Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​សម្រេច​ឃុំខ្លួន លោក​ហ៊ុន ជា ដាក់​ពន្ធនាគារ​ព្រៃ​ស​១៨​ខែ ក្រោយ​បាញ់បោះ​ជាង​១០​គ្រាប់​

spot_img

ភ្នំពេញ ៖ នៅ​យប់​ថ្ងៃទី​២​ឧសភា​នេះ លោក​ផ្កាយ​៣ ហ៊ុន ជា ក្មួយបង្កើត​នាយករដ្ឋមន្ត្រី ត្រូវ​ប៉ូលិស​បញ្ជូន​ចេញពី​តុលាការ​ហើយ បន្ទាប់​ពី​តំណាង​អយ្យការ​សាកសួរ​អស់​រយៈពេល​ជិត​៥​ម៉ោង ហើយ​លោក​ផ្កាយ​៣​រូបនេះ​ត្រូវបាន​តុលាការ​សម្រេច​ដីកាឃុំខ្លួន ដាក់​ពន្ធនាគារ​ព្រៃ​ស​១៨​ខែ ក្រោយ​បាញ់បោះ​សេរី​ជាង​១០​គ្រាប់​។​

​មន្ត្រី​តុលាការក្រុង​ភ្នំពេញ បាន​ប្រាប់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវ​បញ្ជូន​ចេញពី​តុលាការក្រុង​ភ្នំពេញ នៅ​ម៉ោង​៥ និង​៥៥​នាទី​ល្ងាច ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ។​

​គួរបញ្ជាក់​ថា​៖​លោក ហ៊ុន ជា ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បញ្ជូនមក​តុលាការ​កាលពី​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃ​ពុធ តាម​រថយន្ត​ឡង់​គ្រីស័រ ពណ៌​សរ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-9882 ហើយ​លោក​ក៏​ត្រូវ​បញ្ជូន​ចេញពី​តុលាការ​ឆ្ពោះទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរ តាម​រថយន្ត​ដដែល​ផងដែរ ។​

​មន្ត្រី​តុលាការ​បាន​បញ្ជាក់ថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ ជា​អ្នក​កាន់​សំណុំរឿង លោក ហ៊ុន ជា គឺ​លោក ហ៊ឹ​ង ប៊ុនថន​។​លោក ហ៊ុន ជា រយៈពេល​កន្លះ​ថ្ងៃ​នេះ ត្រូវ​ព្រះរាជ​អាជា្ញរង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហុឹង ប៊ុនថន និង​ចៅក្រម​ស៊ើបសួរ លោក រស់ ពិសិដ្ឋ ជម្រះ​ដោយផ្ទាល់ ដោយ​សម្រេច​ដាក់​ពន្ធនាគារ​ព្រៃ​សរ រយៈពេល​១៨​ខែ ។​

​អ្នកនាំពាក្យ​សាលាដំបូង រាជធានី​ភ្នំពេញ​ឱ្យដឹង​ថា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​សរ​១៨​ខែ បន្ទាប់​ពី​ព្រះរាជ​អាជា្ញរង ហុឹង ប៊ុនថន ចោទ​២​បទល្មើស ទី​១ ចោទ​ពី​បទ “ គំរាមកំហែង​ថា​នឹង​សម្លាប់ “ និង​ទី​២ ចោទ​ពី​បទ “ ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា “ តាម​មាត្រា​២៣៣​និង​មាត្រា​៤១០ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​សូមជម្រាបថា ការសម្រេច​បញ្ជូន​ឧត្តមសេនីយ៍ឯក ហ៊ុន ជា ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ឃាត់ខ្លួន​ទៅ​សាកសួរ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​ឧសភា នេះ តាម​បញ្ជា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ជា​ឪពុកមា ជុំវិញ​រឿង​បង្ក​ការ បាញ់បោះ​ប្រមាណ​ជាង​១០​គ្រាប់ កាលពី​យប់​ចូល​ថ្ងៃទី​២​ឧសភា បង្ក​ការភ្ញាក់ផ្អើល​ពេញ​ទឹក​ដី​ខណ្ឌដូនពេញ ប៉ុន្តែ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ សូម្បី​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ត្រឹម​ឈរ​មើល​ពី​ចម្ងាយ​។​

​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ជាប់ៗ​គ្នា​បាន​កើតឡើង នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ កាល​ពី​យប់មិញ​នេះ ផ្ដើមចេញ​ពី​ជម្លោះ​ក្នុង​គ្រួសារ ដែល​ធ្វើឲ្យ​លោក ហ៊ុន ជា ទប់​កំហឹង​មិនបាន ទើប​បើក​ការបាញ់​ឡើងលើ​ជា​ច្រើន​គ្រាប់​តែ​ម្ដង​។ ប៉ុន្តែ​ករណី​នេះ មិន​បង្ក​ឲ្យ​នរណាម្នាក់ រងគ្រោះថ្នាក់​នោះ​ទេ​។​

​ករណីនេះ កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ​១១ បើក​អាជីវកម្ម វេរ​លុយ​យីហោ True Money នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០៨ កែង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​ភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​ប្រមាណ​១០ និង​២០​នាទី​យប់ ថ្ងៃ​អង្គារ ២​រោច ខែ​ឧសភា​។ ប៉ុន្តែ​ករណី​នេះ ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ភ្លាមៗ​ផងដែរ​។​

​អ្នកឃើញ​ហេតុការណ៍ ថា​ក្រោយពី​ឮ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទួនៗ គេ​សង្កេតឃើញ​វត្តមាន​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​កងកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន មាន​ទាំង​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ និង​ទាំង​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចុះ​ទៅ​ក្បែរ​កន្លែងកើតហេតុ​ភ្លាមៗ​ដែរ ប៉ុន្តែ​ដូចជា​មិន​ហ៊ាន​ចូល​ទៅ​សាកសួរ និង​រំខាន​ផ្ទះ​កើតហេតុ​នោះ​ទេ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×