Saturday, January 22, 2022

រាជរដ្ឋាភិបាល ទទួលចំណូលមិនមែនសារពើពន្ធ តាមរយៈការបង់សួយសារពីអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគីរី ជាង១,៦លានដុល្លារ

ភ្នំពេញ៖ គិតចាប់ពីពេលចាប់ផ្តើម បើកឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន Renaissance Minerals នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២១ ក្រុមហ៊ុន Renaissance Minerals បានផ្តល់ចំណូលមិនមែនសារពើពន្ធ តាមរយៈការបង់សួយសាររបស់ក្រុមហ៊ុន ចូលក្នុងថវិកាជាតិ សរុបចំនួន ១,៦៧៧,០៦៣.៣៨ដុល្លារ»។ ចំណូលពីរ៉ែមាសនេះ ដាក់ក្នុងចូលជាថវិការបស់ជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថា គម្រោងអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ របស់ក្រុមហ៊ុន Renaissance Minerals នេះ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ លោហៈចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។

លោកបន្ដថា ក្រុមហ៊ុនទាំងនោះពុំទាន់អាចវាយតម្លៃថា ជាការសិក្សាស្រាវជ្រាវ ផ្តោតតែលើរ៉ែមាស ឬលោហៈផ្សេងទៀតនៅឡើយទេ ដោយហេតុថា គម្រោងសិក្សា ស្រាវជ្រាវទាំងនោះ ស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃ សក្តានុពលធនធានរ៉ែ និងមួយចំនួនទៀត កំពុងរៀបចំជារបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពនៃជម្រកធនធនរ៉ែ ហើយនៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំង នៅខេត្តរតនគិរី នឹងអាចចាប់ផ្តើមនៅចុងឆ្នាំ២០២២។

លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់ថា ការចាប់ផ្តើមការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា តាមរយៈរាជរដ្ឋាភិបាល ទទួលបានចំណូលពីសួយសារ និងពន្ធអាករផ្សេងៗ និងបង្កើតការងារ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅក្នុងតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា សម្រាប់រ៉ែមាសនេះ មិនមែនមានតែក្នុងខេត្តមណ្ឌលគិរីមួយនោះទេ ប៉ុន្ដែមាននៅក្នុងបណ្ដាខេត្តជាច្រើនទៀត ដូចជា ព្រះវិហារ, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម និងខេត្តរតនគីរី ជាដើម ហើយកំពុងត្រូវបានរាជរដ្ឋាភិបាលរៀបចំអភិវឌ្ឍ។

គួរបញ្ជាក់ឲ្យដឹងថា ចំណូលពីរ៉ែមាសនេះ ដាក់ក្នុងចូលជាថវិការបស់ជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ សម្រាប់ចំណូលដែលបានប៉ាន់ស្មាន មួយឆ្នាំប្រហាក់ប្រហែល ៤០លានដុល្លារអាមេរិក ជាចំណូលជាតិ ដែលបានមកពីសួយសារ និងសារពើពន្ធផ្សេងៗ លើការលក់មាសក្នុងការដ្ឋាននេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី