Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស បង្ហាញលទ្ធផល នៃជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

spot_img

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri bin Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។ នៅក្នុងកិច្ចសន្ទនា នាយករដ្ឋមន្រ្តីទាំងពីរបានផ្លាស់ប្តូរទស្សនៈ គា្នលើទំនាក់ទំនងទ្វេភាគី និងលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ដើម្បីគាំទ្រឱ្យមានដំណោះស្រាយប្រកបដោយសន្តិវិធី ចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអបអរសាទរចំពោះការចាប់ផ្តើមតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងបាន សម្តែងនូវជំនឿជឿជាក់លើ និងការគាំទ្រឱ្យកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការកសាងសហគមន៍អាស៊ានបានប្រកបដោយជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលបានរៀបចំឡើងនាពេលថ្មីៗនេះ នៅទីក្រុង ព្រះសីហនុ និងបានសម្តែងនូវអំណរគុណចំពោះប្រទេសម៉ាឡេស៊ីដែលបានបញ្ជូនគណៈប្រតិភូមកចូលរួមព្រឹត្តិការណ៍នេះ ដែលព្រឹត្តិការណ៍នេះមានគោលបំណងដំណើរការជាថ្មីនូវវិស័យទេសចរណ៍អាស៊ាន ក្រោយផលប៉ះពាល់នៃវិបត្តិជំងឺ កូវីដ-១៩។
នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ីស្របពេលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៅក្នុងឆ្នាំនេះ។ នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីក និងជំរុញបន្ថែមទៀតនូវទំនាក់ទំនងស្និទ្ធស្នាលរវាងប្រជាជាតិទាំងពីរ។
នាយករដ្ឋមន្ត្រីទាំងពីរបានសាទរចំពោះស្ថិរភាពនៃកំណើនប្រកបដោយចីរភាពនៃពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងចំពោះសមភាគីម៉ាឡេស៊ីថា កម្ពុជានឹងបន្តផ្តល់ការថែទាំ រួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋម៉ាឡេស៊ី ដែលរស់នៅ និងធ្វើការនៅកម្ពុជា និងបានថ្លែងអំណរគុណម៉ាឡេស៊ី ដែលបានផ្តល់ការគាំទ្រដូចគ្នាដល់ពលករកម្ពុជានៅម៉ាឡេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូន ឯកឧត្ដម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេច នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងបើកផ្លូវឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដោយផ្អែកលើធម្មនុញ្ញអាស៊ាន។ សម្ដេចតេជោ បានសង្កត់ធ្ងន់អំពីការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចបាននូវការបញ្ចប់អំពើហិង្សា ធានាថាការផ្តល់ជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង តាមរយៈវិធីសាស្រ្តមួយជំហានម្តងៗ ហើយបង្កើតឱ្យមានដំណើរការនៃកិច្ចសន្ទនាមួយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធីចំពោះវិបត្តិដ៏ស្មុគស្មាញនៅមីយ៉ាន់ម៉ា។

សម្ដេចតេជោ បានថ្លែងអំណរគុណម៉ាឡេស៊ីដែលបានគាំទ្រការតែងតាំងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។

ក្នុងការសម្តែងនូវអំណរគុណសម្រាប់ការជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានបញ្ជាក់អំពីការយល់ច្បាស់របស់ម៉ាឡេស៊ី ចំពោះសារសំខាន់នៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។ ឯកឧត្តមបានគូសបញ្ជាក់នូវជំហរស្រដៀងគ្នាថា បញ្ហាមីយ៉ាន់ម៉ាគួរត្រូវដោះស្រាយដោយផ្អែកលើធម្មនុញ្ញអាស៊ាន និងការអនុវត្តឱ្យបានពេញលេញនូវការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចដែលត្រូវបានព្រមព្រៀងដោយថ្នាក់ដឹកនាំអាស៊ាន។ ឯកឧត្តម បានរំលេចអំពីអាទិភាពនៃការបញ្ចប់អំពើហិង្សា និងការកៀរគរកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារសំខាន់នៃទំនាក់ទំនងរបស់ប្រសិតពិសេសរបស់ប្រធានអាស៊ាន ជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីឱ្យមានកិច្ចសន្ទនាមួយប្រកបដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។

ក្នុងការបន្តតាមដានការងារក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើជំហានបន្ទាប់ចំនួនពីរដែលជាសំណើរបស់កម្ពុជា រួមមាន ការបង្កើតយន្តការអាស៊ានត្រូយកា (Troika) ដែលមានសមាសភាពមកពីអតីតប្រធានអាស៊ាន ប្រធានអាស៊ាន នាបច្ចុប្បន្ន និងប្រធានអាស៊ាននាពេលបន្ទាប់ ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំនុចរបស់អាស៊ាន និងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីកំណត់ពីមធ្យោបាយប្រកបដោយប្រសិទ្ធភាព ក្នុងការផ្ដល់ជំនួយមនុស្សធម៌ឱ្យបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយជាបន្ទាន់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានយល់ស្របជាគោលការណ៍ចំពោះសំណើរបស់កម្ពុជា និងបានឯកភាពថា រដ្ឋមន្ត្រី ការបរទេស និងឧត្តមមន្ត្រីអាស៊ាន គួរចាត់ឱ្យទទួលភារកិច្ចធ្វើការពិភាក្សាបន្ថែមទៀតលើជំហានទាំងនេះ។

ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ី ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ដើម្បីសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗលើការការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដើម្បីអនុញ្ញាតឱ្យមានការចូលរួមដោយពេញលេញរបស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

ជាទីបញ្ចប់នៃកិច្ចសន្ទនានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប ដោយពុំចាំបាច់រង់ចាំរហូតដល់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នោះទេ។ ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×