Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ចិន គោរព​ឯករាជ្យ អធិបតេយ្យ និង​គាំទ្រ​ចំពោះ​ដំណើរការ​បោះឆ្នោត នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោក លី សៅ​ប៊ីន (Liu Shaobin) អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ក្រៅប្រទេស ក្រសួងការបរទេស​ចិន បាន​ដឹកនាំ​ប្រតិភូ​ចូល​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨​ទីស្តីការក្រសួង​។ លោក លី សៅ​ប៊ីន បាន​ដឹកនាំ​គណៈប្រតិភូ មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្ពុជា​-​ចិន​លើក​ទី​៣ ស្តីពី បញ្ហា​សន្តិសុខ​គ្រប់​ជ្រុងជ្រោយ និង​កិច្ចប្រជុំ​ក្រុម​ការងារ​ការពារ​សន្តិ​សុខ នៃ​ការអនុវត្តន៍​គម្រោង ខ្សែក្រវ៉ាត់ និង​ផ្លូវ ឆ្នាំ​២០១៨ ដែល​ធ្វើឡើង នៅ​ខេត្ត​សៀមរាប ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​បន្ទាប់​ពី​បញ្ចប់​ជំនួប​នោះ លោក ជុំ សុន្ទ​រថា អ្នកនាំពាក្យ​ក្រសួងការបរទេស បានឲ្យដឹងថា លោក លី សៅ​ប៊ីន បានប្រកាស​បង្ហាញ​ពី​ការគាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ លោក​អ្នកនាំពាក្យ បន្តថា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ក្រៅប្រទេស ក្រសួងការបរទេស​ចិន ដែល​ក្នុងនាម​រដ្ឋាភិបាល​ចិន បានប្រកាសថា រដ្ឋាភិបាល​ចិន មាន​ជំហរ​ឥត​ងាករេ ក្នុង​ការគោរព​ឯករាជ្យ អធិបតេយ្យ និង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការរក្សា​ការពារ​នូវ​សន្តិសុខ និង​ស្ថេរភាព​នៅក្នុង​ប្រទេស​។ លោក លី សៅ​ប៊ីន បាន​អះអាង​ថា “​រដ្ឋាភិបាល​ចិន គាំទ្រ​យ៉ាង​ពេញលេញ ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​”​។​

​ក្នុង​ជំនួប​នេះ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​បាន​ជម្រាប​ពី​ដំណើរ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ថា កំពុង​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​មួយ​ល្អប្រសើរ ហើយ​មាន​គណបក្សនយោបាយ​ជាច្រើន កំពុង​រៀបចំ​ដាក់​បេក្ខភាព ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​ប្រាប់​ប្រតិភូ​ចិន​ថា គណបក្ស​ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត​នេះ​មាន​ទាំង​បក្ស​គាំទ្រ បក្ស​កាន់​អំណាច និង​បក្សនយោបាយ ដែល​ប្រឆាំង​ជាមួយ​បក្ស​កាន់អំណាច​។​

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក លី សៅ​ប៊ីន ក៏​បាន​ពិភាក្សា​ពី​ការពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ ដែល​បច្ចុប្បន្ន​ឈានដល់​ខួប​៦០​ឆ្នាំ​ហើយ​នោះ​។ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នា​ចុងឆ្នាំ​២០១៨​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធ សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំង​ពីរ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×