Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង បណ្តាលឲ្យ​គ្រោះថ្នាក់​

spot_img

​​ភ្នំពេញ ​៖ ​គ្រឿង​ស្រវឹង​ជា​ផលិតផល​ដែល​មាន​គ្រោះថ្នាក់​ធ្វើអោយ​មនុស្ស​នៅលើ​ពិភពលោក​ស្លាប់​៣,៣​លាន​នាក់​ក្នុង​មួយ​ឆ្នាំ និង​បង្កអោយមាន​ជំងឺ​ប្រមាណ​២០០​មុខ​។​

របាយការណ៍​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា​នេះ​ថា ការសេព​គ្រឿង​ស្រវឹង​ជា​មូលហេតុ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ភ្លាមៗ ដូចជា គ្រោះថ្នាក់​ចរាចរណ៍ អំពើហឹង្សា​ក្នុង​គ្រួសារ ការរំលោភបំពាន ។​ល​។ រីឯ​ការសេព​គ្រឿង​ស្រវឹង​រយៈពេល​កំនត់​មួយ នឹង​នាំអោយ​កើត​ជំងឺ​ធ្ងន់ធ្ងរ​រហូត​បាត់បង់​ជីវិត បន្ថែម​ពី​នេះ​ទៀត​ការសេព​គ្រឿង​ស្រវឹង​ក៏​ជា​មូលហេតុ​នៃ​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ​។​

យោង​តាម​ទិន្ន័យ​របស់ CMH Monitoring App បានអោយដឹងថា ក្នុង​មួយ​ខណ្ឌទួលគោក​មានកា​រ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​យ៉ាង​តិច 618​កន្លែង ក្នុងនោះ​រួម​មាន​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាមរយៈ​ប៉ាណូ បដា ផ្ទាំង​រូបភាព ផ្លាក​យីហោ​របស់​ហាង និងឆ័​ត្រជា​ដើម នៅតាម​បណ្តា​ទីតាំង​មួយចំនួន​ដូចជា ភោជនីយដ្ឋាន ក្លឹប​កីឡា កន្លែង​លក់​គ្រឿងទេស ខារ៉ាអូខេ តាម​ដងផ្លូវ និង​កន្លែង​ដទៃៗ​ទៀត តែ​អ្វី​ដែល​ហួសចិត្ត​នោះ​គឺ​នៅ​ក្បែរ​សាលារៀន​។​

យោង​តាម​លទ្ធផល​នៃ​ការស្ទង់មតិ​ប្រជាពលរដ្ឋ​ស្តី​ពី​គ្រឿង​ស្រវឹង​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​អោយដឹងថា ប្រជាពលរដ្ឋ​កម្ពុជា​៩១%​ចាប់ផ្តើម​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​វ័យ​យុវជន​និង​កុមារ​(​អាយុ​ចន្លោះ​ពី ៨​ដល់​៣៤​ឆ្នាំ​)​។ ប្រជាជន​កម្ពុជា​បាន​ទទួលរង​ឥទ្ធិពល​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ហើយ​ជាង​៩៨%​នៃ​ពួក​គេ​បាន​ជួបប្រទះ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ក្នុង​រយៈពេល​៣០​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ទំរង់​ផ្សេងៗ​ដូចជា​តាមរយៈ​ផ្ទាំង​រូបភាព ផ្ទាំង​ប៉ាណូ និង​ផ្ទាំង​បដា ជាង​៩០%​។​

​ការផ្សាយពាណិជ្ជកម្ម និង​ការផ្សាយ​លើកទឹកចិត្ត​ប្រជាជន​អោយ​សេព​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ចម្បង​ដែល​ទាក់​អារម្មណ៍​ប្រជាជន​ដែល​សេព​ស្រាប់ អោយ​សេព​កាន់តែច្រើន ហើយ​ជំរុញ​ទឹកចិត្ត​អ្នក​មិនចេះ​សេព​អោយ​សាកល្បង​សេព​គ្រឿង​ស្រវឹង​ជាពិសេស​ស្ត្រី យុវជន និង​កុមារ​។​

​យោងតាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​បានអោយដឹងថា ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ប្រើប្រាស់​គ្រឿង​ស្រវឹង​(​គិត​ជា​ជាតិ​អាកុល​សុទ្ធ​)​មាន​ការកើនឡើង ពី​៤,៦​លីត្រ​ក្នុង​មនុស្ស​ម្នាក់​ទៅ ៥,៥​លីត្រ​ក្នុង​មនុស្ស​ម្នាក់​ដោយ​គិត​ក្នុង​ចន្លោះ​ឆ្នាំ​ពី​២០០៥ ដល់ ២០១០​។ ការកើនឡើង​នៃ​ការសេព​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​នាំ​អោយ បញ្ហា​សង្គម​ជាច្រើន​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ជំងឺ​រាប់រយ​មុខ អំពើហិង្សា ការខាតបង់​ថវិកា ការ​បោះបង់​ការសិក្សា ដែល​ជា​កត្តា​ដែល​រារាំង​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ និង​ធនធានមនុស្ស ជាក់ស្តែង​កម្ពុជា​បាន​ខាតបង់​ថវិការ​៤៤​លាន​ដុល្លា​អាមេរិក​នៅ​ឆ្នាំ​២០១១​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។​

ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​នេះ​ប្រទេស​កម្ពុជា​គួរតែ​មាន​វិធានការ​ជាក់លាក់​ណាមួយ​ដើម្បី​រឹតត្បិត​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​បច្ចុប្បន្ននេះ​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​អោយស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​២០៣០​ដែល របស់​អង្គការសហប្រជាជាតិ​ដែល​កម្ពុជា​ក៏​ជា​សមាជិក​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×