២០១៧-២០២២) ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ ២០១៧ និង​ធ្វើការ​នាំចូល​នូវ​ផលិតផល​កសិកម្ម​ថែមទៀត​ពី​កម្ពុជា​ដូចជា ដំឡូង​មី ពោត និង​ម្រេច ជាដើម​។​

​ជា​ការឆ្លើយតប លោក តូ​ហ្វែល អា​មេ​ត បាន​ទទួលស្គាល់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​បង់​ក្លា​ដែស នៅមានកម្រិត ដែល​ទាមទារ​ឲ្យមាន​ការចុះ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជកម្ម​សេរី​បន្ថែម និង​ការរៀបចំ​ជំនួប​ធុរកិច្ច​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​ការដោះដូរ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ សំដៅ​ឈាន​ទៅ​សម្រេច​ផែនការ​ពាណិជ្ជកម្ម ដែល​ប្រទេស​ទាំង​ពីរ​បាន​កំណត់​។​

​បើ​តាម​កិច្ចប្រជុំ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ នឹង​ត្រូវ​រៀបចំ​ឲ្យបាន​រួចរាល់​នៅ​ក្នុង​ខែ​ឧសភា ដើម្បី​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ធ្វើការ​ត្រួតពិនិត្យ មុន​ពេល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ចុងឆ្នាំ​២០១៧ ប្រទេស​កម្ពុជា និង​បង់​ក្លា​ដែស បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ចំនួន ៩ ដែល​ផ្តោត​សំខាន់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ វិស័យ​ទេសចរណ៍ បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ការបង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​រួម ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព ឆ្នាំ​២០៣០ ការបណ្ដុះបណ្ដាល​ការងារ និង​វិជ្ជាជីវៈ ការការពារ​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ និង​ស្លាកស្នាម​សង្គ្រាម ការវិនិយោគ​លើ​វិស័យ​ជលផល និង​វារីវប្បកម្ម កិច្ចសហការ​ស្រាវជ្រាវ​រវាង​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​កម្ពុជា និង​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សិក្សា​បង់​ក្លា​ដែស ព្រមទាំង​ការជំរុញ​វិនិយោគ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អាជ្ញាធរ​អភិវឌ្ឍន៍​វិនិយោគ​បង់​ក្លា​ដែស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×