Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វ៉ាត់ ចំរើន៖ យើងខ្វល់ខ្វាយ តែរឿងសមត្ថភាពអត្តពលិក ក្នុងការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

spot_img

CAMSOC-ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាថ្លែងថា ហេដ្ឋរចនាសម្ព័ន្ធកីឡា ការរៀបចំ ការទទួលបដិសណ្ឋារកិច្ចត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ មិនមានអ្វីដែលជាការព្រួយបារម្ភនោះទេ ប៉ុន្តែអ្វីដែលជារឿងខ្វល់ខាយធំជាងគឺ ការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីប៉ុណ្ណោះ ដោយត្រូវសម្រុកការហ្វឹកហាត់ឲ្យបានខ្លាំងក្លា ខណៈពេលវេលាកាន់តែខ្លីទៅ។

នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីដំណើការអស់រយៈពេល៤ថ្ងៃកន្លងមកនេះ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃនេះដល់ថ្ងៃប្រកួតនៅសល់តែជាង៤០០ថ្ងៃប៉ុណ្ណោះ ដោយវេលាកាន់តែខ្លីៗទៅនេះ គឺជាក្តីបារម្ភច្រើនក្នុងការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី។
ដោយឡែកហេដ្ឋារចនាសម្ព័ន្ធកីឡា ការៀបចំទីលានប្រកួតត្រូវបានរៀបចំបានជាង៩០%ហើយ ខណៈការរៀបចំ ការទទួលបដិសណ្ឋារកិច្ចមិនមានអ្វីជាក្តីបារម្ភនោះទេ ដោយសារកម្ពុជាធ្លាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗបានល្អប្រសើរ និងទទួលបានការកោតសរសើរពីអន្តរជាតិ។

«ដូច្នេះយើងខ្វល់ខ្វាយជាងគេ គឺលើសមត្ថភាពកីឡាករ កីឡាការិនី ដោយសារពេលវេលាកាន់ខ្លីមាន ការលំបាកក្នុងការកសាងសមត្ថភាពមនុស្សឲ្យខ្លាំងពូកែ។ អ៊ីចឹងទេ មានតែខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងមន្ត្រីបច្ចេកទេសរបស់យើងទាំងអស់គ្នាត្រូវប្រឹងប្រែង និងប្រើប្រាស់ពេលវេលាខ្លីនេះឲ្យមានន័យបំផុត ក្នុងការរុញបច្ចេកទេស និងគុណផលកីឡារបស់យើងឲ្យឈានដល់កម្រិតខ្ពស់ ដើម្បីជាក្តីសង្ឃឹមក្នុងការស្វែងរកនូវប្រៀបឈ្នះ និងឧត្តមភាពប្រកួតប្រជែងមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

ប្រធានសហព័ន្ធកីឡាចំបាប់បន្ថែមថា ចាប់ពីពេលនេះតទៅសូមកីឡាករ កីឡាការិនី ដែលជាតួឯងត្រូវសម្រួចការហ្វឹកហាត់ឲ្យបានគត់មត់ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំនឹងឈរនៅពីក្រោយ ដើម្បីផ្តល់កម្លាំងចិត្ត ការឧបត្ថម្ភគាំទ្រជំរុញឲ្យប្អូនៗឈានទៅរកគោលដៅនៃវេទិកាកិត្តិយស ដែលប្អូនៗត្រូវក្តាប់យកឱកាសកិត្តិយសនេះឲ្យបាន។
ជាមួយគ្នានោះ សហព័ន្ធកំពុងបន្តកិច្ចប្រឹងប្រែងឲ្យប្រភេទកីឡាចំបាប់កម្ពុជា អភិវឌ្ឍឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។ ផែនការសហព័ន្ធចំបាប់ ដែលលោកអគ្គលេខាធិការ ធិន វិចិត្រ បានលើកឡើងហើយ គឺក្រុមជម្រើសជាតិកីឡាចំបាប់ត្រៀមចេញ ទៅជំរុំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ នាអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ ដែលយើងដឹងហើយថា ប្រទេសអ៊ីរ៉ង់គឺជាប្រទេសកំពូលមួយ នៃប្រភេទកីឡាចំបាប់នៅលើពិភពលោក ដោយម្ចាស់ជើងឯកពិភពលោក ប្រមាណ៦០ទៅ៧០% គឺជាអត្តពលិកអ៊ីរ៉ង់។ ក្រុមចំបាប់កម្ពុជានឹងបានទៅស្រូបនូវភាពមុតស្រួច ក្នុងបច្ចេកទេសនៅទីនោះបាន ដោយក្រៅពីការហ្វឹកហាត់ ក៏មានការប្រកួតក្នុងស្រុករបស់អ៊ីរ៉ង់ ដែលកម្រិតប្រកួតក្នុងស្រុកនៅនោះ គឺមានកម្រិតខ្ពស់ជាងកម្រិតស៊ីហ្គេមទៅទៀត។ ដូច្នេះឯកឧត្តមលើកទឹកចិត្តដល់អត្តពលិកជម្រើសជាតិចំបាប់កម្ពុជា ដែលត្រៀមចេញទៅបោះជំរុំហ្វឹកហាត់នៅអ៊ីរ៉ង់ត្រូវមានស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ ស៊ូទ្រាំអត់ធ្មត់ ស៊ូទ្រាំងការឈឺឆាប់កាន់តែខ្ពស់ នោះការអភិវឌ្ឍបច្ចេកទេសក៏កាន់តែលឿនទៅតាមនោះផងដែរ។

«ប្រសិនបើស៊ូទ្រាំនឹងការឈឺចាប់អត់បាន គឺទៅមិនរួចទេ សម្រាប់ប្រភេទកីឡាចំបាប់។ នេះជាចំណុចសំខាន់ ដែលកីឡាករចំបាប់ត្រូវឆ្លងកាត់។ ក្រោយការហ្វឹកហាត់នៅអ៊ីរ៉ង់ហើយ នៅដើមខែឧសភា ឆ្នាំ២០២២ ត្រូវត្រឡប់មកវិញ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ហើយនេះជាហ្គេមយុទ្ធសាស្ត្រ ក្នុងការវាស់ស្ទង់ដៃឆ្ពោះមកស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាយើង»។

ឯកឧត្តម វ៉ាត់ ចំរើនគូសបញ្ចាក់បន្ថែមទៀតថា នៅក្នុងឆ្នាំ២០២២នេះ គឺការហ្វឹកហាត់ និងការប្រកួតអន្តរជាតិឲ្យបានច្រើន ដើម្បីជាក្តីសង្ឃឹមឲ្យកាន់តែមុតមាំ ត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។ អ៊ីចឹងសូមប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីឲ្យវាសនាកីឡាចំបាប់ កិត្តិយសជាតិ ស្ថិតនៅលើការប្រឹប្រែងរបស់យើងទាំងអស់គ្នា។ ភ្លេងជាតិកម្ពុជានឹងបន្លឺឡើងនូវក្នុងពិធីគោរពទង់ជាតិឲ្យបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំង១១ នៅពេលដែលក្រុមជម្រើសជាតិយើងឈានឡើងដល់ការឈ្នះមេដាយមាស។ សន្ទសន៍មេដាយមាស ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់ជាគោលដៅ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាចំបាប់ គឺយ៉ាងតិចដណ្តើមឲ្យបានមេដាយមាស៣គ្រឿង។

«អ្វីដែលជាការប្រកួតដ៏សំខាន់លក្ខណៈអន្តរជាតិដ៏ធំមួយ គឺការប្រកួតកីឡាអាស៊ី (Asian Games) នៅទីក្រុង Hangzho ប្រទេសចិន ដែលមាន៤៥ប្រទេសចូលរួម នាថ្ងៃទី១០-២៥ ខែកញ្ញា ឆ្នាំ២០២២។
បន្ទាប់ពីនោះគឺកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ដើម្បីវាស់ស្ទង់សមត្ថភាពរបស់ប្រភេទកីចំបាប់ចុងក្រោយ មុនរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣»។

ឯកឧត្តមលើកឡើងចុងក្រោយថា ថ្នាក់ដឹកនាំទាំងអស់ គ្រូបង្វឹក មន្ត្រីបច្ចេកទេសទាំងអស់ គឺសុទ្ធតែជាអ្នកបម្រើ នៅស្ថិតនៅពីក្រោយនៃកីឡាករ កីឡាការិនី ដូច្នេះកីឡាករ កីឡាការិនីទាំងអស់ត្រូវដឹងច្បាស់ថា ខ្លួនឯងមានកម្លាំងធំធេងណាស់ ក្នុងការជំរុញខ្លួនឲ្យឈានទៅរកភាពជោគជ័យខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងអស់គ្នា។ យើងមានគោលដៅច្បាស់លាស់ មិនត្រឹមតែដណ្តើមយកភាពជោគជ័យត្រឹមស៊ីហ្គេម ឆ្នាំ២០២៣ប៉ុណ្ណោះទេ ហើយក៏មិនមែនបញ្ចប់ត្រឹមស៊ីហ្គេមនៅកម្ពុជានេះដែរ ដោយវាគ្រាន់តែជាជំហានមួយ ក្នុងការកសាងភាពរឹងមាំរបស់វិស័យកីឡាកម្ពុជា ឆ្ពោះទៅថ្ងៃអនាគតបន្តទៀតប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×