Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ​៖ បេសកម្ម​ចម្បង​របស់​ក្រសួង គឺ​ធានា​ការលូតលាស់​នៃ​វិស័យ​ឯកជន​ប្រកបដោយ​ចីរភាព​

spot_img

​​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​ជា​ថ្មី​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​បន្ត​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព ជាពិសេស​ប្រែក្លាយ​វិស័យ​មួយ​នេះ ឲ្យទៅ​ជា​ក្បាលម៉ាស៊ីន​ថាមវន្ត​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

“​វិស័យ​ឯកជន គឺជា​ដៃគូ​យ៉ាង​សំខាន់​មិនអាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​! យើង​មាន​មោទនភាព នឹង​ប្រាប់​ពិភពលោក​ថា វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​រីកចម្រើន លុះត្រាតែ​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​យើង មាន​សកម្មភាព​ផុសផុល និង​រស់​រវើក​”​។​

​លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ដូច្នេះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​ការចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិក​-​សមាជិកា​នៃ​សភាពាណិជ្ជកម្ម​ទូទាំង​រាជធានី​/​ខេត្ត ប្រមាណ​ជាង ៨០​រូប​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ទាំងអស់ អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការសម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ការងារ​អទិភាព ជូន​សភាពាណិជ្ជកម្ម​កម្ពុជា ដំណាលគ្នា​នឹង​ការដាក់ចេញ​នូវ​កម្មវិធី​កំណែទម្រង់ និង​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ជា​ច្រើន ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

​លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​ពន្យល់​អំពី​វត្ថុបំណង​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ និង​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ (QIPs) ដែល​ជា​របប​លើកទឹកចិត្ត ផ្តល់​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ជួយ​វិនិយោគិន ឲ្យទទួល​បាន​អត្ថប្រយោ​ជន៍​ផ្សេងៗ ដូចជា​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​នៃ​ប្រតិបត្តិការ​អាជីវកម្ម រហូតដល់ ៩​ឆ្នាំ និង​ពន្ធ​លើ​ការ​នាំចូល​វត្ថុធាតុដើម​ប្រភេទ​គ្រឿង​ម៉ាស៊ីន ២០% ជាដើម​។​

​ទន្ទឹម​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការលះបង់​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​គ្រប់​ជាន់​ថ្នាក់​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​ការបំពេញ​ភារកិច្ច​ប្រកបដោយ​ស្មារតី​ម្ចាស់ការ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ចូលរួម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×