Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន ជនជាតិ​ចិន​៣​នាក់ និង​ខ្មែរ​ម្នាក់ ករណី​ជួញដូរ​មនុស្ស ក្រោម​រូបភាព​យកប្តី​ចិន​

spot_img

​ភ្នំពេញ ​៖ តុលាការក្រុង​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ សម្រេច​ចេញ​ដីកា​ឃុំខ្លួន បុរស​ជនជាតិ​ចិន​៣​នាក់ និង​នារី​ខ្មែរ​ម្នាក់ ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ចិន​ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពី​បទ​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​មាន​គោលដៅ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​ជា​បន្ត​ទៀត​។​

​ជនជាប់ចោទ ឈ្មោះ JI JIAXIN ជនជាតិ​ចិន និង​ប្រពន្ធ​ឈ្មោះ តែម អឿន ជនជាតិខ្មែរ គឺ​ជា​មេខ្យល់​។ ចំណែក​បុរស​ជនជាតិ​ចិន​២​នាក់​ទៀត ឈ្មោះ ZHANG LIANG អាយុ​២៧​ឆ្នាំ និង​ឈ្មោះ YAN FAN អាយុ​២៨​ឆ្នាំ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​០៣​នាក់ និង​នារី​ខ្មែរ​០១​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ចិន ក្រោមរូបភាព​សុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍ និង រំដោះ​នារី​រងគ្រោះ​បាន​០២​នាក់​។ ហើយ​រូបភាព​ជួញដូរ​បែបនេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​បាន​បង្ក្រាប​ដូច​គ្នា កាលពី​ចុងឆ្នាំ​២០១៧ និង ដើមឆ្នាំ ២០១៨ និង​ធ្លាប់​បាន​សង្គ្រោះ​នារី​រងគ្រោះ​០២​នាក់ ឃាត់ខ្លួន​មេខ្យល់​០២​នាក់​ផង​ដែរ ដែល​កាលនោះ​ក្នុងចំណោម​នារី​រងគ្រោះ​ទាំង​០២​នាក់ មាន​ម្នាក់​ជា​អ​និតិ​ជន​(​អាយុ​ក្រោម​១៨​ឆ្នាំ​) ត្រូវបាន​មេខ្យល់​នាំ​ឆ្លងដែន​ទៅ​ចិន​តាម​ប្រទេស​វៀតណាម និង​ត្រូវបាន​មេខ្យល់​វៀតណាម​រំលោភ​តាមផ្លូវ​រួចហើយ ទើប​ប្រគល់​ឱ្យ​មេខ្យល់​ចិន លក់​បន្ត​ទៅ​បុរស​ចិន​០៣​នាក់​ទៀត​ដើម្បី​បម្រើ​ផ្លូវភេទ​ជា​បន្តបន្ទាប់ រហូត​ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​រំដោះ​បាន​ត្រលប់​មក​ស្រុក កំណើត​វិញ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​។​

​ដោយឡែក​ចំពោះ​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​ថ្មី​នេះ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​បាន​តាមរយៈ ការសហកា​រណ៍​ផ្តល់ព័ត៌មាន​ពី​អង្គការ​មេត្រីភាព អន្តរជាតិ ហៅ​កាត់​ថា AIM SWAT នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​អង្គការ AIM SWAT បាន​រាយការណ៍​មក​សមត្ថកិច្ច​អាវុធហត្ថ​ថា បាន​ឃើញ​សកម្មភាព​មនុស្ស​មួយក្រុម មាន​គ្នា​០៧​នាក់ មាន​ស្ត្រី​០៣​នាក់ ជា​ជនជាតិ​ខ្មែរ និង​បុរស ០៣​នាក់​ជា​ជនជាតិ​ចិន និង​ប្រុស​ម្នាក់​ទៀត​ប្រហែល​ជនជាតិខ្មែរ បាន​កំពុង​ពិភាក្សាគ្នា រៀបចំ​ឯកសារ ចេញ​ទៅ​ប្រទេស​ចិន ក្រោមរូបភាព​រៀប​អា​ពិហ៍​ពិពាហ៍ នៅ​ចំណុច​ហាង​កាហ្វេ​ឈ្មោះ ប៉ូ​ណា ផ្លូវ​លេខ​៥៣BT សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ដោយ​ខាង​អង្គការ​AIM SWAT មាន​ការសង្ស័យ​ថា​ជា​អំពើ​ជួញដូរ​មនុស្ស ទើប​ស្នើសុំ​ជំនួយ​មកបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​អន្តរាគមន៍​រំដោះ​ជនរងគ្រោះ​។​

​ក្រោយពេល​ទទួលបានរ​បាយ​ការណ៍​របស់​អង្គការ AIM SWAT លោក​វរសេនីយ៍ត្រី សេន កូ​ម៉ុន នាយការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវ រក​ឃើញ​មនុស្ស​០៦​នាក់ នៅក្នុង​ផ្ទះសំណាក់​ម្កុដ​មាស ក្បែរ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​។​

​តាមរយៈ​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា​៖ ឈ្មោះ JI JIAXIN ជនជាតិ​ចិន និង​ប្រពន្ធ​ឈ្មោះ តែម អឿន ជនជាតិខ្មែរ គឺ​ជា​មេខ្យល់ កន្លង​មក​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​នាំ​នារី​ខ្មែរ​ឱ្យទៅ​រៀបការ​យកប្តី​ចិន បាន​ចំនួន​០៣​នាក់​មក​ហើយ​១.​ឈ្មោះ ស្រី​ថន អាយុ ២២​ឆ្នាំ​, ២.​ឈ្មោះ យ៉ុន ចាន់នី អាយុ​២០​ឆ្នាំ និង​៣.​ឈ្មោះ អា​រឹម អាយុ​២១​ឆ្នាំ តែ​បច្ចុប្បន្ន​ពុំ​មាន​ដំណឹង​ពី​ពួកនាង​ទេ (​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ដំណឹង​ពួក​នាង​ទាំង​០៣​នាក់​)​។ ហើយ​ករណី​ថ្មី​នេះ​ពួកគេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ណែនាំ​ឱ្យ​នារី​រងគ្រោះ​ពីរ​នាក់​ផ្សេងទៀត ឈ្មោះ គ​.​ព អាយុ​២៤​ឆ្នាំ កំព្រា​ឪពុក រស់នៅ​ខេត្ត​តាកែវ និង ជនរងគ្រោះ​ឈ្មោះ ថ​.​រ អាយុ​២៧​ឆ្នាំ កំព្រា​ទាំង​ឪពុក​និង​ម្តាយ រស់នៅ​ខេត្ត​តាកែវ ឱ្យ​រៀបការ​យកប្តី​ចិន ដោយ​សន្យា​ថា​បាន​ទទួល​ថ្លៃ​ទឹកដោះ ម្នាក់​៤,០០០​ដុល្លារ​។ ក្រោយមក​មេខ្យល់​០២​នាក់​ប្តី​ប្រពន្ធ បាន​នាំ​បុរស​ជនជាតិ​ចិន​០២​នាក់​ឈ្មោះ ZHANG LIANG អាយុ​២៧​ឆ្នាំ និង​ឈ្មោះ YAN FAN អាយុ​២៨​ឆ្នាំ ឲ្យមក​ជួប​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រវាង ឈ្មោះ ZHANG LIANG ជាមួយ​នារី​រងគ្រោះ​ឈ្មោះ គ​.​ព រួចរាល់​ក្នុង​ថ្ងៃទី​២២.០៤.២០១៨ បន្ទាប់មក​នៅ​ថ្ងៃ​ទី​២៣.០៤.២០១៨ មេខ្យល់​ពីរ​នាក់​ប្តី​ប្រពន្ធ និង​បុរស​ជនជាតិ​ចិន​០២​នាក់​ទៀត​រួម​ជាមួយ​ជនរងគ្រោះ​ទាំង​០២​នាក់ បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ​ដើម្បី​ធ្វើឯកសារ​ឆ្លងដែន​ទៅ​ប្រទេស​ចិន ក្រោមរូបភាព​រៀប​អាពាហ៍ពិពាហ៍​។ លុះដល់​យប់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ មនុស្ស​ទាំង​០៦​នាក់​ខាងលើ​នេះ បាននាំគ្នា​ចូល​សម្រាក​នៅ​ផ្ទះសំណាក់​ម្កុដ​មាស ដោយ​បំបែក​បន្ទប់​គ្នា មួយ​បន្ទប់​មួយគូរៗ ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​រកឃើញ និង​ធ្វើ​ការឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មេខ្យល់​និង​ជន​ជាប់​ពាក់ព័ន្ធ​សរុប​០៤​នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស រីឯ​នារី​រងគ្រោះ​០២​នាក់ ត្រូវបាន​មន្ទីរ​សង្គមកិច្ច​និង​អង្គការ​AIM SWAT ប្រឹក្សា​ផ្តល់​សេវា​ការងារ​មាន​ប្រាក់បៀវត្ស​រី​សមរម្យ​ឲ្យ ពួក​នាង​និង​ក្រុមគ្រួសា បាន​ស្ម័គ្រចិត្ត​ទទួល​សេវា​ការងារ​តាម​ការប្រឹក្សា​និង​សម្តែង​ការ​សប្បាយចិត្ត​ត្រេកអរ​ជា​អនេក​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×