Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ រីករាយ​ថ្ងៃ​ឈប់សម្រាក និង​អនុមោទនា ថ្ងៃបុណ្យ​វិសាខបូជា​

spot_img

​ថ្ងៃ​១៥​កើត ខែ​ពិសាខ ពស​២៥៦១ ដែល​ត្រូវ​នឹង​ថ្ងៃទី ២៩ មេសា ២០១៨​នេះ គឺជា​ថ្ងៃបុណ្យ​វិសាខបូជា ដែលជា​ថ្ងៃសីល​ផងដែរ​។ មិនថាតែ​នៅ​កម្ពុជា​ទេ គឺ​នៅថ្ងៃនេះ​ពុទ្ធសាសនិកជន​ទូទាំង​ពិភពលោក​ក៏បាន​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​ខាងលើនេះ​ផងដែរ​។ នេះ​បើតាម​ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​។​

​ពិធីបុណ្យ​វិសាខបូជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រះ​សាក្ស​មុនី​ចេតិយ៍​នៃ​ព្រះ​សម្ពុទ្ធ​បរមគ្រូ ជា​អម្ចាស់ លើ​ភ្នំ​ព្រះរាជ​ទ្រព្យ នា​ក្រុង​ឧដុង្គ ដោយ​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ គឺ​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំង​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ជាច្រើន​អង្គ​នាក់​ផងដែរ​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា បុណ្យ​វិសាខបូជា គឺជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់បំផុត​ក្នុងចំណោម​បុណ្យ​សាសនា​ដទៃៗ​ទៀត ពីព្រោះ​ពិធីបុណ្យ​នេះ គឺ​បានបង្ហាញ​នូវ​ការគោរព​រំលឹក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នៃ​សម័យកាល​របស់​ព្រះ​សម្មា សម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បានប្រសូត បាន​ត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ​។ ព្រឹត្តិការណ៍​ទាំងបី​នេះ​គឺ​កើតឡើង​ចំ​ថ្ងៃ ១៥​កើត ខែពេញបូណ៌មី ដែលមាន​ព្រះ​ច័ន្ទ​ពេញវង់​ក្នុង​ខែ​ពិសាខ​ដូចគ្នា ខុស​តែ​ឆ្នាំ​តែប៉ុណ្ណោះ​។​

​នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បាន​ប្រកាស​ទទួលស្គាល់ “​វិសាខបូជា​” ជា​ពិធីបុណ្យ​សាសនា​អន្តរជាតិ ដែល​បុគ្គលិក​ធ្វើការ និង​សាធារណៈជន​អាច​ប្រារព្ធ​ធ្វើបាន​នៅ​ទូទាំង​ពិភពលោក​ទៀតផង​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ព្រមទាំង​ពុទ្ធបរិស័ទ​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ​ចម្រើន និង​ពុទ្ធពរ​៥​ប្រការ ហើយ​សូម​បាន​សប្បាយរីករាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ការងារ​ថ្ងៃអាទិត្យ​នេះ​ផងដែរ​។​

​អត្ថន័យ​នៃ​បុណ្យ​វិសាខបូជា ៖ បុណ្យ​វិសាខបូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធា​នុស្ស​រណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណ​គោត្ត​ម​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកបដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ។​

​ការដែល​ប្រារព្ធ​ពិធី​បូជា​នា​ថ្ងៃ ១៥ កើត​ខែវិសាខ​នេះ អាស្រ័យ​ដោយ​លោកអ្នក​ប្រាជ្ញ​ខាង ព្រះពុទ្ធសាសនា បានកំណត់ ទុក​ក្នុង​គម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល​អភិលក្ខិតកាល គឺជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​៖
១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា​
២-​ទ្រង់​ត្រាស់ដឹង​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​
៣-​ទ្រង់​រំលត់​ខ័​ន្ធ​ចូលកាន់​ព្រះ​និព្វាន​

​សម្តេចព្រះ​បរម​សាស្ត្រាចារ្យ​របស់​យើង​ទ្រង់​ប្រសូត ត្រាស់ដឹង និង​ទ្រង់​បរិនិព្វាន​សុទ្ធតែ​ក្នុង ថ្ងៃពេញបូណ៌មី​ខែវិសាខ​ទាំងអស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ព្រោះហេតុនោះ​ហើយ​បានជា​អ្នកប្រាជ្ញ ចងក្រង​ជា គាថា​ទុក​ដូច្នេះ​ថា អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្តោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ព្វុ​តោ​។​

​សេចក្តី​ថា ព្រះពុទ្ធ​ទ្រង់​យាងចុះ​កាន់​គភ៌​នៃ​ព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃពេញបូណ៌មី ខែវិសាខ បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃពេញបូណ៌មី ខែវិសាខ និង ទ្រង់​ចូល​បរិនិព្វាន​ក៏ ក្នុង​ថ្ងៃពេញបូណ៌មី ខែវិសាខ (​ផ្សេង​តែ​ឆ្នាំ​) ។​

​ព្រះអង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលា​ជិត​ថ្ងៃត្រង់ មុន ពុទ្ធសករាជ ៨០​ឆ្នាំ ។ នៅ​ឧទ្យាន​លុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំងពីរ គឺ​កបិល​ព​ស្តុ និង ទេវ​ទ​ហៈ​។ ឧទ្យាន​លុម្ពិនី សព្វថ្ងៃនេះ​ស្ថិតនៅក្នុង​ប្រទេស​នេ​ប៉ាល់ មាន​ចម្ងាយ​២៧​គ​.​ម​. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា ។ ព្រះអង្គ​ទ្រង់​ត្រាស់ដឹង នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា​វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ​។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់ដឹង​ជា​សព្វញ្ញូ​ពុទ្ធ ហៅថា​ពុទ្ធ​គ​យា​ស្ថិតនៅក្នុង រដ្ឋ​ពី​ហា ( Bihar ) ប្រទេស​ឥណ្ឌា​។ ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលា​ជិត​បែ​កប​ច្ចូ​សម័យ មុន​ពុទ្ធសករាជ ១​ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់ ចន្លោះ​សាលព្រឹក្ស​ទាំង​គូ ក្នុង​ក្រុង​កុសិនារា ។ សព្វថ្ងៃនេះ ទីក្រុង កុសិនារា ត្រូវបាន​គេ​ហៅថា ក្រុង​កុ​សិ​នា​ហ្គា​រ៍ (​កុ​សិន​គរ​) ឬ​ហៅថា​ក្រុង​កា​ស្យា ស្ថិតនៅក្នុង​រដ្ឋ​ឧ​ត្ត​រ​ប្រទេស របស់​ឥណ្ឌា ។​

​ជា​ប្រពៃណី​បុណ្យ​វិសាខបូជា គេ​តែង​នាំគ្នា​ធ្វើ​ក្នុងពេល​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ​ថា បុ​ណ្ណ​មី មាន​សេចក្តី​ថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការ​ប្រារព្ធ​ពិធី​ក្នុងពេល​រាត្រី អាស្រ័យ​ដោយ លក្ខណៈ​ងាយស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីបជ្វាលា បូជា​ភ្លើងអគ្គិសនី​ឲ្យ​ភ្លឺ​រុងរឿង​រន្ទាលច្រាលឆ្អៅ​ផង និង​​ម្យ៉ាង​ទៀត ដើម្បី​បើកឱកាស​ឲ​ពុទ្ធបរិស័ទ​បាន​ជួបជុំគ្នា ដ៏​ច្រើន​កុះករ​ទាំងប្រុស​ទាំងស្រី អាចបំពេញ​កុសល​កម្មនេះ ដោយ​សប្បាយរីករាយ ព្រោះ​ពេលយប់ ជា​ពេលទំនេរ​ផង​។ បុណ្យ​វិសាខបូជា ចាត់ទុកថា​ជា​បុណ្យ​ដ៏​ធំ ដោយមាន​មហាជន ចាស់​ក្មេងប្រុស ស្រី នៅ​ប្រជុំគ្នា​អ៊ូអរ ដោយ​នាំទៅ​ជាមួយ​នូវ​គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា​ភ្ញី និង​ប្រទីបជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោងព្រាត នៅ​គ្រប់​វត្ត​អារាម ។​

​តាម​ទំនៀមទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរ​ដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុននឹង​ចូល​ព្រះវិហារ ហើយ​គេ​យក​ទេយ្យវត្ថុ​រៀបចំ​ដាក់​នៅមុខ​ពុទ្ធរូប រួច​អុជ​ទៀនធូប​បូជា ផ្កា​ភ្ញី​ផ្សេងៗ​។ គេ​នាំគ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល សា្ត​ប់​ពុទ្ធមន្ត ស្តាប់ធម៌​ទេសនា អំពី ពុទ្ធប្បវត្តិ​តាំងពីដើម​រហូតដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រធម៌​បទ​ផ្សេងៗ​ដូចជា ន​មោ ៨​បទ ឋាន​ធំ ៨​កន្លែង​ជាដើម នៅ​យប់​នោះគេ​ធ្វើ​រហូតទល់​ភ្លឺ តាម​លទ្ធភាព​វត្តនី​មួយៗ ដើម្បី ឲ​មាន​បសាទ​សទ្ធា ចំពោះ​ព្រះ​រតនត្រ័យ​កាន់តែខ្លាំង​ក្លា​ឡើង​។​

​ប្រវត្តិ​បុណ្យ​វិសាខបូជា​៖ ពុទ្ធបរិស័ទ​ក្នុងប្រទេស​ទាំងឡាយ​ដែល​រាប់អាន​ព្រះពុទ្ធសាសនា នាំគ្នា​ធ្វើ​វិសាខបូជា នៅ​ថ្ងៃ ពេញបូណ៌មី​ខែ​ពិសាខ រៀងៗ​មក​តាំងពី​បុរាណកាល ។ តាម​ការស្រាវជ្រាវ​គេ​បានដឹងថា បុណ្យ វិសាខបូជា​ទំនងជា​ធ្វើ​នៅក្រោយ​ពុទ្ធបរិនិព្វាន​ច្រើន​រយ​ឆ្នាំ​។ គេ​ថា​ប្រទេស​ឥណ្ឌា និង​ប្រទេស​លង្កា បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​យូរយារ​ណាស់​មកហើយ ។ ចំណែក​ប្រទេស​សៀម និង​ប្រទេស​ខ្មែរ​ទើប នឹង​ចាត់ចែង​ធ្វើ​នៅ​គ្រឹ​ស្ត​សតវត្ស​ទី ១៩​។ នៅក្នុង​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ ទុំ​អ្នកមុខអ្នកកា​ទាំងឡាយ​ដំណាល​តៗ​គ្នា​បាន​ឲ​ដឹងថា គេ​បាន​ផ្តើមធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេច ព្រះ​ហរិរក្ស​មា​រា (​ព្រះអង្គដួង​) ដែល​គង់នៅ​ក្រុង​ឧ​ត្តុ​ង្គ ក្នុង​ពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយ​មហា​ប៉ាន ដែល​ស្តេច​សៀម បាន​បញ្ជូន​មកកាន់​ឧ​ត្តុ​ង្គ តាម​សំណើ​ព្រះបាទ អង្គ​ដួង​។​

​បុណ្យ​វិសាខបូជា​ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជា​ថ្ងៃបុណ្យ​ជាតិ របស់​ប្រទេស​កម្ពុជា ។ នៅ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការសហប្រជាជាតិ ជិត ២០០ ប្រទេស​បានអនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់ទុក​បុណ្យ វិសាខបូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ​។​

​វិសាខបូជា​នេះ បុ​រា​ណា​ចា​រ្យ​លោក​សំដៅយក​នក្ខត្តឫក្ស​៣ យ៉ាង​គឺកំណត់​យក​ត្រង់​ថ្ងៃ​ដែល ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញាណ​១, ទ្រង់​ចូលកាន់ ព្រះ​និព្វាន​១ ។ អាស្រ័យ​ហេតុនេះហើយ ទើប​អ្នកប្រាជ្ញ​បុរាណ​លោក​កំណត់​យក ថ្ងៃពេញបូណ៌មី ខែ​ពិសាខ​នេះ ទុកជា​ពិធី​ធ្វើ​សក្ការបូជា​ជា​ដរាប​រៀងរាប​មកទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ននេះ ។​

​របៀប​ធ្វើ​វិសាខបូជា ៖ មុននឹង​ប្រកាស​វិសាខបូជា សូម​លោក​អាចារ្យ​នាំ ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ នមស្ការ​ព្រះ​រតនត្រ័យ​តាម​វិធី​រតន​ប្ប​ណា​ម​សង្ខេប ឬ​ពិស្តារ ហើយ​សមាទានសីល​រួច​សឹម​ប្រកាស វិសាខបូជា​ដូចតទៅ​នេះ​ ៖

​វិធី​ប្រកាស​វិសាខបូជា​៖ (​លោក​អាចារ្យ​ត្រូវ​អាន​មួយ​ឃ្លា​ម្តងៗ ឲ្យឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ​ថា​តាម​)
​ន​មោ ត​ស្ស ភគ​វ​តោ អ​រហ​តោ សម្មាសម្ពុទ្ធ​ស្ស ​សូម​នមស្ការ ចំពោះ​ព្រះ​ភគវន្តមុនី អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ។
​សម្មាស​ម្ពុ​ទ្ធោ វត សោ ភគវា យោ សព្វ​ទុក្ខ​ស្ស ប​ហា​នាយ ធ​ម្មំ ទេ​សេ​តិ តំ សម្មាស​ម្ពុ​ទ្ធំ អាទ​រេ​ន ន​ម​ស្សាម ។​
​ព្រះ​ភគវន្តមុនី​អង្គណា ទ្រង់​ត្រាស់​សំដែង​នូវ​ធម៌ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំងពួង
​ព្រះ​ភគវន្តមុនី​អង្គ​នោះ ជា​ព្រះសម្មាសម្ពុទ្ធ​ពិតមែន យើងខ្ញុំព្រះអង្គ​សូម​ថ្វាយបង្គំ​នូវ ព្រះសម្មាសម្ពុទ្ធ អង្គ​នោះ​ដោយ​គោរព ។ ( ក្រាបថ្វាយបង្គំ​ម្តង )

​និ​យ្យា​និ​កោ វត សោ ធ​ម្មោ យោ សព្វ​ទុក្ខ​ស្ស ប​ហា​នាយ ស្វា​ក្ខា​តោ តេន ភគ​វ​តា តំ ធ​ម្មំ អាទ​រេ​ន ន​ម​ស្សាម ។ ព្រះធម៌​ណា​ដែល​ព្រះ​ភគវន្តមុនី​អង្គ​នោះ ទ្រង់​ត្រាស់​សំដែង​ហើយដោយ​ប្រពៃ ដើម្បី​កំចាត់ បង់​នូវ​សេចក្តី​ទុក្ខ​ទាំងពួង ព្រះធម៌​នោះ ជា​ធម៌​ស្រោចស្រង់​សត្វ​ពិតមែន យើងខ្ញុំព្រះអង្គ​សូម​ថ្វាយ បង្គំ​នូវ​ព្រះធម៌​ដោយ​គោរព ។​
( ក្រាបថ្វាយបង្គំ​ម្តង )

​សុ​ប​ដិ​ប​ន្នោ វត ត​ស្ស ភគ​វ​តោ សោ សាវក​ស​ង្ឃោ យោ សព្វ​ទុក្ខ​ស្ស ប​ហា​នាយ ប​ដិ​ប​ន្នោ តំ ស​ង្ឃំ អាទ​រេ​ន ន​ម​ស្សាម ។ ព្រះ​អរិយសង្ឃ​ណា លោក​ប្រតិ​ត្តិ ដើម្បី​កំចាត់​បង់ នូវ​សេចក្តី​ទុក្ខ​ទាំង​ពូ​ង ព្រះ​អរិយសង្ឃ នោះ ជា​សង្ឃ​សាវ័ក​នៃ​ព្រះ​ភគវន្តមុនី​អង្គ​នោះ លោក​ប្រតិបត្តិ​ដោយ​ប្រពៃ​មែនពិត យើងខ្ញុំព្រះអង្គ សូម​ថ្វាយបង្គំ​នូវ​ព្រះ​អរិយសង្ឃ​នោះ​ដោយ​គោរព ។ ( ក្រាបថ្វាយបង្គំ​ម្តង )

​ថ្ងៃនេះ​ជាតិ​ថី ពេញបូណ៌មី​នៃ​ខែវិសាខ មាន​ព្រះ​ច​ន្ទ័​ពេញវង់ ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សក្យមុនី សម្មាសម្ពុទ្ធ ជា​បរមគ្រូ ទ្រង់​ប្រសូត ទ្រង់​បាន​ត្រាស់ ជា​ព្រះ​សព្វញ្ញូ​ពុទ្ធ ប្រាកដ​ឡើង​ក្នុង លោក និង​ថ្ងៃ​ដែល​ទ្រង់​រំលត់​ខ័​ន្ធ ចូលកាន់​បរិ​និ​ព្វា​
​ន តិថី​នេះ ជា​ឧបលក្ខិត​សម័យមួយ​ដ៏​ឧ​ត្ត​ម​ក្នុង​ព្រះពុទ្ធ សាសនា គឺជា​ថ្ងៃ​សម្រាប់​ពុទ្ធមាមកជន ទាំង​បព្វជិត ទាំង​គ្រហស្ថ ប្រជុំគ្នា​ធ្វើ​សក្ការបូជា ចំពោះ ព្រះសម្មាសម្ពុទ្ធ ព្រមទាំង​ព្រះធម៌ ជា​បរម​ពុទ្ធោវាទ និង​ព្រះ​អរិយសង្ឃ ជា​សាវ័ក​របស់​ព្រះ អង្គ​។​

​ឥឡូវនេះ យើងទាំងអស់គ្នា ជា​ពុទ្ធសាសនិកជន បានមក​ប្រជុំគ្នា បាន​រៀប​គ្រឿង​សក្ការ បូជា មាន​ទៀនធូប​និង​ផ្កា​ជាដើម ក្នុង​ទីនេះ ដែលមាន​ព្រះ​ពុទ្ធរូប​ស្នង​ព្រះអង្គ ជា​ប្រធាន ហាក់ដូច ជា ព្រះ​បរម​សាស្តា​អង្គ​នោះ ទ្រង់​ស្តេច​មក​គង់ ក្នុង​ទី​ចំពោះមុខ នៃ​យើងទាំងអស់គ្នា យើងខ្ញុំ​សូម ថ្វាយ នូវ​គ្រឿង​សក្ការបូជា​ទាំងនេះ ចំ​ពោះ​​​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ព្រមទាំង​ព្រះ ធម៌ និង​ព្រះ អរិយសង្ឃ រតនត្រ័យ​ទាំងបី ដោយ​សេចក្តី​គោរព ។​

​បពិត្រ​ព្រះ​សក្យមុនី​បរមគ្រូ ព្រះ​អង្គជា​បូជារហបុគ្គល របស់​ទេវតា​និង​មនុស្ស​ក្នុង​លោក​ឥត មាន​បុគ្គល​ណាមួយ ត្រឹម​ស្មើនឹង​ព្រះអង្គ​ឡើយ ទោះបី​ព្រះអង្គ ទ្រង់​បរិនិព្វាន បាត់​រូប​ព្រះកាយ​អស់កាល​ដ៏​យូរអង្វែង​ហើយ ក៏ពិតមែន ប៉ុន្តែ​ទ្រង់​បាន​ប្រតិ​ស្ថាន ព្រះ​វិ​សុទ្ធោ​វាទ គឺ​ព្រះធម៌​វិន័យ ដ៏​បរិសុទ្ធ​វិសេស ទុកជា​តំណាង​ព្រះអង្គ ទាំង​ព្រះ​គុណ​របស់​ព្រះអង្គ ក៏​នៅមាន​ប្រាកដ ទាំង​ព្រះ បរម សារីរិកធាតុ នឹង​ព្រះ​ពុទ្ធរូប​ស្នង​ព្រះអង្គ ក៏​នៅមាន​ប្រាកដ​ដែរ សូម​ព្រះ​ដ៏​មានបុណ្យ​ជា​បរម សាស្តា ទ្រង់​ព្រះមេត្តាប្រោស​ទទួល នូវ​គ្រឿង​សក្ការបូជា របស់​យើង ខ្ញុំព្រះអង្គ ដែល​បានរៀបចំ ថ្វាយ​ក្នុង​ទីនេះ ដើម្បី​ជា​ផលានិសង្ស ឲ​យើងខ្ញុំព្រះអង្គ​បាន​ប្រកប ដោយ ឥដ្ឋមនុញ្ញផល វិបុល​សុខ និង​សេចក្តីចម្រើន ដ៏​ធំ​ទូរ​លាយ អស់កាល​ជា​អង្វែង​ទៅ ។ ( ក្រាបថ្វាយបង្គំ​ម្តង )

​វេរ​គ្រឿង​សក្ការបូជា​៖ ឥ​ទានា​យំ ភ​ន្តេ វិសាខ​បុ​ណ្ណ​មី កា​លោ ស​ម្ប​ត្តោ ត​ស្ស អ​ម្ហា​កំ ភគ​វ​តោ​ត​កាល​ស​ទិ​សេន ន​ក្ខ​ត្តេ​ន យុ​ត្តោ បា​តុ​ភ​វិ ។ ត​ថា ហិ ខោ អ​ម្ហា​កំ លោកនាយ​កោ សោ​ណ​សំវ​ច្ជ​រេ វិសាខ​បុ​ណ្ណ​មី​យំ សុក្រ​វា​រេ គ​ព្ភា​និ​ក្ខ​ម​នំ ប​ត្វា ច កុក្ក​ដេ វិសាខ​បុ​ណ្ណ​មី​យំ ពុទ្ធ​វារ​ស្មឹ សព្វ​ញ្ញុ​តំ ប​ត្វា ច ស​ប្បេ វិសាខ​បុ​ណ្ណ​មិ​យំ អង្គា​រេ បរិ​និ​ព្វា​នំ ប​ត្វា ច អហោ​សិ ។​

​ត​ស្មា ម​យំ ស​ព្វេ តំ តំ ត​ស្ស នក្ខត្ត​សម​យំ អនុ​ស្សរ​ន្តោ ឥធ សមា​គ​តា ឥ​មេ​ហិ ទីប​ធូប​មាលា​ទី​ហិ សក្កា​រេ​ហិ ច បូ​ជំ ករោម ធ​ម្មេ​ហិ ច សាធុ ភ​ន្តេ ភគវា សុចិរ​ប្បរិ​និ​ព្វុ​តោ​បិ ឥ​មេ អ​ម្ហា​កំ ទុគ្គតបណ្ណាការ​ភូ​តេ ប​ដិ​គ្គណ្ណ​តុ សាសន​ស្ស​ឋិ​រ​ត្ថា​យ ចេ​វ អ​ម្ហា​ក​ញ្ច ទីឃរ​ត្តំ អត្ថា​យ ហិតា​យ សុ​ខាយ ។ ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ ក្តី​គោរព បពិ ព្រះករុណា​ទាំងឡាយ​ដ៏​ចម្រើន កាល​ឥឡូវនេះ ជា​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ ប្រកបដោយ​នក្ខត្ត​សម័យ ដូច​សម័យ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​ម្ចាស់​នៃ​យើង​នោះ​ប្រាកដ ។​

​ត្បិត​ថា​ព្រះ​លោកនាយក​ជា​ម្ចាស់​នៃ​យើង កាល​ទ្រង់​ប្រសូត​ចាក​គភ៌ ( ព្រះ​មាតា ) ក្នុង ថ្ងៃ​សុក្រ​ពេញបូណ៌មី ខែ​ពិសាខ​ឆ្នាំច​នោះ​ក្តី ត្រាស់ដឹង​សព្វ​ញ្ញុ​ត្ត​ញ្ញាណ ក្នុង​ថ្ងៃ​ពុធ​ពេញបូណ៌មី ខែ​ពិសាខ​ឆ្នាំរកា​នោះ​ក្តី ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ​ពេញបូណ៌មី ខែ​ពិសាខ​ឆ្នាំម្សាញ់​នោះ​ក្តី មាន ហើយដោយ​ពិត ។​

​ព្រោះហេតុនោះ ( កាល​ឥឡូវនេះ ) យើងខ្ញុំ​ទាំងឡាយ រឭក​នូវ​នក្ខត្ត​សម័យ​នោះៗ របស់ ព្រះអង្គ ទើប​នាំគ្នា​មកជួបជុំ​ក្នុង​ទីនេះ ធ្វើ​បូជា​ដោយ​គ្រឿង​សក្ការ​ផ្សេងៗ​មាន​ប្រទីប​ធូប​ទៀន និង កម្រងផ្កា​ជាដើម​ផង បូជា​ដោយ​ធម៌​ផង ។ បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន ព្រះ​ភាគ ដែល​ទ្រង់​បរិ​ព្វា​ន​ហើយ សូម្បី​អស់កាល​ជា​យូ​អង្វែង​ហើយ​ក្តី សូម​ព្រះអង្គ​ទទួល​នូវ គ្រឿង​បណ្ណាការ​ទាំងនេះ ដែល​ទុគ្គតបណ្ណាការ​របស់​យើងខ្ញុំ​ទាំងឡាយ ដើម្បី​ធ្វើ​ឲ​សាសនា​រុងរឿង ស្ថិតស្ថេរ​ទៅ​ផង ដើម្បី​ជា​បរយោជន៍ និង​សេចក្តីសុខ​ផង ដល់​យើងខ្ញុំ​ទាំងឡាយ អស់កាល​ជា អង្វែង​ទៅ​ហោង ។​

​លុះ​ចប់​វិធី​ប្រកាស​វិសាខបូជា​នេះហើយ សូម​ព្រះសង្ឃ​ទាំងអស់​នមស្ការ​ព្រះ​រតនត្រ័យ​តាម វិធី​ត្រៃប្រណាម និង​ធម៌​សម្រាប់ នមស្ការ​ផ្សេងៗ​ទៀត​តាម​ដែល​អាច​សូធ្យ​បាន​គ្រប់​ព្រះអង្គ បន្ទាប់ មកទៀត​គឺ​និមន្ត​ធម្ម​ក​ឋិ​ក​សម្តែងធម៌​ទេសនា​។ លុះ​ចប់​ធម៌​ទេសនា​ពុទ្ធបរិស័ទ​ណា​ចេះ​សូធ្យធម៌​បទ ផ្សេងៗ ដែល​ស្រប​នឹង​ពិធីបុណ្យ​នេះ ដូចជា ន​មោ ៨​បទ និង​ធម៌​បទ​ដែល​ពិពណ៌នា​អំពី​ពុទ្ធ​ប្បវ​ត្ត ជាដើម ។ ក្នុង​កម្មវិធី​បុណ្យ​នេះ ពុទ្ធបរិស័ទ​គួរតែ​កំសាន្ត តាមផ្លូវ​ព្រះធម៌​ឲ​បាន​ទាល់​ភ្លឺ កុំ​ឲ​ខុស របៀប​ពី​បុរាណ​មក​ផង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×