Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រែប្រួល​អាកាសធាតុ​អាច​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​ប្រមាណ​ជិត​១០​ភាគរយ នៅ​ត្រឹម​ឆ្នាំ​២០៥០

spot_img

​ភ្នំពេញ​៖ យោង​តាម​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ស្តីពី​ម៉ូ​ដែល​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា បង្ហាញឱ្យឃើញថា ការប្រែប្រួល​អាកាសធាតុ​អាច​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​ប្រមាណ​ជិត​១០% នៅ​ត្រឹម​ឆ្នាំ​២០៥០ (​ហើយ​ប្រមាណ​២,៥% នៅ​ត្រឹម​ឆ្នាំ​២០៣០)​។​

​ក្រសួង​បរិស្ថាន បាន​ផ្សាយ​ថា ផលប៉ះពាល់​ចម្បង​ទីមួយ គឺ​ផលិតភាព​ការងារ​មាន​ការធ្លាក់ចុះ​ដោយសារ​តែ​សីតុណ្ហភាព​កើនឡើង ទី​ពីរ​គឺ​ផលប៉ះពាល់​នៃ​ព្រឹត្តិការណ៍​ធាតុអាកាស​ធ្ងន់ធ្ងរ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជះ​ឥទ្ធិពល​ទៅលើ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​ទី​បី គឺ​ប្រាក់​ចំណូល​មាន​ការធ្លាក់ចុះ ដោយសារ​តែ​ការខូចខាត​ផលដំណាំ​ក្នុង​វិស័យ​កសិកម្ម ក្នុង​ចន្លោះ​រយៈពេល​ពី​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ​២០៥០​។​

​របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការពង្រឹង​គោលនយោបាយ​និង​ការវិនិយោគ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ អាច​បញ្ចៀស​ផលប៉ះពាល់​បាន​ច្រើន​ជាង​ពាក់កណ្តាល តាមរយៈ​ការរួមបញ្ចូល​គោលនយោបាយ​លើកទឹកចិត្ត​វិស័យ​ឯកជន​ក្នុង​ការងារ​បន្ស៊ាំ ការចំណាយ​សាធារណៈ​ច្រើន​ជាង​មុន​ក្នុង​ការងារ​បន្សាំ និង​ចាត់វិធានការ​នានា​ដើម្បី​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ប្រសិទ្ធ​ផល​និង​ធន់​នឹង​អាកាសធាតុ​។​

​សូមបញ្ជាក់​ថា របាយ​ការណ័​ស្តីពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ស្តីពី​ម៉ូ​ដែល​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដោយមាន​មាន​ការចូលរួម​ពី លោក រស់ សីល​វ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​លោកស្រី ម៉ា​រី​យ៉ា សា​ហ្គ្រេ​ន ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ឋ​ជាច្រើន​ទៀត​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×