ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើអនិតិជនអាយុ១៤ឆ្នាំ ។ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី។ ការឃាត់ខ្លួនជនរូបនេះ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវ១៩៨៨ ភូមិភ្នំពេញថ្មី សង្កាត់ពេញថ្មី ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឡេង លីនផៃសាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ខ ស ន អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងបន្ទប់ជួល ផ្លូវ១៩៨៨ ភូមិភ្នំពេញថ្មី សង្កាត់ពេញថ្មី ខណ្ឌសែនសុខ។
សម្ភារៈដកហូត៖ម៉ូតូចំនួន មួយគ្រឿង ម៉ាCPX ពណ៌ក្រហម ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BW-4887 និងទូរស័ព្ទដៃចំនួនមួយគ្រឿង ម៉ាកអាយហ្វូនសេវ៉េន និងទូរស័ព្ទដៃម៉ាកណូគារចុចពិលចំនួនមួយគ្រឿង។
លោកអធិការបន្តថា ជនរងគ្រោះនិងជនសង្ស័យជាមនុស្សស្គាល់គ្នានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី ជនសង្ស័យបានមកលេងនៅបន្ទប់ជួលរបស់ជនរងគ្រោះ ដោយមានសភាពស្ងាត់ជនសង្ស័យបានចាប់បង្ខំជនរងគ្រោះធ្វើការរំលោភបានសម្រេច រួចជនសង្ស័យបានសន្យាជាមួយជនរងគ្រោះឲ្យលុយចាយនិងទិញទូរស័ព្ទដៃ លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ដោយមានអការៈប្លែក បងស្រីជនរងគ្រោះ បានហៅជនរងគ្រោះធ្វើការសួរនាំ រួចជនរងគ្រោះបាននិយាយពីដំណើររឿង ប្រាប់ដល់បងស្រីរបស់ខ្លួន រួចបងស្រីជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការស្រាវជ្រាវ។ លុះដល់ថ្ងៃទី២៦ ខែមេសា កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានឃើញជនសង្ស័យនៅតាមផ្លូវបេតុង ម្តុំផ្សារដីហុយ សង្កាត់គោកឃ្លាង ក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ ជនសង្ស័យបានសារភាពថាខ្លួន បានរំលោភទៅលើជនរងគ្រោះចំនួន២ដង គឺលើកទី១ នៅក្នុងឆ្នាំ២០១៧ និងលើកទៅ២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ៕ ដោយ៖បញ្ញាស័ក្តិ