Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឥឡូវ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ជិះ​រថភ្លើង​ទៅមក បាត់ដំបង​-​សិរីសោភ័ណ​-​ប៉ោយ​ប៉ែត ១១៣​គីឡូម៉ែត្រ ​ដោយ​ឥតគិតថ្លៃ​

spot_img

​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​បើក​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​សិរីសោភ័ណ ទៅ​បាត់ដំបង មាន​ប្រវែង​៦៥​គីឡូម៉ែត្រ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង តំណាង​ក្រុមហ៊ុន Royal Railway ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ផ្លូវដែក​ទិសពាយ័ព្យ ពី​ប៉ោយប៉ែត (​ព្រំដែន​កម្ពុជា​-​ថៃ​) ទៅ​បាត់ដំបង មាន​ប្រវែង​សរុប​១១៣​គីឡូម៉ែត្រ ដោយ​មាន​ស្ថានីយ៍​ចំនួន​១៥ រួមមាន ស្ថានីយ៍​ប៉ោយប៉ែត ស្ថានីយ៍​កូប ស្ថានីយ៍​សូ​ភី ស្ថានីយ៍​សាលា​សំរោង ស្ថានីយ៍​ទឹកថ្លា ស្ថានីយ៍​សិរីសោភ័ណ ស្ថានីយ៍​មង្គល​បូរី ស្ថានីយ៍​ចំការចេក ស្ថានីយ៍​ភ្នំ​តូច ស្ថានីយ៍​ទួល​សំរោង ស្ថានីយ៍​ជ្រោយ​ស្តៅ ស្ថានីយ៍​ជណ្តើរស្វា ស្ថានីយ៍​អូរ​តា​គី ស្ថានីយ៍​សៀម និង​ស្ថានីយ៍​បាត់ដំបង​។ ក្នុងនោះ​កំណាត់​ផ្លូវ​ប៉ោយ​ប៉ែត​-​សិរីសោភ័ណ មាន​ប្រវែង​៤៨​គ​.​ម ទ្រ​ទម្ងន់​បាន ២០​តោន​/​អ័ក្ស ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ និង​កំណាត់​ផ្លូវ​សិរីសោភ័ណ​-​បាត់ដំបង មាន​ប្រវែង​៦៥​គីឡូម៉ែត្រ ទ្រ​ទម្ងន់​បាន ១៥​តោន​/​អ័ក្ស ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​ការដាក់ឱ្យ​ដំណើរការ​នូវ​កំណាត់​ផ្លូវ​ដែក​នេះ បាន​ជួយ​សម្រួល ដល់​ការដឹកជញ្ជូន​ទំនិញ កសិផល​របស់​ប្រជាកសិករ ទៅ​កាន់​ទីផ្សារ​គោលដៅ និង​ទាក់ទាញ​ការវិនិយោគ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ជា​ច្រក​យុទ្ធសាស្ត្រ យ៉ាងសំខាន់ ត​ភ្ជាប់​ផ្លូវដែក​កម្ពុជា ទៅកាន់​ផ្លូវដែក​ក្នុង​តំបន់​អាស៊ាន ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច ប្រកបដោយ​សក្ដានុពល និង​ជួយ​សម្រួល​ដល់​លំហូរ នៃ​ការធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភា​រកម្ម និង​វិនិយោគិន​។ លើសពីនេះទៅទៀត កំណាត់​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ បាន​ជួយ​សម្រួល​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ គ្រោះថ្នាក់​ចរាចរណ៍ ការខូចខាត​ផ្លូវ និង​ការបំពុល​បរិស្ថាន​ផងដែរ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ដោយសារ​ប្រទេស​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ពេញលេញ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​កំណាត់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ ជា​បណ្តោះអាសន្ន​ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ការ​កាត់ផ្តាច់ ដោយ​សង្គ្រាម​អស់​រយៈពេល​៤៥​ឆ្នាំ ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែត នៅត្រឹម​ចុងឆ្នាំ​២០១៨ ប្រវែង​៣៨៦​គីឡូម៉ែត្រ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដែល​មាន​ភូមិស្ថាន នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​នេះ បន្ត​សហការ ដើម្បី​ឱ្យ​គម្រោង​នេះ អាច​សម្រេចបាន​ជោគជ័យ ជា​ស្ថាពរ និង​ជួយ​ថែរក្សា​សម្បត្តិ​ដ៏​មហាសាល​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង ព្រមទាំង​ប្រុងប្រយ័ត្ន ចំពោះ​កូនចៅ ក៏ដូចជា​សត្វពាហនៈ ដែល​ឆ្លងកាត់​លើ​ផ្លូវដែក ដើម្បី​ជៀស​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។​

​វិទ្យុទាក់ទង (i-com) ចំនួន​៧០​គ្រឿង ដែលជា​អំណោយ​របស់​លោក កែ គឹម​យាន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​ផ្តល់ជូន​ដល់​អាជ្ញាធរ​ផង​ដែរ ដើម្បី​ចូលរួម​សម្រួល​ចរាចរណ៍​ដល់​ការដឹកជញ្ជូន​តាម​ផ្លូវ​ដែក​នេះ​។​

​ការដាក់ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​រថភ្លើង​នេះ បានអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​រហូតដល់​ថ្ងៃទី​១ សីហា ២០១៨៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×