ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ បានសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់វិធានការតាមនីតិវិធីតុលាការក្នុងការលើកលែងការចោទប្រកាន់លើលោក មឿន តុលា ដែលត្រូវបានតុលាកាធ្វើការចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ពីបទរំលោភលើទំនុកចិត្ត។
រាជរដ្ឋាភិបាលចាត់នីតិវិធីតុលាការ ដើម្បីលើកលែងការចោទប្រកាន់សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក មឿន តុលា ពីបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមក្រសួងការងារ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។
បើតាមលោកមុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា បានបញ្ជាក់ក្នុងផេកហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ខែមេសានេះថា គេនៅចាំបានថា នៅខែមីនា កន្លងទៅនេះ ក្រមហ៊ុនបញ្ជាទិញសម្លៀកបំពាក់កាត់ដេរអាមេរិក បានផ្ញើលិខិតមួយច្បាប់ មករដ្ឋាភិបាលកម្ពុជាដោយទាមទារឲ្យមានការឆ្លើយតបចំពោះបញ្ហាសិទ្ធិកម្មករ សេរីភាពសហជីព និងសេរីភាពនយោបាយ ព្រមទាំងចង្អុលបង្ហាញពីករណីចោទប្រកាន់មកលើលោក មឿន តុលា លោក ប៉ា ងួនទៀង និងព្រះតេជគុណ ប៊ុត ប៊ុនតិញ៕ ដោយ៖បញ្ញាស័ក្តិ