Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ខុន​ដូ លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង ដក​កាំភ្លើង​វាយ​អ្នក​រើស​អេតចាយ បាន​ចូល​សារភាព​និង​សងជំងឺចិត្ត​៤.០០០​ដុល្លារ​

spot_img

​​រាជធានី​ភ្នំពេញ ៖ នៅ​ដំណាក់កាល​នគរបាល​ព្រហ្មទណ្ឌ ថៅកែ​ខុន​ដូ លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង ដែល​បាន​វា​យក​ម្មករ​រើស​អេតចាយ​បណ្តាលឲ្យ​រយះ​ក្បាល បាន​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ជា​អ្នក​រើស​អេតចាយ​ចំនួន ៤.០០០​ដុល្លារ​អាមេរិក​រួចទៅហើយ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​។ នគរបាល​ព្រហ្មទណ្ឌ បានបញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​សំណង​រដ្ឋប្បវេណី​ទេ លោក ប៉ិច តុង​ហេង នៅជាប់​បណ្តឹងអាជ្ញា​មួយទៀត ដូច្នោះ​ហើយ​បាន​ជា​នគរបាល​នាំខ្លួន​លោក ប៉ិច តុង​ហេង ទៅ​តុលាការ ដើម្បី​បំពេញ​តាម​នីតិវិធី​។​

​ករណី​ថៅកែ​ខុន​ដូ លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង វា​យក​ម្មករ​រើស​អេតចាយ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ មេសា ២០១៨ បាន​ចូល​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ក្រោយ​ពី​ចូល​សារភាព នៅវេលា​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​ខ្លួន​លោក ប៉ិច តុង​ហេង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប៉ិច តុង​ហេង គ្រាន់​តែ​ត្រូវបាន​មន្ត្រីរដ្ឋបាល​សាលាដំបូង​ថតរូប​ទុកជា​ឯកសារ​តែប៉ុណ្ណោះ​ទេ​។ សំណុំរឿង​នេះ​មិន​ទាន់​បាន​ចាត់ការ​តាម​របៀប​ណា​នៅឡើយ ។ នគរបាល​ព្រហ្មទណ្ឌ​ក៏​បាន​នាំ​ខ្លួន​លោក ប៉ិច តុង​ហេង ទៅវិញ និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃទី​២៨ មេសា នេះ​មក​បង្ហាញខ្លួន​ម្តងទៀត ដើម្បី​សាកសួរ​ជា​ផ្លូវការ​។​

​សូមបញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី ២៤ មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង​ជាង ១១ ថ្ងៃត្រង់ នៅក្បែ​ខុន​ដូរ​របស់​ជន​បង្ករ​ស្ថិតនៅ​ផ្លូវ​លេខ ៣៦៨ សង្កាត់ បឹង​កេងកង ៣ ខណ្ឌ ចំការមន រាជធានី ។​

​បើ​តាម​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ បុរស​ជា​ម្ចាស់​ខុន​ដូរ និង ជា​ម្ចាស់​រថយន្តស្ព័​រ Chevrolet Camaro ពាក់​ស្លាក​លេខ 2AP-8989 ភ្នំពេញ បាន​បើករថយន្ត​ដោយ​រោទិ៍​សំឡេង​ឮ​ខ្លាំងៗ ។ ពេល​នោះ​កម្មករ​រើស​អេតចាយ​នៅក្បែ​នោះ ក៏​ក្រឡេកមើល​។ ពេល​ឃើញ​កម្មករ​មើល​មុខ​ម្ចាស់​រថយន្ត បាន​បើក​ត្រឡប់​រថយន្ត​មក​វិញ​ហើយ​ចុះ​ពី​លើ​រថយន្ត​ដោយ​មាន​កាន់​កាំភ្លើងខ្លី នៅ​នឹង​ដៃ​វាយ​កម្មករ​បែក​ក្បាល​តែ​ម្ដង ។​

​កម្មករ​រងគ្រោះ​មាន​ឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ រងរបួស​បែកក្បាល​ដេរ​ច្រើន​ថ្នេរ ។ ចំណែក​ជន​បង្ក​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់ថា ឈ្មោះ ប៉ិច តុង​ហេង ជា​ម្ចាស់​ខុន​ដូ និង ជា​ម្ចាស់​រថយន្តស្ព័​រ មាន​ទីលំនៅ​ផ្ទះ​លេខ ៥៨ ផ្លូវ ៣៦៨ ភូមិ ៣៨ សង្កាត់ បឹង​កេងកង​៣ ខណ្ឌ ចំការមន ។​

​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​នគរបាល​មូលដ្ឋាន​ដោយ​ទាមទារ​សំណង ១០.០០០ ដុល្លារ និង សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ជនល្មើស​តាមច្បាប់ ។ លោកនាយ​ប៉ុស្តិ៍​បឹង​កេងកង​៣ បានឲ្យដឹងថា លោក​បាន​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ​រួច​ហើយ ហើយ​បាន​កោះហៅ​ជនបង្ក​ឈ្មោះ ប៉ិច តុង​ហេង ឲ្យចូល​ខ្លួន​មក​បំភ្លឺ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×