Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ដាក់សំណើ៤ចំណុច ទៅកាន់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានដាក់សំណើចំនួន ៤ចំណុច ទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីជាគន្លឹះឈានទៅដោះស្រាយជម្លោះផ្ទៃក្នុងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែកើតមាន។
ការដាក់សំណើទាំង៤ចំណុចនេះ បានធ្វើឡើហនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងការវិវឌ្ឍន៍នានាពាក់ព័ន្ធបញ្ហារបស់មីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមសារព័ត៌មានបន្ទាប់ពីជំនួបចប់ថា ក្រៅតែពីការផ្លាស់ប្តូរព័ត៌មាននានាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់សំណើចំនួន៤ ទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ឱ្យយកចិត្តទុកដាក់អនុវត្តន៍ ដើម្បីជាពន្លឹនៃការឈានទៅដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សំណើទាំង ៤ចំណុច ដែលបានសម្តេចតេជោ ហ៊ុន សែន បានស្នើមានដូចជាៈ

១. សម្តេចតេជោអំពាវនាវលោក មីញ អោង ឡាំង ខិតខំអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥ របស់អាស៊ាន ដែលបានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន នៅឥណ្ឌូនេស៊ី។

២. សម្តេចតេជោ ស្នើនាយឧត្តមសេនីយ៍ មីញ អោង ឡាំង ខិតខំបង្កលក្ខណៈល្អប្រសើរ ដើម្បីបើកផ្លូវឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាពេលខាងមុខ។

៣. សម្តេចតេជោ អំពាវនាវសុំឱ្យភាគីជម្លោះទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងភាគីគ្រប់គ្រងរដ្ឋាភិបាលផង ត្រូវបញ្ឈប់រាល់អំពើហិង្សា និងឈានទៅដល់ការអនុវត្តន៍បទឈប់បាញ់នាពេលខាងមុខ។ បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានសម្តែងនូវក្តីបារម្ភចំពោះអំពើហិង្សា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ា កាលពីដើមខែមករា។ សម្តេចតេជោ បានស្នើគ្រប់ភាគីទាំងអស់បង្ហាញនូវភាពអត់ធ្មត់។

៤. សម្តេចតេជោ បានអញ្ជើញនាយឧត្តមសេនីយ៍ មីញ អោង ឡាំង ចូលរួមផ្តល់កិច្ចសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋដែលត្រូវការបំផុត ដូចអ្វីដែលសម្តេចបានលើកពេលជួបនៅណៃពិដោ។

សូមរម្លឹកថា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន។

ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។

ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។

ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×