Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ៖ មន្រ្តីនគរបាលជាង ២ ពាន់តំណែង ត្រូវបានរកឃើញថា កំពុងបំពេញការងារ និងដឹកនាំការងារ ដោយមិនបានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាល

spot_img

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមានការត្រួតពិនិត្យម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាល ។ មន្រ្តីនគរបាល មួយចំនួន ត្រូវបានរកឃើញថា កំពុងបំពេញការងារ និងដឹកនាំការងារ ដោយមិនបានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលនោះទេ ក្នុងនោះក្នុងចំណោមជាង៩ពាន់តំណែង មានជាង២ពាន់តំណែងហើយ មិនបានចូលរៀនវគ្គនគរបាលមូលដ្ឋាន។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្ត ជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិនាព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាល សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវអំពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ដែលមិនបានចូលរៀន វគ្គបណ្ដុះបណ្ដាល ព្រមទាំងការធ្វើបច្ចុប្បន្នភាពនៃការតម្លើងឋានៈ តួនាទី និងសក្ដិឱ្យបានសមស្រប ក្នុងនោះឆាប់ៗខាងមុខ ក្រសួងនឹងចេញគោលការណ៍ណែនាំដើម្បីដោះស្រាយបញ្ហានេះ។

សម្ដេចបន្តថាមន្រ្តីនគរបាលមួយចំនួន ត្រូវបានរកឃើញថា កំពុងបំពេញការងារ និងដឹកនាំការងារ ដោយមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនោះទេ ក្នុងនោះក្នុងចំណោមជាង៩ពាន់តំណែង មានជាង២ពាន់តំណែងហើយ មិនបានចូលរៀនវគ្គនគរបាលមូលដ្ឋាន។

ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់មន្ត្រីនគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានដឹកនាំការងារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈបានយ៉ាងល្អប្រសើរនារយៈពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរស់នៅប្រកបដោយសេចក្ដីសុខ។

សម្ដេចក៏បានបង្ហាញក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ចនេះបន្តទៀត រួមទាំងការចូលរួមគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចក្រឡាហោមក៏បានលើកឡើងថា គ្រប់នគរបាលទាំងអស់ ត្រូវតែធ្វើការឆ្លងកាត់វគ្គជំនាញមូលដ្ឋាន យ៉ាងហោចណាស់ឲ្យបាន៤ខែ ដោយមិនអនុញ្ញាតឲ្យដំឡើងតួនាទី និងឋានន្តរស័ក្ក ដែលមិនបានធ្វើការរៀនសូត្រ វគ្គមូលដ្ឋានឡើយ។
សម្ដេចបានគូសបញ្ជាក់ថា តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាននគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅ ពុំបានទាន់ធ្វើការរៀនសូត្រ មុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោម៩ពាន់មុខតំណែង គឺបានរកឃើញ ជាង២ពាន់តំណែង ដែលមិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជាកំហុសឆ្គង ដែលយើងចាំបាច់ត្រូ វតែធ្វើការកែប្រែ ដោយបានរកឃើញបញ្ហានេះ ហើយយើបានប្រជុំ ដើម្បីឯកភាពគ្នាដោះ ស្រាយរួចហើយ នឹងធ្វើការណែនាំ នាពេលឆាប់ៗខាងមុខនេះ។

សម្ដេចបានបន្ដថា មន្រ្តីនគរបាលខ្លះ មានភ័ព្វវាសនាដោយក្នុងមួយឆ្នាំ ឡើងឋានន្តរស័ក្តិមួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយ ពុំបានឡើងនឹងគេ ដូច្នេះហើយត្រូវ នាំគ្នាពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់ការប្រើប្រាស់ មនោសចេតនា បងប្អូន មិត្តភក្តិ ដើម្បីតួនាទី និងឋានន្តរសក្តិ គប្បីក្រឡេកមើលមន្រ្តីណា ដែលពួកគាត់ខិតខំធ្វើការងារល្អ ហើយត្រូវលើកទឹកចិត្ត និងលើកកម្ពស់តួនាទី និងឋានន្តរសក្តិដល់ពួកគាត់។

សម្ដេច ស ខេង បានបញ្ជាក់ថា គ្រប់មន្ត្រីនគរបាលដែលទើបតែជាប់ដោយការប្រឡងក្តី ដោយការសម្ភាសន៍ក្តី ក្នុងករណីចាប់បាច់ណាមួយក្តី ត្រូវតែទទួលបានការបណ្តុះបណ្តាល មុខវិជ្ជាជំនាញរបស់នគរបាលជាតិ។

សម្តេចក្រឡាហោម បានបន្ថែមថា កាលពីពេលកន្លងទៅ ការសិក្សារៀនសូត្រត្រូវមានរយៈ ពេល២ខែកន្លះ ហើយមកដល់ពេលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ គឺបន្ថែមឲ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាព លើផែនការរយៈពេលមធ្យម បង្កើនដល់៦ខែ ហើយផែនការរយៈពេលវែង អាចឈានទៅដល់៨ខែ

សម្ដេច ស ខេង បានផ្ដល់ការណែនាំឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈចូលរួមគាំទ្រ ដល់ដំណើរការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ពិសេសការបង្កលក្ខណៈ ឱ្យគ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ អាចធ្វើសកម្មភាពស្របទៅតាមច្បាប់ និងដោយគ្មានការរំខាន។

សម្ដេចក៏បានណែនាំឱ្យត្រៀមលក្ខណៈសម្រាប់ការការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈក្នុងឱកាសដែលនៅឆ្នាំ២០២២នេះ កម្ពុជាត្រូវដឹកនាំកិច្ចប្រជុំអាស៊ាន ព្រមទាំងបន្តត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍បោះឆ្នោត និងព្រឹត្តិការណ៍កីឡា ឆ្នាំ២០២៣។

សម្ដេចក៏បានមានប្រសាសន៍អំពីស្ថានភាពចរាចរណ៍នៅកម្ពុជាដែរ ដែលក្នុងរយៈកាលចុងក្រោយនេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ហាក់ មានការហក់ឡើងវិញ ដោយសារកំណើននៃការធ្វើដំណើរតាមដងផ្លូវ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាស បើកប្រទេសឡើងវិញ។ សម្ដេចក៏បានបង្ហើបឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមិនបន្តធ្វើវិសោធនកម្មនោះទេ ហើយថាច្បាប់ថ្មីនេះ មានលក្ខណៈតឹងរឹងជាងមុន ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតមានប្រសាសន៍ ដល់ការធ្វើបាតុកម្មតវ៉ា នៃក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។ សម្ដេចបានអំពាវនាវឱ្យអាជ្ញាធរ ក្រុមបាតុករ និងក្រុមហ៊ុន រក្សាភាពអត់ធ្មត់ ខិតខំរកវិធីបញ្ចប់បញ្ហាឱ្យបានឆាប់ ដោយមិនគួរបែរខ្នងដាក់គ្នានោះទេ។

យោងតាមបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុ បានឱ្យដឹងថា រថយន្តផ្ដល់ជូននាពេលនេះ ជាប្រភេទរថយន្តភីកអាប់ផលិតឆ្នាំ២០២២ ក្នុងនោះនាយកដ្ឋាននគរបាលព្រំដែនទឹក ទទួលបាន៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបាន១គ្រឿង, កំពត១គ្រឿង, កោះកុង២គ្រឿង, រតនគិរី២គ្រឿង, ស្វាយរៀង២គ្រឿង, ក្រចេះ១គ្រឿង, មណ្ឌលគិរី២គ្រឿង, ព្រៃវែង១គ្រឿង, ស្ទឹងត្រែង១គ្រឿង, ត្បូងឃ្មុំ២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តតាកែវ១គ្រឿង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការបន្តផ្ដល់រថយន្តនាពេលនេះ គឺជាផ្នែកមួយនៃកំណែទម្រង់ កងកម្លាំងនគរបាលជាតិ ដែលនេះគឺជាលើកទី៦ ហើយដែលក្រសួង បានបែងចែករថយន្តប្រភេទនេះ ដល់អង្គភាពនគរបាលជាតិទូទាំងប្រទេស ដោយគិតពីឆ្នាំ២០១៩មក មានចំនួន២៦៤គ្រឿង។ នេះមិនគិតពីរថយន្តផ្សេងៗ ដែលបានផ្ដល់ជូន ក្នុងរយៈពេលដូចគ្នានេះ និងនៅនាពេលកន្លងមកផង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×