Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស លទ្ធផល នៃជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខ និងរដ្ឋមន្រ្តីការបរទេសអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក

spot_img

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាម ប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និង ជនអន្តោប្រវេសន៍ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគី តំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ- បត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និង ការអភិវឌ្ឍធនធានមនុស្ស និងបានឯកភាពគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសទាំងពីរតាមប្រព័ន្ធវីដេអូ ក្នុងឆមាសទី១ នាឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀងដែលពុំទាន់បានចុះហត្ថ-លេខា គឺកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរ និងពិចារណា អំពីការចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅជំរុញវិស័យទេសចរណ៍។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន លើកឡើងពីលទ្ធភាពនៃការបង្កើតទីក្រុងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា ក្នុងរយៈពេល២៥ឆ្នាំចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក ទំហំពាណិជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបាន ចែករំលែកទស្សនៈគ្នាអំពីការស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលទាំងឡាយ ដើម្បីជំរុញសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តដល់ភាគី ពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ឱ្យចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងៗ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីម៉ារ៉ុក ដែល បានផ្តល់អាហារូបករណ៍ដល់មន្រ្តីការទូតកម្ពុជា និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសម៉ារ៉ុក។ ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) កម្ពុជា និងបណ្ឌិត្យសភាសិក្សា ការទូតម៉ារ៉ុក (AMED) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យវិទ្យាស្ថាន ទាំងពីរស្វែងរកមធ្យោបាយ និងវិធីសាស្រ្តផ្សេងៗ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ទាំងពីរលេចចេញជារូបរាងឡើង។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ជម្រាបជូនសមភាគីអំពីអាទិភាព របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការឆ្លើយ តបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ-១៩ និងដំណើរការស្ដារឡើងវិញប្រកបដោយ បរិយាប័ន្ន ការគ្រប់គ្រងបញ្ហាដែលជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹង ភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន ។

ចំពោះការវិវត្តសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនឯកឧត្តម Nasser BOURITA អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សំដៅជំរុញការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងបានគូសបញ្ជាក់អំពីគោលបំណងតែមួយគត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និង ការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចា។

ឯកឧត្តម Nasser BOURITA បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការធ្វើជាស្ពានតភា្ជប់ រវាងកម្ពុជា និងតំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជា ជាមួយបណ្តាប្រទេសអាស៊ាន។ ចំពោះបេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហ- ប្រតិបត្តិការឥស្លាម (OIC) ឯកឧត្តម BOURITA បានបញ្ជាក់ថា ម៉ារ៉ុកនឹងជួយជំរុញប្រទេសដ៏ទៃឱ្យ គាំទ្រ កម្ពុជា។ ជាងនេះទៅទៀត ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ឯកឧត្តម BOURITA បានអញ្ជើញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសម៉ារ៉ុកក្នុងឆ្នាំនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ ឯកឧត្តម BOURITA ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការស្វែងរកការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកសង្កេត ការណ៍នៃអង្គការ OIC និងបានឯកភាពអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុកដោយក្តីរីករាយ ដោយបញ្ជាក់ថា ឯកឧត្តម នឹងពិនិត្យរកពេលវេលាសមស្របណាមួយក្នុងពេលវេលាដ៏មមាញឹកនៃ កិច្ចប្រជុំអាស៊ាន៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img
×