Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរ ធ្ងន់ធ្ងរជាងគេ គឺលើអ្នកធ្វើដំណើរ តាមម៉ូតូ អត់ពាក់មួកសុវត្ថិភាព

spot_img

បន្ទាយមានជ័យ : មន្ត្រីនគរបាលចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន នៅខេត្តបន្ទាយមានជ័យ បានព្រមានថា ចំនួន និងកម្រិតលក្ខណៈគ្រោះថ្នាក់ចរាចរផ្លូវគោក នៅខេត្តបន្ទាយមានជ័យ ដែលធ្ងន់ធ្ងរជាងគេ គឺលើអ្នកធ្វើដំណើរតាមម៉ូតូ ហើយមិនបានពាក់មួកសុវត្ថិភាព។


លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រីមន្ទីរសាធារណការ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីកងរាជអាវុធហត្ថ បានកត់សម្គាល់ ហើយព្រមានដូច្នោះ កាលពីល្ងាចថ្ងៃទី៣០តុលា នៅក្នុង យុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីអ្នកនិងជីវិតគ្រួសាររបស់អ្នក ក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅតាមដងផ្លូវក្នុងក្រុងសិរីសោភ័ណ។
ក្នុងយុទ្ធនាការនោះ មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការនិងមន្ត្រីនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានណែនាំដល់អ្នកបើកបររថយន្ត ទោចក្រយានយន្ត តាមដងផ្កូវឲ្យគោរពច្បាប់ចរាចរណ៍ ឲ្យបិទចាំងផ្លាតសម្រាប់បង្ការពេលយប់ ឲ្យពាក់មួកសុវត្ថិភាព ឲ្យត្រឹមត្រូវ និងជាប្រចាំពេលបើកបរ ឲ្យមានការយោគយល់អធ្យាស្រ័យ គោរពសិទ្ធិអាទិភាព ឲ្យបំពាក់ឧបករណ៍បែបបទបច្ចេកទេសជាដើម។
ឱកាសនោះលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការ បានត្រួតពិនិត្យសកម្មភាពមន្ត្រីជំនាញ ដែលចាប់ឃាត់ ណែនាំនិងផាកពិន័យ អ្នកបើកបរម៉ូតូ ដែលគ្មានពាក់មួកសុវត្ថិភាព ហើយផាកពិន័យតាមច្បាប់ តែក៏ឲ្យធ្វើតេស្តិ៍ឆ្លើយសំណួរ ទាក់ទិនច្បាប់ចរាចរណ៍ផ្លូវគោក បើឆ្លើយត្រូវ នឹងចែកជូនមួកសុវត្ថិភាព អំណោយរបស់គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងសាធារណការ និងដឹកជញ្ជូន ដល់ពលរដ្ឋរាប់រយនាក់ផងដែរ។
មន្ត្រីបានដាក់ផ្ទាំង ឬខិត្តប័ណ្ណ ពាក្យស្លោក អប់រំ ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ ជាច្រើន ត្រូវបានផ្សព្វផ្សាយ នៅក្នុងយុទ្ធនាការនេះ មានដូចជា ការបំផុសស្មារតីឲ្យគោរពច្បាប់ចរាចរណ៍ ពន្យល់ពីផលលំបាក កើតចេញពីគ្រោះថ្នាក់ចរាចរណ៍ និងពីហានិភ័យ នៃការបើកបរ ដោយមិនពាក់មួកសុវត្ថិភាព ជាដើម។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អ្នកធ្វើដំណើរ ទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរ ឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នា គោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិត ពិសេស សូមគោរពសីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧។ លោកសួន បវរ ក៏បានអំពាវនា ដល់ប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត ចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកបញ្ជាទោចក្រយានយន្ត ត្រូវចូលរួមពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតរបស់ខ្លួន។
របាយការណ៍ គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា រយៈពេល ៩ខែឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរ បានកើតឡើងចំនួន ២.៧៣១លើក បណ្តាលឲ្យអ្នកដំណើរ ១.៣៥១នាក់ បានស្លាប់និង ៤.២២២នាក់ បានរងរបួស។ ក្នុងចំណោមអ្នករងគ្រោះ ទាំងអស់នេះ មានអ្នកមិនពាក់មួកសុវត្ថិភាព រហូតដល់ទៅ ៦៦ភាគរយ។


តាមរយៈយុទ្ធនាការ ពាក់មួកសុវត្ថិភាព គេរំពឹងថា នឹងចូលរួមចំណែក ជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមពាក់មួកសុវត្ថិភាព បានកាន់តែច្រើន នៅពេលធ្វើចរាចរណ៍។
លោកវរសេនិយ៍ គី មករា នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ប្រាប់ថា រយ:ពេលកន្លងមក ចំនួនជនរងគ្រោះ និងរូបភាពលក្ខណៈ នៃគ្រោះថ្នាក់ គឺកើតឡើងលើអ្នកបើកបរនិងអ្នករួមដំណើរនៃម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ។ហើយអាក្រក់និងបញ្ហាបារម្ភបំផុតនោះ គឺគ្រោះថ្នាក់ត្រង់ក្បាល ដែលពិបាកសង្គ្រោះ៕ ដោយ :បន្ទាយ

spot_img
×