Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​អ៊ិត សំហេង​៖ UN នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់ថា អង្គការសហប្រជាជាតិ នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជានិច្ច ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើកឡើង​បែប​នេះ ធ្វើឡើង​ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី ផា​លីន តា​មេ​សិស អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ និង​ជា​តំណាង UNDP ថ្មី​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ពុធ ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា អង្គការសហប្រជាជាតិ មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្មីៗ​ទៀត ហើយ​លោក​ស្រី ផា​លីន តា​មេ​សិស ក៏​បាន​បង្ហាញ​ក្ដីសង្ឃឹម​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី នឹង​ដាក់​បញ្ចូល​កម្មវិធី​ដែល​អង្គការសហប្រជាជាតិ​រៀបចំ​ទុក​នោះ ចូល​ទៅ​ជាមួយ​គោលនយោបាយ​ជាតិ​របស់​កម្ពុជា ក្នុង​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត​។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​អង្គការសហប្រជាជាតិ សង្ឃឹមថា គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​លើ​វិស័យ​កា​ងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ត្រូវ​បញ្ចូល​ក្នុង​កម្មវិធី​អភិវឌ្ឍន៍ ក៏​ដូច​ជា​យុទ្ធសាស្ត្រ​អាទិភាព​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត​”​។​

​លោក​មានប្រសាសន៍​បន្ត​ថា គោលនយោបាយ​អភិវឌ្ឍ​ន៍​នានា​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បាន​ផ្សារភ្ជាប់​ជាមួយ​កិច្ចសហប្រតិបត្តិការ របស់​អង្គការសហប្រជាជាតិ​រួចទៅហើយ ហើយ​ភាគី​ទាំងពីរ​ក៏​នឹង​បង្កើន​ភាពជិតស្និទ្ធ​ជាមួយ​គ្នា​បន្ថែម​ទៀត​ដែរ លើ​ការបន្ត​ពង្រឹង​វិស័យ​ការងារ ការទាក់ទាញ​អ្នកវិនិយោគ បង្កើន​នូវ​ឱកាស​ការងារ​សម្រាប់​យុវជន ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​វិជ្ជាជីវៈ ក៏​ដូចជា​បង្កើន​ផលិតភាព​ការងារ​បន្ថែមទៀត ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ និង​ការដោះស្រាយ​ការងារ​សម្រាប់​យុវជន​។

​ក្រៅពីនេះ ក៏​មាន​គម្រោង​ដែល​បាន​អនុវត្តន៍​កន្លងមក ជាពិសេស​គម្រោង​អនុវត្តន៍​រួម​គ្នា​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា ជា​សហប្រធាន គឺ​ត្រូវ​បន្ត​ទៅ​ក្នុង​រយៈពេល​ខាង​មុខ​ទៀត ដែល​នេះ​បញ្ជាក់ថា អង្គការសហប្រជាជាតិ នៅតែ​ប្ដេជ្ញា​ខិតខំ​សហការ​បំពេញការងារ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​បន្តទៀត​។​

​ក្នុងជំនួប​ខាងលើ​នោះ ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​ការអភិវឌ្ឍ​បន្ថែម​នូវ​គោលនយោបាយ​គាំពារ​សង្គម​។ ត្រង់​ចំណុច​នេះ អង្គការសហប្រជាជាតិ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កន្លងមក ហើយ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ការគាំទ្រ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម នឹង​ពង្រីក​វិសាលភាព និង​អត្ថប្រយោជន៍​បន្ថែមទៀត ជូន​កម្មករ​និយោជិត​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។​

​លោក​អ៊ិត សំហេង បាន​លើកឡើង​ថា ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អនុវត្ដ​របស់​ក្រសួង​ការងារ ពី​សំណាក់​អង្គការសហប្រជាជាតិ​នេះ គឺ​អាច​នឹង​ឲ្យ​ក្រសួង​ការងារ​ពិចារណា លើ​ការទទួលយក​ជំនួយ​ហិរញ្ញវត្ថុ និង​សម្ភារ​:​បច្ចេកទេស​ផ្សេងៗ​ពី​ដៃគូ​អភិវឌ្ឍន៍ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បន្តទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×