Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​ប្រទេស​វៀតណាម​

spot_img

​ភ្នំពេញ ​៖​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Tong Thi Phong អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។ ក្នុងជំនួប​នោះ លោកស្រី Tong Thi Phong បាន​ពាំនាំ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ប្រធានរដ្ឋសភា និង​ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម​ជូន​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​លោកស្រី​បាន​សំដែង​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេជោ រាល់​សកម្មភាព​ទាំងឡាយ ដែល​កម្ពុជា​ទទួលបាន​ជា​ប្រទេស​រីកចម្រើន​លើ​វិស័យ សេដ្ឋកិច្ច លើ​វិស័យ​នយោបាយ​នៅ​កម្ពុជា ដែល​ទទួល​នូវ​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំង ហើយ​ទទួលបាន​នូវ​ស្ថេរភាព នយោបាយ​ល្អ​ជាពិសេស​នៅក្នុង​ឆាក​អន្តរជាតិ​តែម្តង​។​

​ជាមួយគ្នានេះដែរ លោកស្រី​បាន​ជម្រាបជូន​សម្ដេច​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា កន្លងមក​បាន​ជួបពិភាក្សា​ជាមួយ​អនុប្រធាន​សភា​កម្ពុជា ក៏​ដូចជា​សម្ដេច​ប្រធានរដ្ឋសភា និង​បាន​ជម្រាបជូន​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ទី​១​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាងរ​សភា និង​សភា និង​ទី​២​គឺ​ដើម្បី​ផ្ទេរ​តំណែង​ជា​ម្ចាស់ផ្ទះ ប្រធាន​កិច្ចប្រជុំសភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ជូន​ដល់​កម្ពុជា ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​បន្ត​ពី​ប្រទេស​វៀតណាម សម្រាប់​កិច្ចប្រជុំ​លើក​ទី​២៧​។ លោកស្រី បាន​មានប្រសាសន៍ថា ភាគី​វៀតណាម​ប្ដេជ្ញា​ចិត្ត​នឹង​ជួយ ចែករំលែក​នូវ​រាល់​បទពិសោធន៍​ទាំងឡាយ​ដែល មាន​កន្លង​មក​អំពី​ការរៀបចំ ធ្វើជា​ម្ចាស់ផ្ទះ​ប្រជុំ​សភា​អាស៊ី​ប៉ាស៊ីហ្វិក នៅ​វៀតណាម​ជូន​ដល់​កម្ពុជា សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​បន្ត​ពី​វៀតណាម​នេះ នៅ​ឆ្នាំក្រោយ​ក្នុងប្រទេស​កម្ពុជា​ឲ្យទទួល​បាន​ជោគជ័យ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​របស់​វៀតណាម នឹង​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​លើកឡើង​នូវ​សមិទ្ធផល​របស់​កម្ពុជា​កន្លងមក ដោយ​សម្ដេច​បញ្ជាក់ថា​រាល់​សមិទ្ធផល​ទាំងនេះ​មិន​អាច​កាត់ផ្ដាច់​បាន អំពី​ជំនួយ​របស់​វៀតណាម​ជួយ​ដល់​កម្ពុជា​ជាពិសេស ជំនួយ​ក្នុង​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឆ្នាំ ១៩៧៩ កន្លងមក​។​

​ជាមួយ​នេះ​សម្ដេច​តេជោក៏បាន​អរគុណផ​ង​ដែរ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​លោក​ស្រី Tong Thi Phong ក្នុង​ការផ្ដល់ និង​ជួយ​ចែករំលែក​បទពិសោធន៍ សម្រាប់​កិច្ចប្រជុំ​សភា​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំក្រោយ​នេះ ។ និង ជា​ចុងក្រោយ​សម្តេច​តេជោ សុំ​ឲ្យ​សភា​វៀតណាម និង​សភា​កម្ពុជា បន្ត​សហការ​គ្នា​ធ្វើយ៉ាងណា អោយ​កិច្ចប្រជុំ​នា​ឆ្នាំ​ក្រោយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ទទួលបាន​ជោគជ័យ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×