Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បដិមា​កម្ម​បុ​រេ​អង្គ​បែប​ព្រាហ្មណ៍​និយម​នៅ​ថៃ ស​.​វ ទី​៦-៧ (​អន្ដរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា​)

spot_img

ជា​កិច្ច​រួមចំណែក​ជួយ​អភិរក្ស​ការចងចាំ​រួម​របស់​ប្រជាជន​ខ្មែរ ដែល​ធ្លាប់ជា​ជាតិ​ធំ​មួយ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន មាន​ទឹកដី​ដ៏​ធំ​មហា​ធំធេង​ក្នុង​អតីតកាល យើង​សូម​បង្ហាញ​នូវ​វត្ថុ​សិល្បៈ​ខ្មែរ​សំខាន់ៗ​មួយចំនួន ដែល​គេ​រកឃើញ​ក្នុង​អាណាខេត្ត​ថៃ​មួយចំនួន ។​

​ព្រះ​វិស្ណុ , ស្រី​ពេ​ទ (​សារមន្ទីរ​បាងកក​)​ព្រះ​វិស្ណុ ខេត្ត​ភេ​ត្រ​បុរី​ព្រះ​កេស​ព្រះ​វិស្ណុ , សារមន្ទីរ​ខេត្ត​លពបុរី​

​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​ទាំងនោះ ដែល​ត្រូវ​កសាងឡើង​ក្នុងអំឡុង​សតវត្សរ៍​ទី​៦ និង​ទី​៧ គឺជា​ភស្តុតាង​ប្រវត្តិសាស្ត្រ បង្ហាញ​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សិល្បៈ​ហួស​ពី​ការ​ស្មាន ។

​ទីក្រុង​អ៊ូ​ថង (​សារមន្ទីរ​ហ្គី​មេ​)​ព្រះ​វិស្ណុ (​ខេត្ត​ប្រា​ជិន​បុរី​), ឯកសារ​ក្រុម​វិចិត្រសិល្បៈ​ថៃ

​សូមជម្រាបថា យើង​មិនអាច​រៀបរាប់​ឲ្យ​អស់​នូវ​សិល្បៈ​បុរាណ​ខ្មែរ​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដែលជា​ផ្នែក​មួយ​នៃ​ដែនដី​បុរាណ​របស់​ខ្មែរ​បានទេ គឺ​គ្រាន់តែ​បង្ហាញ​នូវ​ស្នាដៃ​ធំៗ​ប៉ុណ្ណោះ ដែលជា​សមិទ្ធផល​វប្បធម៌​របស់​ដូនតា​ខ្មែរ​យ៉ាងពិត​ប្រាកដ ។​

​ព្រះ​វិស្ណុ , ខេត្ត​ផាង​ង៉ា (​ឯកសារ​ក្រុម​វិចិត្រសិល្បៈ​ថៃ​)​ព្រះ​សិវលិង្គ​និង​ទម្រ​, ស្រី​ទេព (​សារមន្ទីរ​ខេត្ត​សុខោទ័យ​)

​ចម្លាក់​ធ្វើ​ពី​ថ្មភក់​សំខាន់​ជាងគេ ដែល​បាន​រកឃើញ​នៅ​ខេត្ត​អារញ្ញ ស្រះកែវ​បច្ចុប្បន្ន​ពី​សម័យ​ដើម​ហៅថា ប្រា​ជិន​បុរី (​ប​ច្ចឹ​ម​បុរី​) គឺ​ចម្លាក់​តំណាង​ឲ្យ​ព្រះ​នាង​ទូ​គ៌ា ។ ទោះបីជា​ចម្លាក់​បុ​រេ​អង្គ​នេះ ស​.​តទី​៦-៧ បាន​បាត់បង់​ព្រះ​កេស​ក៏ដោយ ក៏​ត្រូវគេ​ចាត់ទុកថា ជា​ចម្លាក់​មួយ​យ៉ាងសំខាន់​ដែលមាន​កំពស់​១ ម៉ែត្រ​១០ ។ តាមពិត​ចម្លាក់​នេះ​គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​វឌ្ឍនភាព​នៃ​ព្រហ្មញ្ញសាសនា​ក្នុង​តំបន់​នេះ នា​សម័យ​ចេនឡា ។​

​ព្រះពុទ្ធ​អង្គ​មាស , ខេត្ត​ប្រា​ជិន​បុរី​ព្រះពុទ្ធ​អង្គ​មាស , ខេត្ត​ប្រា​ជិន​បុរី

​យើង​អាច​លើក​ឧទាហរណ៍​ដ៏​ធំ​មួយទៀត មកពី​ខេត្ត​សុផាន់​បុរី (​សុវណ្ណ​បុរី​) គឺ​ចម្លាក់​ព្រះ​វិស្ណុ ដែល​ស្ថិតក្នុង​សម័យកាល​ដូចគ្នា ដែល​សព្វថ្ងៃ​ត្រូវបាន​រក្សាទុក​នៅក្នុង​សារមន្ទីរ​ជាតិ​ហ្គី​មេ ប្រទេស​បារាំង ។​

​នៅ​ខេត្ត​ល្វ ឬ​លពបុរី របក​កំ​ហើ​ញ​ខាង​បុរាណវិទ្យា​បាន​ឲ្យ​ដឹងថា មាន​រូបសំណាក​បុ​រេ​អង្គរ​ជាច្រើន ត្រូវបាន​គេ​រកឃើញ ហើយ​បច្ចុប្បន្ន​តម្កល់​នៅក្នុង​សារមន្ទីរ​នៃ​ខេត្ត​នេះ ដូច​ករណី​ចម្លាក់​ព្រះ​កេស​ព្រះ​វិស្ណុ​ថ្ម​ជាដើម ។​

​បើ​យើង​ពិនិត្យមើល​ចម្លាក់​បែប​ព្រាហ្មណ៍​និយម​នៅ​ស្ថានីយ​ស្រី​មហាពោធិ៍ យើង​ពិត​ឃើញ​ចម្លាក់​ដ៏​សំខាន់ៗ ដែល​ក្នុងនោះ​មាន​ចម្លាក់​តំណាង​ឲ្យ​ព្រះ​នារាយណ៍ និង​ព្រះ​ពុទ្ធអង្គ​ទាំងឡាយ​សំខាន់ៗ ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់​ទុកជា​កេរ្តិ៍ ដោយ​សមស្រប​ទៅតាម​ល​ក្ខ​ណៈ​បច្ចេកទេស​ខ្មែរ​សុទ្ធសាធ ។​

​ឆ្លង​តាមរយៈ​របាយការណ៍​ស្រាវជ្រាវ​ខាង​បុរាណវិទ្យា យើង​ក៏បាន​ដឹង​ទៀតថា មាន​ចម្លាក់​ធំៗ​បែប​ព្រាហ្មណ៍​និយម​ជាច្រើន​អង្គ ដែល​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ស្រី​ទេព នៅក្នុង​ខេត្ត​ភេត​ប៊ូ​ន (​ពេជ្រ​បុរី​)​បច្ចុប្បន្ន ដែល​សព្វថ្ងៃ​ដ​ម្ក​ល់​ទុក​នៅ​សារមន្ទីរ​បាងកក ដូចជា​ករណី​ព្រះ​វិស្ណុ និង​ព្រះ​ក្រឹ​ស្ត​ក្នុង​ឥរិយាបថ​ឈរ​ជាដើម ។​

​ក្បាច់​ផ្តែរ ស​.​វ​ទី​៦ រចនាបថ​ថលា​បរិ​វ័ត​, ខេត្ត​ចន្ទ​បុរី (​សារមន្ទីរ​បាងកក​)

​ដោយឡែក​នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន នៅ​ខេត្ត​យ៉ា​ឡា ផាង​ង៉ា និង​នៅ​ខេត្ត​នគរ​ស្រី​ធម្ម​រា​ត (​នគរ​ស្រី​ធម្មរាជ​) ទេវរូប​សំខាន់ៗ​ជាច្រើន​អង្គ​តំណាង​ព្រះ​វិស្ណុ ត្រូវបាន​គេ​រកឃើញ​ដែលជា​ធម្មតា ស្ថិត​ក្នុងសម័យ​អន្តរកាល​រវាង​នគរ​ភ្នំ និង​នគរ​ចេនឡា ។ នៅឯ​ខេត្ត​ចន្ទ​បុរី (​ចន្ទ​ប៊ូ​ន​) ឯណោះ​វិញ គេ​ជួបប្រទះ​នូវ​ក្បាច់​ផ្ដែរ​មួយចំនួន ដែល​ស្ថិតក្នុង​រចនាបថ ថលា​បរិ​វ័ត​ព្រៃ​ក្មេង និង​កំពង់ព្រះ។​

​សរុបសេចក្តី​មក បដិមា​ទាំងនេះ​ជា​សក្ខីកម្ម​នៃ​វឌ្ឍនភាព​យ៉ាងពិត​ប្រាកដ របស់​ជនជាតិខ្មែរ​ពី​សម័យ​ដើម ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដែល​បាន​ផ្សារភ្ជាប់​ជាមួយ​ខឿនវប្បធម៌​បុ​រេ​អង្គរ និង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដ៏​រុងរឿង​ក្នុង​អតីតកាល​ដ៏​យូរលង់ ។ តែ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ដោយសារ​ខ្វះ​ការស្រាវជ្រាវ​លំអិត និង​ការឈ្លានពាន​កន្លងមក​របស់​បរទេស ជនជាតិខ្មែរ​ដែល​សង្គម​ជាតិ​ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​គ្មាន​សល់ បាន​បាត់បង់​មួយ​ភាគ​ធំ​នៃ​ការចងចាំ​រួម ជាពិសេស​ប្រវត្តិសាស្ត្រ​នៃ​ភូមិភាគ​ខាងត្បូង នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដែល​ធ្លាប់ជា​ទឹកដី​របស់​អតីត​នគរ​ភ្នំ ។ យ៉ាងណាមិញ កម្រ​ណាស់​ដែល​មានការ​សិក្សា​អំពី​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​បុ​រេ​អង្គ ក្នុងភូមិ​ភាគ​នេះ ដោយ​អ្នកឯកទេស​ខ្មែរ ឬ​បរទេស ៕ (​ម​.​ត្រា​ណេ​)​

 

spot_img
×