Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​កុមារី​អាយុ​ជាង​៥​ឆ្នាំ រៀន​ថ្នាក់​ទី​៤ ដោយសារ​បញ្ញា​ឆ្លាត​វៃ​

spot_img

​ភ្នំពេញ​៖ កូន​អ្នក​ខេត្ត​កំពង់ស្ពឺ​បាន​ប្ដូរ​ប្រវត្តិសាស្ត្រ​មួយ​ ហើយ​វា​អាច​ចាត់ទុក​ជា​អច្ឆរិយៈ​មួយ​ហើយ​សម្រាប់​កុមារី ប៊ី បាន់​លក្ស្មី បើទោះបីជា​រូបគេ កើត​នៅ​លើ​ដែនដី​ជនបទ តែ​ការ​ធំធាត់​ផ្នែក​បញ្ញា​ស្មារតី លើស​ពី​កុមារ​ដទៃ អាយុ​ទើប​ជាង ៥​ឆ្នាំ​ប៉ុណ្ណោះ តែ​អាច​រៀន​ថ្នាក់​ទី​៤​ទៅហើយ​។​

​កុមារី ប៊ី បាន់​លក្ស្មី ត្រូវបាន​ឪពុក​ម្តាយ​យកទៅ​ផ្ញើ​នៅ​ថ្នាក់​ទី​៤ នៃ​សាលាបឋមសិក្សា​តា​នួន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។ បន្ទាប់​ពី​ការផ្ញើ​នេះ បាន​ធ្វើឲ្យ​មន្ដ្រី​មន្ទីរអប់រំ​ខេត្តកំព​ង់​ស្ពឺ ចុះទៅពិនិត្យ​និង​វាយតម្លៃ ហើយ​បាន​ស្នើសុំ​ទៅ​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ និង​សម្រេច តើ​ឲ្យ​កុមារី​រូបនេះ អាច​រៀន ឬ​យ៉ាងណា​?

​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចេញ​លិខិត​មួយ​ជម្រាប​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ស្ពឺ ដោយ​អនុញ្ញា​ឲ្យ​សិស្ស​ឈ្មោះ​ប៊ី បាន់​លក្ស្មី បាន​រៀន​នៅ​ថ្នាក់​ទី​៤ ឆ្នាំ​សិក្សា ២០១៧-២០១៨ សាលាបឋមសិក្សា​តា​នួន ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។​

​ក្រោយ​បាន​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​សម្រេច​ឲ្យ​កុមារី​រូបនេះ បន្ដ​ការសិក្សា​នៅ​ថ្នាក់​ទី​៤​។​

​យោងតាម​របាយការណ៍​ស្តី​ពី​ការចុះ​ស្រាវជ្រាវ​លើ​ករណី​ភាព​មិន​ប្រក្រតី​របស់​កុមារី​រូបនេះ អាយុ​៥​ឆ្នាំ​២០​ថ្ងៃ ផ្ញើ​នៅ​ថ្នាក់​ទី​៤ របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ស្ពឺ ចុះ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ និង​ចំណា​អនុញ្ញាត​ចុះ​ថ្ងៃទី​១០​ខែ​មេសា​ឆ្នាំ​២០១៨ លើ​របាយការណ៍​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ស្ពឺ របស់លោក បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ “​ខ្ញុំ​សូម​ជម្រាប​លោក​ប្រធាន​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឯកភាពគ្នា​ជាគោលការណ៍ និង​សម្រេច​អនុញ្ញាត​ឲ្យ​សិស្ស​ឈ្មោះ ប៊ី បាន់​លក្ស្មី អាយុ​៥​ឆ្នាំ បាន​រៀន​នៅ​ថ្នាក់​ទី​៤ ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​សាលាបឋមសិក្សា​តា​នួន ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ស្រប​តាម​តាម​សមត្ថភាព​មាន​លក្ខណៈ​ពិសេស និង​គោលបំណង​សិស្ស​ឈ្មោះ ប៊ី បាន់​លក្ស្មី​”​។​

​លោក ថន ថា​រិន ប្រធាន​មន្ទីរ​អប់រំ​ខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា កុមារី​រូបនោះ​មាន​សមត្ថភាព អាច​សរសេរ អាន​សៀវភៅ​ភាសា​ខ្មែរ និង​ដោះស្រាយ​លំ​ហាត់​កម្រិត​ខ្ពស់​ជាង​ថ្នាក់​ទី​៤ យ៉ាង​ល្អ ប៉ុន្តែ​ខាង​អាណា​ព្យាបាល​ក្មេង​បាន​ស្នើសុំ​ឲ្យ​រៀន​ត្រឹម​ថ្នាក់​ទី​៤​។ កុមារី​វ័យឆ្លាត​រូបនេះ មាន​ឪពុក​ជា​គ្រូបង្រៀន និង​ម្ដាយ​ជា​គ្រូពេទ្យ​។​

​ក្រោយ​ឪពុកម្ដាយ និង​នាយក​សាលា បាន​ស្នើ​ដល់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​ឲ្យ​ក្មេង​ស្រី​នេះ​បាន​ចូលរៀន​ថ្នាក់ខ្ពស់​លើស​កម្រិត​អាយុ​។ អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល​សាមីខ្លួ​ន​ផ្ទាល់​បាន​តវ៉ា ដោយ​មិន​ព្រម​រៀន​ត្រឹម​ថ្នាក់​ទី​១​ឡើយ ទើប​ឈាន​ដល់​ការពិសោធន៍ និង​សម្រេច​បែប​នេះ​តែម្ដង​។​

​បើ​តាម​លោក ថន ថា​រិន បាន​អះអាង​ថា ចំណេះដឹង​របស់​កុមារី រូបនេះ ដោយសារ​មាន​ការបង្ហាត់​បង្រៀន​ពី​ឪពុក​ម្ដាយ​តាំងពី​តូច​មក​ម្ល៉េះ​។​

​គួរបញ្ជាក់​ថា ក្រៅពី​កុមារី ប៊ី បាន់​លក្ស្មី កម្ពុជា ក៏​មាន​កុមារា​ឆ្លាត​វៃ​ម្នាក់ទៀត ឈ្មោះ គីម ហុង អាយុ​៧​ឆ្នាំ មកពី​ខេត្ត​តាកែវ ក៏​មាន​បញ្ញា​ស្មារតី​ខ្លាំងពូកែ​ផងដែរ​។ កុមារា​រូបនេះ មាន​សមត្ថភាព​គិត​លេខ បាន​រហ័ស​និង​អាច​ដោះស្រាយ​គណិតវិទ្យា កម្រិត​អនុវិទ្យាល័យ​បាន​ថែម​ទៀត​ផង​។ បច្ចុប្បន្ន​កុមារា ឈ្មោះ គីម ហុង កំពុង​សិក្សា​នៅ​ថ្នាក់​ទី​៨ នៅ​សាលា​ប៊ែល​ធី អន្ដរជាតិ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ

 

spot_img
×