Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​កម្ពុជា​អះអាងថា នឹង​ខិតខំ​បន្ត​ជំរុញ​លើកកម្ពស់​ប្រសិទ្ធភាព ​APPF ក្នុង​ការកសាង ថែរក្សា​សុខសន្តិភាព និង​ស្ថេរភាព តំបន់​និង​ពិភពលោក​

spot_img

​ចាប់ពីពេលនេះ​ទៅ​ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៩ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​វេទិកាសភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា​APPF បន្ត​ពី​ប្រទេស​វៀតណាម​។ សភា​ប្រទេស​វៀតណាម បាន​ផ្ទេរ​តួនាទី​ប្រធាន​APPF ដល់​សភា​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋ​សភា​។​

​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ លោកស្រី តុង ធី​ហ្វុង អនុប្រធាន​សភា​ប្រទេស​វៀតណាម ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​លោកស្រី ង្វៀន ធី​គឹម​ងិន ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ជា​ប្រធាន APPF ត្រូវ​ចប់​អាណត្តិ បានប្រគល់​ទង់ APPF ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជា​និមិត្តិរូប នៃ​ការផ្ទេរ​តំណែង​ប្រធាន ប្តូរ​វេន​ដឹកនាំ APPF ពី​សភា​ប្រទេស​វៀតណាម ជូន​ដល់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ពិធី​ផ្ទេរ​និង​ទទួល​តួនាទី​ជា​ប្រធាន APPF បាន​ប្រារព្ធ​ធ្វើ​នៅ​វិមាន​រដ្ឋ​សភា ដោយ​បាន​រៀបចំ​ពិធី​ផ្លូវការ​យ៉ាង​អធិកអធម ដោយ​មាន​វត្តមាន ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ចូលរួម​ជា​សាក្សី​ផង​ដែរ​។​

​សូមជម្រាបថា ប្រទេស​ជប៉ុន​ជា​ស្ថាប័ន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ​។ វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស “The Asia Pacific Parliamentary Forum” បាន​បង្កើតឡើង​នៅ​ទីក្រុង តូ​ក្យូ ក្នុង​ឆ្នាំ​១៩៩៣​។ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន APPF មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​២៧​ប្រទេស​។​

​បន្ទាប់ពី​ទទួល​តួនាទី​ជា​ប្រធាន APPF សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បាន​គូសបញ្ជាក់ថា រដ្ឋសភា​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដែល​ទទួលបាន​សេចក្តីទុកចិត្ត​ពី​សំណាក់​សភា នៃ​ប្រទេស​សមាជិក​របស់ APPF ដែល​បាន​ផ្តល់​សេចក្តីទុកចិត្ត​លើ​សភា​កម្ពុជា ក្នុង​ការដឹកនាំ​វេទិកាសភា​ដ៏​ធំ​នេះ បន្ទាប់​ពី​រដ្ឋសភា​វៀតណាម ត្រូវ​បាន​ចប់​អាណត្តិ​។​

​សម្តេច​បាន​មានប្រសាសន៍​បន្ត​ថា ជាមួយនឹង​មោទនភាព នៃ​ទំនុកចិត្ត ពី​សភា​ប្រទេស​ជា​សមាជិក APPF សភា​ព្រះរាជាណាចក្រ​កម្ពុជា រីករាយ​ទទួលយក​នូវ​តួនាទី​ដ៏​មាន​សារៈសំខាន់​នេះ ហើយ​សន្យាថា នឹង​ខិតខំ​បន្ត​ជំរុញ​លើកកម្ពស់​ប្រសិទ្ធភាព APPF​ឲ្យ​កាន់តែ​មាន​ភាពប្រសើរឡើង និង​កិត្យានុភាព​ថែម​ទៀត​ទៅ​ក្នុង​ឆាក​អន្តរជាតិ ដើម្បី​រួមចំណែក​ដល់​ការកសាង ថែរក្សា​សុខសន្តិភាព និង​ស្ថេរភាព ដែល​ជា​បុរេ​លក្ខខណ្ឌ​ចាំបាច់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព ។​

​លោកស្រី តុង ធី​ហ្វុង មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ផ្អែកលើ​បទពិសោធន៍ និង​សមត្ថភាព ក្នុង​ការរៀបចំ​កិច្ចប្រជុំ មហាសន្និបាត​វេទិកាសភា​ជាច្រើន កន្លងមក​របស់​សភា​កម្ពុជា​។ កម្ពុជា​នឹង​ទទួល​ជោគជ័យ​បន​ជា​បន្ត​ទៀត នៅក្នុង​ការដឹកនាំ​វេទិកាសភា​អាស៊ី ប៉ាស៊ីហ្វិក​នេះ​។​

​សូម​រម្លឹក​ដែរ​ថា នៅក្នុង​តួនាទី​ជា​ប្រធាន APPF​នេះ សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ប្រចាំ​ឆ្នាំ​លើក​ទី​២៧ APPF នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ នៅលើ​ទឹកដី​អង្គរ​នា​ខេត្តសៀមរាប​។ លោកស្រី តុង ធី​ហ្វុង បាន​គូសបញ្ជាក់ថា ដោយសារ​ប្រទេស​វៀតណាម បាន​រៀបចំ​កិច្ចប្រជុំ APPF មុន​កម្ពុជា វៀតណាម​បាន​ត្រៀម​ចែករំលែក​បទពិសោធន៍ ជាមួយ​សភា​កម្ពុជា ក្នុង​ការរៀបចំ កិច្ចប្រជុំ​នេះ ឲ្យទទួល​បាន​ជោគជ័យ​ផងដែរ​។​

​គណៈប្រតិភូ​វៀតណាម បាន​សម្តែង​ការគួរសម​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា​​នៅមុន​ប្រារព្ធ​ពិធី​ប្រគល់​និង​ទទួល​តួនាទី​ជា​ប្រធាន APPF នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ទទួល​ជួប​សវនាការ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ប្រទេស​វៀតណាម ដឹកនាំ​ដោយ លោកស្រី តុង ធី​ហ្វុង ។​

នៅក្នុង​ជំនួប​នោះ​ភាគី​ទាំងពីរ​បាន​លើកឡើង​ពី​ការរីកចម្រើន​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិការ​ប្រទេស​ទាំង​ពីរ ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អបអរសាទរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​សមិទ្ធិផល​ដ៏​ធំធេង ដែល​រដ្ឋាភិបាល​និង ប្រជាជន វៀតណាម សម្រេចបាន ក្នុង​ការកសាង និង អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ឆ្ពោះទៅរក​វឌ្ឍនភាព​រុងរឿង យ៉ាង​ឆាប់រហ័ស​។​

​សម្តេច​បាន​លើកឡើង​ថា “​យើងខ្ញុំ​មាន​ជំនឿ​ថា ក្រោម​ការដឹកនាំ ដ៏​ភ្លឺស្វាង របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ដែលមាន លោក ង្វៀន ភូ​ជុង ជា​អគ្គលេខាធិការ​បក្ស លោក ត្រា​ន់ ដៃ​ក្វាង ប្រធាន​រដ្ឋ​លោក ង្វៀន សួន​ហ្វុក នាយករដ្ឋមន្ត្រី និង លោកស្រី​ង្វៀន ធី​គឹម​ងិន ជា​ប្រធានរដ្ឋសភា ប្រជាជន​វៀតណាម នឹង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែម ទៀត ក្នុង​ដំណើរការ​ជំរុញ​ឧស្សាហូបនីយកម្ម និង ទំនើប​នីយកម្ម ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ កាន់តែខ្លាំង ខ្លា​ថែមទៀត​”​។​

​លោកស្រី តុង ធី​ហ្វុង អនុប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជម្រាប​សម្តេច​ប្រធាន​រដ្ឋសភា​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មក​កាន់​កម្ពុជា នៅពេលនេះ ក្រៅ​ពី​ការផ្ទេរ​តួនាទី​ប្រធាន APPF​ជូន​សភា​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ដើម្បី​ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ឲ្យមាន​ភាព​រឹងមាំ​និង​យូរអង្វែង​។​

លោកស្រី​បាន​ស្នើសុំ​ដល់​រដ្ឋ​សភា​កម្ពុជា ពិនិត្យឡើងវិញ នូវ​រាល់​កិច្ច​ព្រម​ព្រៀម​ទាំងឡាយ ដែល​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិ​
​ច្ច​ព្រមព្រៀង​ជាមួយ​គ្នា ហើយ​មិន​ទាន់​បាន​អនុវត្ត​នោះ សូម​ឲ្យ​អនុវត្ត បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ដូច​ជា​ការជំរុញ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គណៈប្រតិភូ​ពីគ្នា​ទៅវិញទៅមក​។ បង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ជួរ​សមាជិកសភា​ជា​ស្ត្រី ពិសេស​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការកសាង​ច្បាប់​ជាដើម​។​

​ជំនួប​ទ្វេភាគី​រវាង​រដ្ឋ​សភា​កម្ពុជា​និង​វៀតណាម​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ បន្ទាប់ពី​បាន​ប្រារព្ធ​ពិធី​ប្រគល់​និង​ទទួល​តួនាទី​ជា​ប្រធាន APPF រួចហើយ ថ្នាក់ដឹកនាំ​សភា​ប្រទេស​កម្ពុជា​និង​វៀតណាម បាន​ជួប​ច​ចារ​ទ្វេភាគី​បន្តទៀត ដែល​ជំនួប​ចរចា​ទ្វេភាគី​នេះ បាន​ធ្វើឡើង​រវាង លោក ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋ​សភា​កម្ពុជា និង​លោកស្រី តុង ធី​ហ្វុង អនុប្រធាន​រដ្ឋសភា​វៀតណាម​។​

​នៅក្នុង​ជំនួប​នេះ លោក ងួន ញ៉ិល បាន​លើកឡើង​ថា វត្តមាន​របស់​លោកស្រី និង​គណៈប្រតិភូ នៅពេល​នេះ​កាន់តែ​បញ្ជាក់​ឲ្យឃើញថា ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ជា​ប្រពៃណី​រវាង​ប្រជាជាតិ​ទាំងពីរ ត្រូវបាន​ពង្រឹង និង​ពង្រីក ជា​បន្តបន្ទាប់ ទាំង​នៅក្នុង​ក្របខ័ណ្ឌ បក្ស រដ្ឋ និង​រដ្ឋសភា​។​

​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​ចំណង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ​។ កម្ពុជា វៀតណាម​បាន​ធ្វើឲ្យ​មាន​កំណើន​ទំហំ​ពាណិជ្ជកម្ម​កើនឡើង​ជា​លំដាប់ ។ ចំនួន​អ្នកទេសចរ​វៀតណាម បាន​មក​ទស្សនា​នៅ​កម្ពុជា ឈរ​លេខ​រៀង​ទី​២ បន្ទាប់​ប្រទេស​ចិន​។ កម្ពុជា​និង​វៀតណាម បាន​ឈានទៅរក​ការសម្រេច​ទាំងស្រុង នូវ​ការបោះបង្គោល​ព្រំដែន ក្នុងការ​ប្រែក្លាយ​ព្រំដែន​រួម​ទៅ​ជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍន៍​។​

​លោកស្រី តុង ធី​ហ្វុង បាន​កោតសរសើរ​ដល់​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញាធរ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​។ លោកស្រី​បាន​គូសបញ្ជាក់ថា ប្រទេស​វៀតណាម​មាន​គម្រោង​វិនិយោ​គជាង​១០០ ដែល​នឹង​ត្រូវ​អនុវត្ត​បន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ថ្នាក់ដឹកនាំ​រដ្ឋសភា​វៀតណាម បាន​អះអាង​ថា វៀតណាម​គាំទ្រ​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ​។ លោកស្រី ក៏​បាន​អះអាង​ថា សភា​វៀតណាម​នឹង​ខិតខំ​ជំរុញ​ជំនួយ​ដ៏​ធំ​របស់​សភា​ប្រទេស​វៀតណាម មក​រដ្ឋ​សភា​កម្ពុជា គឺ​ការសាងសង់​អគារ​រដ្ឋបាល ជូន​រដ្ឋ​សភា​កម្ពុជា​នោះ ឲ្យចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​នេះ​។​
​លោក ងួន ញ៉ិល មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​ខិតខំ​រក្សា ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រជាជាតិ​ទាំងពីរ ឲ្យបាន​កាន់តែ​ល្អ​។ លោក​បាន ចាត់ទុក​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ថា ជា​ទ្រព្យសម្បត្តិ​ដ៏​ពិសិដ្ឋ​ដែល​ត្រូវ​ថែរក្សា​ជា​រៀងរហូត ហើយ​ផ្សព្វផ្សាយ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​បន្ត​ថែរក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ​នេះ ។​

​លោក​អនុប្រធាន​ទី​២ រដ្ឋសភា ក៏​មាន​សង្ឃឹម​ដែរ​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំង​ពីរ ក៏​បាន​នឹង​កំពុង​បន្ត​អនុវត្ត​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ដែល​រដ្ឋសភា​ទាំងពីរ​បាន​ព្រមព្រៀង​ជាមួយគ្នា​កន្លងមក សំដៅ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅ​លើ​វេទិកា​អន្តរ​សភា​នានា ទាំង​ក្នុង​តំបន់ និង​សកលលោក ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×