Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​ជា​លក្ខណៈ​អន្តរជាតិ​លើ​សេចក្តីព្រាង “​ក្រម​សីលធម៌​របស់​តំណាងរាស្ត្រ​”

spot_img

ភ្នំពេញ ៖ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា បាន​តាក់តែង​សេចក្តីព្រាង​ក្រមសីលធម៌​តំណាងរាស្ត្រ​មួយ​ឡើង​នៅពេលនេះ ដែល​បាន​បង្ហាញថា នៅក្នុង​ពេល​ឆាប់ៗ​នេះ រដ្ឋ​សភា​កម្ពុជា​នឹង​អាច​មាន​ក្រមសីលធម៌​តំណាងរាស្ត្រ ប្រសិន​ជា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​នោះ​។ តែ​មុននឹង បញ្ជូន​សេចក្តីព្រាង​ក្រមសីលធម៌​នេះ ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សេចក្តីព្រាង​ក្រម​សីលធម៌​តំណាងរាស្ត្រ​នេះ បានដាក់ឲ្យ​ពិគ្រោះ យោបល់​ជា​លក្ខណៈ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋ​សភា​។​

​វេទិកា​ប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​”​ក្រមសីលធម៌​តំណាងរាស្ត្រ​” បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋ​សភា​កម្ពុជា សហការ ជាមួយ​សមាគម​សមាជិក​សភា​កម្ពុជា​ដើម្បី​ប្រជារាស្ត្រ និង​ការអភិវឌ្ឍ និង​មជ្ឈមណ្ឌល​សម្រាប់​ការសន្ទនា​មនុស្សធម៌ ដោយ​មាន​សមាជិក​រដ្ឋ​សភា ព្រឹទ្ធសភា អ្នក​ច្បាប់​ជាតិ​អន្តរជាតិ​ជាច្រើន​បាន​ចូលរួម​។​

​ក្រមសីលធម៌​តំណាងរាស្ត្រ​ជា​វិធាន​ឬ​បទដ្ឋាន​មួយ ដែល​នឹង​ជំរុញ​ប្រសិទ្ធភាព តួនាទី​តំណាងរាស្ត្រ ហើយ​ជា​យន្តការ​មួយ​ដែល​ការពារ​សេចក្តីថ្លៃថ្នូរ សីលធម៌ របស់​តំណាងរាស្ត្រ​ផងដែរ​។ មាន​សភា​ប្រទេស​ជាច្រើន បាន​តាក់តែង​ក្រមសីលធម៌​តំណាងរាស្ត្រ​នេះ​ឡើង​រហូត​មកដល់ពេលនេះ​។​

​មានប្រសាសន៍​នៅក្នុង​ពី​ធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​គូសបញ្ជាក់ថា រហូតមកដល់​ពេលនេះ រដ្ឋ​សភា​កម្ពុជា​បាន​ដំណើរការ​ជិត​៥​នីតិកាល​មកហើយ អស់​រយៈពេល​ជិត​២៥​ឆ្នាំ​កន្លងមកនេះ រដ្ឋសភា កម្ពុជា​បាន​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង និង​ច្បាប់​ជា​ធរមាន​។​

​លោក​បន្តថា ទោះបី​មាន​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ និង​ច្បាប់​ពាក់ព័ន្ធ​មាន​ជា​ធរមាន​ក៏ដោយ ក៏​ក្នុង ក្របខ័ណ្ឌ​នៃ​ការប្រតិបត្តិ​សិទ្ធិសេរីភាព និង​ការបំពេញ​តួនាទី និង​ភារកិច្ច​ក្នុង​នីតិកាល​របស់​ខ្លួន តំណាងរាស្ត្រ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ស្អាតស្អំ មនសិការ និង​កិត្តិយស ដើម្បី​លើកកម្ពស់​ទំនុកចិត្ត គណនេយ្យភាព និង​ការជឿជាក់​លើ​សមាជិក​រដ្ឋសភា និង​រដ្ឋសភា​ដែល​ជា​អង្គការ​កំពូល​របស់ ប្រទេសជាតិ​។​

​លោក​ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ បាន​គូសបញ្ជាក់​បន្តថា ដើម្បី​លើកកម្ពស់ និង​ជំរុញ​ប្រសិទ្ធិភាព​របស់​រដ្ឋ​សភា​បន្ថែមទៀត គណៈកម្មការ និង​ដៃគូរ​មួយចំនួន បាន​តាក់តែង​សេចក្តីព្រាង​ក្រមសីលធម៌​តំណាងរាស្ត្រ ដែល​បាន​ដាក់​ឲ្យមាន​ការពិគ្រោះ​យោបល់​នាពេលនេះ ហើយ​អ្នកជំនាញ​ច្បាប់​ជាតិ​និង​អន្តរជាតិ ពិសេស​វាគ្មិន​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ថៃ នឹង​ចែករំលែក​បទពិសោធន៍​របស់គេ ដើម្បី​កែលម្អរ​សេចក្តី ព្រាង​ក្រមសីលធម៌​តំណាងរាស្ត្រ​នេះ​ឲ្យ​កាន់តែ​ល្អ​ឡើង​។​

​លោកស្រី Theerada Suphaphong តំណាង​មជ្ឈមណ្ឌល​សម្រាប់​ការសន្ទនា​ផ្នែក​មនុស្សធម៌ ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោល​ប់​នេះ បាន​គូសបញ្ជាក់ថា ក្រមសីលធម៌​តំណាងរាស្ត្រ គឺជា​យន្តការ​មួយ​ដែល​និង​ជំរុញ​ប្រសិទ្ធភាព​សភា ធ្វើឲ្យ​មាន​សុខដុមរមនា​ក្នុងស​ង្គ​ម​។​

​ចំណែក លោក Jonhson K Rajagukguk ប្រធាន​ទីភ្នាក់ងារ​ឯក​ទេស​នៃ​រដ្ឋសភា​ឥណ្ឌូនេស៊ី បាន​លើកឡើង​ថា សភា​ប្រទេស​ឥណ្ឌូនេស៊ី បាន​បង្កើត ក្រមសីលធម៌​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០០៤​។ ក្រមសីលធម៌​នេះ បង្កើតឡើង​ក្នុង​ទិសដៅ​ធ្វើឲ្យ​មាន​តម្លាភាព និង​លើកកម្ពស់​អំណាច​របស់​សភា និង​ជំរុញ ឲ្យ​សមាជិក​រដ្ឋសភា​គិត​ផលប្រយោជន៍​ប្រទេសជាតិ​ជាធំ​។​

​បើ​តាម​វាគ្មិន​រូបនេះ តាមរយៈ​ក្រមសីលធម៌​តំណាងរាស្ត្រ​នេះ សភា​ប្រទេស​ឥណ្ឌូនេស៊ី បាន​បណ្តេញ​សមាជិក​រដ្ឋសភា​មួយចំនួន​ចេញពី​តួនាទី នៅពេល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រមសីលធម៌​នេះ​។ ដោយឡែក​នៅក្នុង​សភា​ប្រទេស​ថៃ ដែល​មាន​ក្រមសីលធម៌​តំណាងរាស្ត្រ​នេះ​ដែរ វាគ្មិន​មក​ពី​ប្រទេស ថៃ បាន​លើកឡើង​ថា ក្រមសីលធម៌​តំណាងរាស្ត្រ​នៅ​ប្រទេស​នេះ បង្កើតឡើង​ជា​ដំបូង​ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ប៉ុន្តែ​ក្រោយមក បាន​ក្លាយជា​យន្តការ​មួយ​ក្នុង​ការលើកកម្ពស់​ឥរិយាបថ អាកប្បកិរិយា ក្នុង​ការបំពេញ​តួនាទី​របស់​សមាជិក​រដ្ឋសភា​។ នេះ​បើ​តាម​ការលើកឡើង​របស់ លោក​សាស្ត្រាចារ្យ Poom Moolsipa ទីប្រឹក្សា​អនុប្រធាន​ទី​១ នៃ​សភា​នីតិប្បញ្ញត្តិ​ប្រទេស​ថៃ​។​

​លោក ឈាង វុន សមាជិក​រដ្ឋសភា​កម្ពុ​ជា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​គាំទ្រ​ទៅលើ​គំនិត​ផ្តួចផ្តើម ក្នុង​ការតាក់តែង​សេចក្តី​ព្រាង​ក្រមសីលធម៌​តំណាងរាស្ត្រ​នេះ​ឡើង ប៉ុន្តែ​លោក បាន​ស្នើ​សូម​ឲ្យ​វា​គ្មិន និង​អ្នកចូលរួម​ទាំងអស់ ពិនិត្យ​សិក្សា​លើ​ច្បាប់ និង​បទដ្ឋាន​នានា ដែល​កម្ពុជា ឬ​រដ្ឋ​សភា​កម្ពុជា មាន​រួចមកហើយ​នោះ ដូចជា រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ឬ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ជាដើម​នោះ​។​

​លោក ប៉ែន បញ្ញា បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មតិ​លើកឡើង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ ហើយ​បាន​អះអាងថា ការលើក ឡើង​ទាំងឡាយ គឺជា​ធាតុ​ផ្សំ​ដែល​នឹង​ធ្វើ​សេចក្តីព្រាង​ក្រមសីលធម៌​តំណាងរាស្ត្រ​នេះ កាន់តែ​ល្អប្រសើរ​ឡើង​។​

​សូមជម្រាបថា សេចក្តីព្រាង​ក្រម​សីលធម៌​តំណាងរាស្ត្រ ដែល​តាក់តែង​ដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​នេះ មាន​២​ប្រការ ចែកចេញ ជា​៩​ចំណុច​។ នៅក្នុង​ចំណុច​ទី​១ ក្នុងចំណោម​៩​ចំណុច​នេះ បាន​និយាយថា តំណាង​រាស្ត្រ​ត្រូវ​មាន​ឆន្ទៈ​មោះមុត ប្តូរផ្តាច់ រួបរួម​គ្នា​ពង្រឹង​ឯកភាព​ជាតិ ផ្អែកលើ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គោរព​សិទ្ធិមនុស្ស និង​គោរព​ច្បាប់​ដោយ​ម៉ឺងម៉ាត់ ជាដើម​។​

​សេចក្តីព្រាង​ក្រម​សីលធម៌​តំណាងរាស្ត្រ​នេះ អាច​ក្លាយជា​ក្រមសីលធម៌​ផ្លូវការ​មួយ​បាន ដែល​ដាក់អោយ​អនុវត្ត​នោះ លុះត្រាតែ​មាន​ការសម្រេច​ពី គណៈកម្មាធិកា​រ​អិចន្ត្រៃយ៍​រដ្ឋសភា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×